ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ស្ថានីយវិទ្យុ និងទូរទស្សន៍ ចំនួន ៨ បានប្រកាសជួលនិងលក់ម៉ោង ឱ្យគណបក្សនយោបាយ ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ។
នេះបើតាមសេចសក្តីប្រកាសជូនដំណឹងរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍ដែលបានផ្តល់ជូនគ.ជ.ប គិតត្រឹមថ្ងៃទី៥ខែកក្កដានេះ។យោងតាមគោលការណ៍ សម្រាប់ស្ថានីយវិទ្យុ និងទូរទស្សន៍ ក្នុងការលក់ ឬជួលម៉ោងផ្សព្វផ្សាយឲ្យគណបក្សនយោបាយ ដើម្បីធ្វើការផ្សព្វផ្សាយអំពីកម្មវិធីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួន ក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដែលចេញពីដោយ គ.ជ.ប បានកំណត់ថា ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ ត្រូវជូនដំណឹងអំពីការលក់ ឬជួលម៉ោង ផ្សាយនេះទៅគ្រប់គណបក្សនយោបាយទាំងអស់ ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរយៈពេលយ៉ាងតិច៣ថ្ងៃ មុនថ្ងៃចាប់ផ្តើមឃោសនាបោះឆ្នោតហើយសេចក្តីជូនដំណឹងនេះ ត្រូវចម្លងជូនមកគ.ជ.ប ចំនួន១ច្បាប់។
សូមជម្រាបថា គណបក្សនយោបាយទាំងអស់ ដែលមានបំណងទិញ ឬជួលម៉ោងសម្រាប់ការផ្សព្វផ្សាយគោលនយោបាយនិងកម្មវិធីនយោបាយក្នុងអំឡុងពេលឃោសនាបោះឆ្នោត សូមទាក់ទងទៅម្ចាស់ក្រុមហ៊ុន ឬម្ចាស់ស្ថានីយដោយផ្ទាល់៕ ដោយ៖កូឡាប