រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ បាន និង កំពុងតែបំផ្លិចបំផ្លាញប្រទេសអឺរ៉ុបខាងកើតមួយនេះយ៉ាងខ្លាំង ប៉ុន្ដែបើតាមការវិភាគរូបភាព ពីផ្កាយរណប បានបង្ហាញ ថា កម្លាំងទាហានរបស់រុស្ស៊ី កំពុងតែពង្រឹងនូវកិច្ចការពារយ៉ាងខ្លាំង នៅលើឧបទ្វីគ្រីមៀ (Crimea) ដោយសារតែមានការរំពឹងទុកជាមុន ថា ក្រុងកៀវ នឹងបើកការវាយប្រហារ ដណ្ដើមកាន់កាប់ឧបទ្វីបរបស់ខ្លួន យកមកគ្រប់គ្រងវិញ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៩ ខែមេសា ឆ្នាំ២០២៣ ថា ក្រុមអ្នកជំនាញ បានបញ្ជាក់ ថា កិច្ចការពារឧបទ្វីបគ្រីមៀ ទំនងជាធ្វើឲ្យមានការខិតខំប្រឹងប្រែងកាន់តែលំបាកឡើង និង មានការបង្ហូរឈាមយ៉ាងខ្លាំង សម្រាប់អ៊ុយក្រែន ដើម្បីរឹបអូសទឹកដីរបស់ខ្លួន យកមកគ្រប់គ្រងវិញ។
រុស្ស៊ី បានរឹបអូសឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន នៅក្នុងអំឡុងឆ្នាំ២០១៤ ដោយមិនមានការបង្ហូរឈាម ពោលគឺមានរយៈពេល៨ឆ្នាំ មុនពេលក្រុងមូស្គូ បានបើកការឈ្លានពានយ៉ាងពេញទំហឹង ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្ដែសង្គ្រាម អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ ក្រុមអ្នកនយោបាយ និង យោធារបស់អ៊ុយក្រែន បានបញ្ជាក់យ៉ាងច្បាស់ ថា ក្រុងកៀវ បានកំណត់ អំពីជ័យជម្នះ លើការដណ្តើមយកព្រំដែន នាឆ្នាំ១៩៩១របស់ខ្លួន ក្រោយពេលទទួលបានឯករាជ្យ ត្រឡប់មកវិញ ចាប់តាំងពីសហភាពសូវៀត ដួលរលំ ខណៈរុស្ស៊ី បានទទួលស្គាល់។ ស្របគ្នានេះដែរ អង្គការសហប្រជាជាតិ និង សម្ពន្ធមិត្តលោកខាងលិចទាំងអស់របស់អ៊ុយក្រែន ក៏ទទួលស្គាល់ព្រំដែនទាំងនោះ ដោយរាប់បញ្ចូលទាំងគ្រីមៀ ផងដែរ។

បើតាមព័ត៌មានស៊ើបអង្កេត បានរកឃើញ ថា ចន្លោះពីខែកុម្ភៈ និង ខែមីនា ព្រំដែនគ្រីមៀ និង តំបន់ជុំវិញ បានប្រែក្លាយជារបាំងការពារ ដោយមានការរំពឹងទុក ថា អ៊ុយក្រែន នឹងបើកការវាយលុកទ្រង់ទ្រាយធំ ដើម្បីដណ្ដើមកាន់កាប់ទឹកដីរបស់ខ្លួន យកមកគ្រប់គ្រងវិញ។ ចំណែករុស្ស៊ី បានបង្កើតលេណដ្ឋាន និង ប្រព័ន្ធការពារ នៅតាមភូមិនានា នៅលើឧបទ្វីបគ្រីមៀ។ ការបង្កើតលេណដ្ឋាន និង មូលដ្ឋានកងទ័ព ក៏បានកើតឡើង នៅក្នុងអំឡុងពេលនេះផងដែរ។
បើតាមរូបភាព ដែលថត កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ក៏បានបង្ហាញ ថា អាជ្ញាធរ នៅឧបទ្វីគ្រីមៀ បានបង្កើតរបាំងការពារ សម្រាប់កងទ័ពប្រចាំសមុទ្រខ្មៅ នៅកំពង់ផែសេវ៉ាស្ដូប៉ូល (Sevastopol) ដោយមានការបង្កើតសំណង់ថ្មី និង ហេដ្ឋារចនាសម្ព័ន្ធជាច្រើនផ្សេងទៀត នៅក្នុងតំបន់កំពង់ផែនោះ។ ជាមួយគ្នានេះ ក៏មានការឃោសនាស្វែងរកកម្មករ សម្រាប់សាងសង់បន្ទាយ ដោយបានបង្ហាញ នៅលើគេហទំព័រការងាររបស់រុស្ស៊ី នៅឧបទ្វីបគ្រីមៀ កាលពីប៉ុន្មានខែកន្លងមកនេះ។ បញ្ហានេះ ធ្វើឲ្យក្រុមអ្នកវិភាគជាច្រើន យល់ឃើញ ថា កង្វះខាតកម្លាំងពលកម្ម អាចជាហេតុផលដ៏សំខាន់ ធ្វើឲ្យលេណដ្ឋានទាំងនេះ មិនមានប្រសិទ្ធភាពពេញលេញ។

