ភ្នំពេញ ៖ លោក ជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល បានជំរុញដល់ភាគីវៀតណាមខេត្តអានយ៉ាង សូមបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែប្រសើរថែមទៀត ដើម្បីឱ្យព្រំដែនប្រទេសទាំងពីរកម្ពុជា-វៀតណាម ក៏ដូចជាព្រំដែនខេត្តកណ្ដាលនិងខេត្តអានយ៉ាង ក្លាយជាបន្ទាត់ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ការលើកឡើងនូវប្រសាសន៍ខាងលើ ធ្វើឡើងអំឡុងពេលដែលប្រតិភូខេត្តអានយ៉ាង អញ្ញើញមកជូនពរ ដល់ថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋខេត្តកណ្តាល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដឹកនាំដោយឯកឧត្តម ជូ តីនគៀត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តអានយ៉ាង កាលពីរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅសាលាខេត្តកណ្ដាល។

បច្ចុប្បន្នគេមើលឃើញថា ខេត្តកណ្តាលប្រទេសកម្ពុជា និងខេត្តអានយ៉ាងប្រទេសវៀតណាម មានទំនាក់ទំនងសេដ្ឋកិច្ចល្អប្រសើរ តាមរយៈច្រកអន្តរជាតិជ្រៃធំ ក្នុងនោះមានការដឹកជញ្ជូនទំនិញស្ទើរគ្រប់ប្រភេទទៅមក ឆ្លងកាត់ព្រំដែននៃខេត្តទាំងពីរជារៀងរាល់ថ្ងៃ។ ក្នុងជំនួបនោះលោកជំទាវក៍បានអរគុណជ្រាលជ្រៅ ដល់ភាគីភាគីវៀតណាម ដែលបានជូនពរក្នុងឱកាសចូលឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំក៍ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាលទាំងមូល។

ជាការឆ្លើយតប ឯកឧត្តម ជូ តីនគៀត បានយល់ស្របទៅនឹងការលើកឡើងរបស់ភាគីខេត្តកណ្ដាល ហើយភាគីខេត្តអានយ៉ាងសន្យា ថានឹងខិតខំជំរុញកិច្ចសហប្រិតបត្តិការរវាងខេត្តទាំង២ឱ្យកាន់តែប្រសើរនិងរឹងមាំថែមទៀត ដោយឈរលើទស្សនៈឯកភាពគ្នា ពិសេសធ្វើខិតខំធ្វើយ៉ាងណាឱ្យព្រំដែននៃខេត្តទាំង២ ក្លាយជាព្រំដែនសន្តិភាព ការអិវឌ្ឍន៍ និងទប់ស្កាត់ឱ្យខានតែបានចំពោះបទល្មើសតាមបន្ទាត់ ដើម្បីផលប្រយោជន៍ដល់ខេត្តទាំងពីរ ពិសេសប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែន ឱ្យមានជីវភាពកាន់តែរីកចម្រើន និងធូរធារ ក្នុងនាមជាអ្នកជិតខាងដ៏ល្អ នៃខេត្តជាប់ព្រំដែនរបស់ប្រទេសទាំង២ផងដែរ៕









