ពិតជានឹកស្មានមិនដល់ថា បន្ទាប់ពីដកខ្លួនឆ្ងាយពីសិល្បៈមួយរយៈធំ ស្រាប់តែថ្ងៃនេះ គេឃើញមានការចែករំលែកយ៉ាងព្រោងព្រាត ពីជីវិត របស់តារាចម្រៀងដ៏ល្បីល្បាញក្នុងកំលុងចន្លោះឆ្នាំ ២០០៣ និង ២០០៥ គឺលោក ចាន់ សម័យ បានធ្លាក់ខ្លួនយ៉ាងខ្លាំង ដល់ថ្នាក់ប្រកបរបរនេសាទត្រីចិញ្ចឹមជីវិត ។
ជាការពិតណាស់ លោក ចាន់ សម័យ បានអន្ទងចិត្តយុវវ័យនាងកំលុងឆ្នាំ ២០០៣ និង ២០០៥ ឱ្យជាប់ចិត្តជាមួយបទចម្រៀងជាច្រើនរបស់លោកដែលមានដូចជាបទ «មិនស្រឡាញ់អូនមិនបាន» «ស្តង់ដាស្រីស្អាត» «សុំមេមាន់» ព្រមទាំងមានបទញាក់ និងកន្ទ្រឹមជាច្រើនបទទៀត ដែលធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោកល្បីល្បាញយ៉ាងខ្លាំង ។
ក្រោយមកគេដឹងថា អ្នកចម្រៀងសំឡេងស្រទន់ខាងលើនេះ បានដកខ្លួនពីសិល្បៈ ដោយគេដឹងថា លោកបានទៅបោះទន់រកស៊ីជាគ្រួសារ ហើយមិននឹកស្មានថា ពេលនេះស្ថានភាពរបស់លោកប្រែជាយ៉ាប់យ៉ឺន សូម្បីសម្រស់ដែលធ្លាប់ស្រស់សង្ហា ប្ដូរមកជាសម្បុរស្រអាប់ខ្មៅមើលសឹងតែមិនស្គាល់ ។ សូមបញ្ជាក់ថា បើតាមប្រភពជិតស្និទ្ធរបស់លោក ចាន់ សម័យ បានឱ្យដឹងថា បច្ចុប្បន្នលោកកំពុងមានជំងឺប្រចាំកាយ ឆួលក្ដៅចង្កេះខ្នង ពុំរសាយឡើយ ៕ សាវុធ