ភ្នំពេញ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត កាលពីថ្ងៃទី០៧ ខែមេសា បានអញ្ជើញក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយសមាជិក-សមាជិកាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

ថ្លែងក្នុងពិធីឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត សូមអរគុណ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកាទាំងអស់នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលបានរួបរួមគ្នាចូលរួមយ៉ាងសកម្មក្នុងកិច្ចការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាប្រយោជន៍សម្រាប់អនាគតរបស់សិស្ស-និស្សិត ដោយសម្រេចបាននូវសមិទ្ធផលជាច្រើន ចាប់តាំងពីការបង្កើតសមាគមនេះ នាឆ្នាំ២០០៤ ដើម្បីចូលរួមអនុវត្តគោលនយោបាយក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមបណ្ឌិតបានបន្តថា សន្តិភាព និងស្ថិរភាព គឺជាបរិស្ថានអំណោយផលដ៏ធំបំផុតសម្រាប់សង្គមកម្ពុជាទាំងមូល។ ដូចនេះ ភារកិច្ចចម្បងរបស់ប្រជាពលរដ្ឋគ្រប់រូបៗ គឺការបន្តរួបរួមគ្នាថែរក្សាកេរដំណែលដ៏មានតម្លៃមហាសាលនេះ ឱ្យបានគង់វង្សសម្រាប់ជាតិ និងប្រជាជនគ្រប់ជំនាន់តទៅ តាមរយៈការអនុវត្តនូវគោលនយោបាយដ៏ត្រឹមត្រូវ និងឥតងាករេរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សំដៅជំរុញការអភិវឌ្ឍជាតិមាតុភូមិ និងធ្វើយ៉ាងឱ្យប្រជាជនទទួលបាននូវផលសម្រាប់ខ្លួន និងគ្រួសារ ហើយអាចនឹងផ្តល់ផលត្រលប់មកសង្គមជាតិទាំងមូលវិញផងដែរ។
ឯកឧត្តមបណ្ឌិតឲ្យដឹងទៀតថា ក្នុងបរិបទនៃចរន្តសាកលភាវូបនីយកម្ម កម្ពុជាមានតែខិតខំប្រឹងប្រែងក្នុងការពង្រឹងខ្លួន ដើម្បីចូលរួមប្រកួតប្រជែងដោយសេរីនៅលើទីផ្សារក្នុងពិភពលោក។ ក្នុងន័យនេះ ការធ្វើទំនើបកម្មវិស័យមូលធនមនុស្ស គឺចាំបាច់ត្រូវបន្តអនុវត្តជាប់ជាប្រចាំ ដែលក្នុងនេះ ការបន្តទំនើបកម្មវិស័យអប់រំ និងសាលារៀន គឺជាកត្តាអាទិភាពចម្បង ដោយត្រូវពិនិត្យមើលគ្រប់កត្តាពាក់ព័ន្ធ រួមមាន ជាអាទិ៍៖ មេរៀន, កម្មវិធីសិក្សា, វិធីសាស្ត្របង្រៀន, ឧបករណ៍ និងសម្ភារឧបទេស និងគ្រូបង្រៀន។ លើសពីនេះ ការបង្កើតឱ្យមានផ្នែកស្រាវជ្រាវ និងអភិវឌ្ឍនៅតាមគ្រឹះស្ថានឧត្តមសិក្សា គឺជាកត្តាចាំបាច់ សម្រាប់បម្រើដល់តម្រូវការផ្ទាល់ក្នុងការបង្រៀន និងសម្រាប់បម្រើដល់នវានុវត្តន៍របស់ប្រទេសជាតិទាំងមូល ក្នុងការបោះជំហានទៅអនាគតប្រកបដោយភាពច្នៃប្រឌិត ជាក់លាក់ និងសម្បូណ៌បែប។

ចុងបញ្ចប់នៃពិធីនេះឯកឧត្តមបណ្ឌិតហ៊ុន ម៉ាណែត លើកឡើងថា សម្តេចតេជោ និងថ្នាក់ដឹកនាំ សមាជិក-សមាជិការបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ បានខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលដ៏ច្រើនលើសលប់ ជាពិសេសរក្សាបាននូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ការអភិវឌ្ឍជាតិ និងការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ក្នុងន័យនេះ មន្ត្រីបក្សគ្រប់ជំនាន់ត្រូវបេ្តជ្ញាប្រកាន់ខ្ជាប់នូវមាគ៌ាគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស ជាពិសេសលើវិស័យអប់រំ ដើម្បីបន្តបម្រើ និងលើកកម្ពស់កម្រិតមូលធនមនុស្សកម្ពុជា ឱ្យធានាបាននូវការប្រកួតប្រជែងស្មើមុខស្មើមាត់ទាំងនៅកម្រិតតំបន់ និងសាកលលោក៕ រក្សាសិទ្ធដោយ : សុវណ្ណារិទ្ធ

















