ភ្នំពេញ : នៅទីស្តីការមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពកាលពីរថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២អាជ្ញាធរមីន អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកទេសថែទាំរំសេវនិងគ្រឿងផ្ទុះ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ក្នុងពិធីបិទវគ្គនេះ នាយឧត្តមសេនីយ៍ បានថ្លែងថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានលក្ខណៈសមស្រប និងមានសារៈសំខាន់ណាស់ ក្នុងទិសដៅកសាង ពង្រឹងសមត្ថភាព និងការធ្វើនវានុវត្តន៍ចំណេះដឹង ចំណេះធ្វើ ដល់កម្លាំងមួកខៀវលើជំនាញ បច្ចេកទេសថែទាំគ្រាប់រំសេវនិងគ្រឿងផ្ទុះ ដែលជាតម្រូវការថ្មីមួយបន្ថែមទៀត សំដៅដល់ការចូលរួមចំណែកក្នុងការថែទាំ ការរក្សាទុក និងការធានាបាននូវសុពលភាពគ្រាប់រំសេវនិងគ្រឿងផ្ទុះ ដែលបានអនុញ្ញាឱ្យប្រើប្រាស់ដោយកម្លាំងមួកខៀវក្នុងតំបន់បេសកកម្ម។

នាយឧត្តមសេនីយ៍បានធ្វើការបញ្ជាក់បន្ថែមថា វគ្គហ្វឹកហ្វឺននេះ ពិតជាបានឆ្លើយតបទៅនឹងការស្នើសុំពីអង្គការសហប្រជាជាតិ កាលពីខែមិថុនា ឆ្នាំ២០២២ សម្រាប់បេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។
លោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លើកឡើងថា ភាគីបារាំងបានផ្តល់វគ្គហ្វឹកហ្វឺន ដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទ ទាំងក្នុងនិងក្រៅប្រទេសសរុបចំនួន៨១វគ្គ សរុបសិក្ខាម១៨១នាក់ លើជំនាញ បោសសម្អាតមីន កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (EOD) ប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ (IED) វគ្គនាយទាហានសេនាធិការ សង្កេតការណ៍យោធា វគ្គGPS បំប៉នផ្នែកComputer សង្គ្រោះបឋម អាវុធហត្ថ ដឹកជញ្ជូនគ្រឿងផ្ទុះ បច្ចេកទេសថែទាំរំសេវនិងគ្រឿងផ្ទុះ។

លោកប្រាក់ សុទ្ធ បញ្ជាក់ថា ការហ្វឹកហ្វឺនទាំងនេះ សំដៅបង្កើន និងពអ្រឹងធនធានមនុស្ស មានចំណេះនិងជំនាញ សម្រាប់ឆ្លើយតបទៅនឹងស្ថានការណ៍ប្រឈមនានា ក្នុងតំបន់បេសកកម្ម ដែលកម្ពុជាត្រូវធ្វើការចល័ត។
សូមបញ្ជាក់ឱ្យដឹងដែរថា វគ្គហ្វឹកហ្វឺនខាងលើនេះដែលមានរយៈពេល២សប្តាហ៍ ធ្វើឡើងនៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ នាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើការបណ្តុះបណ្តាលនិងហ្វឹកហ្វឺនដោយយោធាចារ្យបារាំង៕ រក្សាសិទ្ធដោយ : សុវណ្ណារិទ្ធ











