ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នេះ បានចេញព្រះរាជក្រឹត្យស្តីពីបទប្បញ្ញត្តិអន្តរកាលសម្រាប់ការពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងារ របស់ចៅក្រមនៃសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍។
ព្រះរាជក្រឹត្យនេះកំណត់អំពីការពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងាររបស់ចៅក្រម និងព្រះរាជអាជ្ញានៅថ្នាក់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ក្នុងគោលបំណងដើម្បីដោះស្រាយសម្រាប់រយៈពេលអន្តរកាល នូវបញ្ហាប្រឈមចំពោះមុខអំពីកង្វះខាតចំនួនចៅក្រម និងព្រះរាជអាជ្ញានៅថ្នាក់តុលាការជាន់ខ្ពស់នេះ សំដៅធានានិរន្តរភាពល្អនៃកិច្ចដំណើរការរបស់ស្ថាប័នតុលាការ និងអង្គការអយ្យការ នៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះចៅក្រម និងព្រះរាជអាជ្ញាដែលកំពុងបម្រើការងារនៅ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ដែលមានអាយុចាប់ពី ៦០ (ហុកសិប) ឆ្នាំ ដល់ ៦៥ (ហុកសិបប្រាំ) ឆ្នាំ។
ចៅក្រមនៃសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ត្រូវចូលនិវត្តន៍នៅពេលដល់អាយុ ៦០ (ហុកសិប) ឆ្នាំ។ ប៉ុន្តែនៅពេលដល់អាយុត្រូវចូលនិវត្តន៍ ចៅក្រមនៃសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ អាចដាក់ពាក្យស្នើសុំពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងារទៀតបាន។ ការពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងារនេះ អាចត្រូវបានអនុញ្ញាតសម្រាប់រយៈពេល ១ (មួយ) ឆ្នាំម្តង ប៉ុន្ដែមិនត្រូវឱ្យលើសអាយុ ៦៥ (ហុកសិបប្រាំ) ឆ្នាំឡើយ។ ការអនុញ្ញាតឱ្យពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងារនេះ ត្រូវធ្វើឡើងដោយផ្អែកលើសមត្ថភាពការងារ គុណសម្បត្តិ និងស្នាដៃការងារដែលបម្រើឱ្យវិស័យយុត្តិធម៌ ព្រមទាំងសុខភាព និងសម្បទាវិជ្ជាជីវៈរបស់សាមីខ្លួនម្នាក់ៗ។
ពាក្យស្នើសុំពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងាររបស់ចៅក្រមនៃសាលាឧទ្ធរណ៍ និងព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ ត្រូវដាក់នៅអគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃ អង្គចៅក្រម ឱ្យបានយ៉ាងតិច ៦០ (ហុកសិប) ថ្ងៃ មុនពេលដល់អាយុចូលនិវត្តន៍ ឬមុនពេលផុតសុពលភាព នៃព្រះរាជក្រឹត្យដែលបានអនុញ្ញាតឱ្យពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងាររបស់សាមីខ្លួន។
អគ្គលេខាធិការដ្ឋាននៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវពិនិត្យជាបឋមអំពីនីត្យានុកូលភាព និងលក្ខខណ្ឌនៃការស្នើសុំពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងាររបស់ចៅក្រម និងព្រះរាជអាជ្ញាដែលមានការពាក់ព័ន្ធ ស្របតាមបទប្បញ្ញត្តិនៃព្រះរាជក្រឹត្យនេះ។
ការអនុញ្ញាតឲ្យពន្យារពេលនៃការចូលនិវត្តន៍ និងការបន្តការងារនេះ ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយសមាជិកទាំងអស់នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
ព្រះរាជក្រឹត្យនេះ មានអានុភាពអនុវត្តសម្រាប់រយៈពេល ១០ឆ្នាំ គិតចាប់ពីថ្ងៃឡាយព្រះហត្ថលេខាតទៅ៕ រក្សាសិទ្ធដោយៈចេស្តារ






