រដ្ឋធានីកៀវ៖ សង្គ្រាមរបស់ក្រុងមូស្គូ តាមអ្វីដែលលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានហៅជា «ប្រតិបត្ដិការយោធាពិសេស» នៅលើទឹកដីរបស់អ៊ុយក្រែន អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ បានធ្វើឲ្យជនស៊ីវិល និង ទាហានទាំងសងខាងស្លាប់ និង របួស រាប់សែននាក់ ខណៈក្រុមអ្នកជំនាញអន្ដរជាតិ បានប៉ាន់ប្រមាណ អំពីការខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយប្រទេសអឺរ៉ុបខាងកើត ដែលកំពុងតែហែកហួរ ដោយសារសង្គ្រាមមួយនេះ នឹងត្រូវការចំណាយថវិកា រហូតដល់៤១១ពាន់លានដុល្លារ សម្រាប់កសាងប្រទេសឡើងវិញ។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ ថា បើតាមអគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានចុះផ្សាយ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ទាហានរុស្ស៊ី បានបាត់បង់ជីវិត ចំនួន៣៩០នាក់។ ជាមួយនឹងចំនួនអ្នកស្លាប់ថ្មីនេះ ធ្វើឲ្យរុស្ស៊ី បាត់បង់កងទ័ពរួចមកហើយ កើនឡើង រហូតដល់ ១៧៦ ៦៣០នាក់ ចាប់តាំងពីថ្ងៃផ្ទុះសង្គ្រាមដំបូង នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣។
ប្រភពព័ត៌មានដដែល បានបន្ដ ថា ក្រៅពីនេះ កងទ័ពអ៊ុយក្រែន ក៏បានបំផ្លិចបំផ្លាញគ្រឿងយុទ្ធភណ្ឌរបស់រុស្ស៊ី អស់យ៉ាងច្រើន រួមមាន យន្ដហោះចម្បាំង ចំនួន៣០៦គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន២៩២គ្រឿង, នាវាចម្បាំងតូចធំ ចំនួន១៨គ្រឿង, រថក្រោះ ចំនួន ៣៦៣១គ្រឿង, រថពាសដែក ចំនួន ៧ ០១៣គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ចំនួន ២ ៧១៤គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ចំនួន ៥៣២គ្រឿង, ប្រព័ន្ធកាំភ្លើងប្រឆាំងនឹងយន្ដហោះចម្បាំង ២៨១គ្រឿង និង គ្រឿងសឹកជាច្រើនប្រភេទផ្សេងទៀត។

បើទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែន មិនបានបញ្ជាក់ អំពីកងទ័ពរបស់ខ្លួន ស្លាប់ និង របួស ចាប់តាំងពីការផ្ទុះសង្គ្រាម នាថ្ងៃដំបូង រហូតមកដល់ពេលនេះ។ ដោយឡែក តួលេខទាហានរបស់រុស្ស៊ី ស្លាប់ទាំងនេះ គឺជាការបង្ហាញពីខាងរដ្ឋាភិបាលក្រុងកៀវ តែប៉ុណ្ណោះ។ ចំណែករុស្ស៊ី ក៏មិនដែលបានបញ្ជាក់ អំពីចំនួនទាហានរបស់ខ្លួនស្លាប់ និង របួសនោះដែរ ដោយចាត់ទុក វាជាកិច្ចការសម្ងាត់របស់ជាតិ។ ប៉ុន្ដែបើតាមក្រុមមន្រ្ដីលោកខាងលិច ធ្លាប់អះអាង កាលពីកន្លងទៅនេះ ថា អ៊ុយក្រែន បានរងការខូចខាតទាហាន ស្លាប់ និង របួស ប្រហាក់ប្រហែលនឹងរុស្ស៊ី ដែរ។
ក្រុមមន្រ្ដីជំនាញអន្ដរជាតិ ធនាគារពិភពលោក និង រដ្ឋាភិបាលអ៊ុយក្រែន ធ្លាប់លើកឡើង ថា អ៊ុយក្រែន នឹងត្រូវចំណាយថវិកា រហូតដល់៤១១ពាន់លានដុល្លារអាមេរិក សម្រាប់កសាងប្រទេសឡើងវិញ ក្រោយការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN











