Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ពង្រាយនាវាចម្បាំងនៅជិតតៃវ៉ាន់ ប្រឆាំងនឹងជំនួបរវាងប្រធានសភាអាមេរិកនិងលោកស្រី សៃ

រដ្ឋធានីប៉េកាំង៖ ក្រោយពេលក្រុងប៉េកាំង បានព្រមាន អំពីការសងសឹក ប្រឆាំនឹងជំនួប រវាងប្រធានសភាសហរដ្ឋអាមេរិក និង ប្រធានាធិបតី សៃ អ៊ីង-វ៉ិន នោះមក ឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ ថា ចិនកំពុងតែដាក់ពង្រាយនាវាចម្បាំង នៅជិតកោះតៃវ៉ាន់។

សារព័ត៌មាន CNA បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសា ឆ្នាំ២០២៣ ថា ចិន កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ពង្រាយនាវាចម្បាំង ពាសពេញដែនទឹក នៅជុំវិញកោះតៃវ៉ាន់។ សកម្មភាពយោធារបស់ក្រុងប៉េកាំង បានកើតឡើង ក្រោយពេលចិន បានប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងជំនួប រវាងលោកស្រី សៃ អ៊ីង-វ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ និង លោក ខេវិន ម៉ាកខាធី (Kevin McCarthy) ប្រធានសភាសហរដ្ឋអាមេរិក នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

លោកប្រធានសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ រូបនេះ ក្លាយជាមន្ត្រីជាន់ខ្ពស់ទី៣នៅក្នុងឋានានុក្រមថ្នាក់ដឹកនាំរបស់សហរដ្ឋអាមេរិក និងសមាជិកសភាមកពីសាធារណរដ្ឋ ហើយបក្សប្រជាធិបតេយ្យ បានជួបជាមួយលោកស្រី ប្រធានាធិបតីតៃវ៉ាន់ កាលពីថ្ងៃពុធ នៅក្នុងបណ្ណាល័យប្រធានាធិបតី រ៉ូណាល់ រីហ្គេន (Ronald Reagan) ស្ថិតក្នុងទីក្រុង Simi Valley រដ្ឋកាលីហ្វ័រញ៉ា។

ចិន បានព្រមានម្តងហើយម្តងទៀត ថា កិច្ចប្រជុំ រវាងប្រធានសភាអាមេរិក និង មេដឹកនាំតៃវ៉ាន់ មិនគួរឲ្យកើតឡើងនោះទេ។ ជាការឆ្លើយតប ប្រឆាំងនឹងជំនួប រវាងមេដឹកនាំទាំង២នេះ ក្រុងប៉េកាំង បានដាក់ពង្រាយនាវាផ្ទុកយន្តហោះ ឆ្លងកាត់ដែនទឹក នាភាគអាគ្នេយ៍ កោះតៃវ៉ាន់ អស់រយៈពេលជាច្រើនម៉ោង នៅមុនពេលកិច្ចចរចានេះ។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ថា ចិន បានដាក់ពង្រាយនាវាចម្បាំងចំនួន៣បន្ថែមទៀត នៅក្នុងដែនទឹកពុះចែកកោះតៃវ៉ាន់ ពីចិនដីគោក។ រីឯឧទ្ធម្ភាគចក្រប្រឆាំងនឹងនាវាមុជទឹក ក៏បានឆ្លងកាត់តំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ ផងដែរ។ ក្រៅពីនេះ ចិន បានដាក់ពង្រាយកប៉ាល់ឆ្មាំសមុទ្រ សម្រាប់ការល្បាតខុសពីធម្មតា រហូតបង្កឱ្យមានការតវ៉ា ពីតៃវ៉ាន់។

រហូតមកដល់ពេលនេះ ថ្វីបើតៃវ៉ាន់ បានគ្រប់គ្រងដោយឡែកដោយខ្លួនឯង អស់រយៈពេលជាង៧០ឆ្នាំកន្លងហើយយ៉ាងណាក្ដី ក៏ក្រុងប៉េកាំង នៅតែចាត់ទុកដែនកោះមួយ ជាទឹកដីរបស់ចិន ហើយប្តេជ្ញា ថា នឹងដណ្តើមយកដែនកោះមួយនេះ ដោយកម្លាំងយោធា នៅថ្ងៃណាមួយ ប្រសិនបើចាំបាច់។

ការបញ្ចេញប្រតិកម្មប្រឆាំងរបស់ប្រទេសចិន នាពេលនេះ ក៏មិនមែនជាលើកទីមួយនោះដែរ ព្រោះកន្លងមក ក្រុងប៉េកាំង ធ្លាប់ខឹងសម្បាយ៉ាងខ្លាំង ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ខណៈគាត់នៅកាន់តំណែង ជាប្រធានសភាសហរដ្ឋអាមេរិក បានទៅកាន់កោះតៃវ៉ាន់ ចន្លោះពីថ្ងៃទី២-៣ ខែសីហា ឆ្នាំ២០២២។

ជាមួយនឹងប្រតិកម្មដ៏ខ្លាំងក្លាបែបនេះ ក្រុងប៉េកាំង ក៏បានបញ្ជូនយន្ដហោះយោធា និង នាវាចម្បាំង រាប់សិបគ្រឿង ឡោមព័ទ្ធកោះតៃវ៉ាន់ ចំនួន៦កន្លែង ធ្វើសមយុទ្ធយោធា បាញ់គ្រាប់ពិត។ នៅក្នុងចំណោមមីស៊ីលទាំងនោះ មានមីស៊ីលមួយគ្រាប់ បានធ្លាក់ចូលដែនទឹករបស់ជប៉ុន រហូតធ្វើឲ្យក្រុងតូក្យូ បញ្ចេញប្រតិកម្មយ៉ាងខ្លាំងថែមទៀតផង៕ រក្សាសិទ្ធដោយ ៖ សារាយSN

×