ដោយឡែក ខ្សែត្រៀមការពារថ្មីរបស់រុស្ស៊ី បានប្រើប្រាស់សណ្ឋានដី និង ភូមិដែលមានស្រាប់ នៅតាមបណ្តោយផ្លូវជាតិនានា។ ចំណុចនេះ បានបង្ហាញថា រុស្ស៊ី កំពុងតែពង្រឹងនូវកិច្ចការពារឧបទ្វីបគ្រីមៀយ៉ាងខ្លាំង។ រុស្ស៊ី គិតថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នឹងវាយប្រហារ ដណ្ដើមកាន់កាប់ទឹកដីរបស់ពួកគេ យកទៅគ្រប់គ្រងវិញ។
កាលពីខែកញ្ញា ឆ្នាំ២០២២ អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន លោក វ៉ាឡេរី ហ្សាលូស្នី (Valery Zaluzhnyi) និង លោកឧត្តមសេនីយ៍ឯក មីខៃឡូ ហ្សាប្រូដស្គី (Mykhailo Zabrodskyi) បានសរសេរឯកសារយុទ្ធសាស្ត្រមួយ ដោយពិពណ៌នា ថា ឧបទ្វីបគ្រីមៀ ជាចំណុចកក្ដៅ សម្រាប់ការលុកលុយរបស់រុស្ស៊ី មកលើ អ៊ុយក្រែន ហើយវាជាទឹកដីមួួ សម្រាប់ជំរុញឲ្យរុស្ស៊ី គំរាមកំហែងមកលើអ៊ុយក្រែន ជារៀងរហូត។ គ្រីមៀ នៅតែជាមូលដ្ឋាន សម្រាប់ខ្សែត្រៀមទំនាក់ទំនងផ្នែកយុទ្ធសាស្ត្រ នាភាគខាងត្បូង សម្រាប់ការឈ្លានពានរបស់រុស្ស៊ី។ ទឹកដីឧបទ្វីបមួយនេះ ក៏ជាចំណុចដ៏សំខាន់ សម្រាប់ការដាក់ពង្រាយកងទ័ព និង ការផ្គត់ផ្គង់ធនធានសម្ភារយោធារបស់រុស្ស៊ី ផងដែរ។
ក្រុមឧត្តមសេនីយ៍យោធាជាច្រើន ក៏បានអះអាង ថា អ៊ុយក្រែន នឹងត្រូវការកងពលតូចយោធា ចន្លោះពី១០ទៅ២០កងពលតូច អាស្រ័យលើផែនការ និង មហិច្ឆតារបស់មេបញ្ជាការរបស់អ៊ុយក្រែន ។ បញ្ហានេះ អាចនឹងធ្វើឡើង ដោយផ្តាច់មុខ ជំនួសប្រភេទអាវុធសំខាន់ៗ សម្រាប់កងពលតូច ដែលមានស្រាប់ ជាមួយនឹងអាវុធទំនើបៗ ត្រូវបានផ្តល់ឲ្យ ដោយលោកខាងលិចរបស់អ៊ុយក្រែន ។

កាលពីចុងខែមករា កន្លងទៅនេះ សម្ពន្ធមិត្តលោកខាងលិច បានសម្រេចចិត្តដ៏សំខាន់មួយ ជួយផ្គត់ផ្គង់នូវអាវុធវាយលុក ដល់អ៊ុយក្រែន ដោយសន្យាថា នឹងផ្តល់រថក្រោះប្រយុទ្ធធុនធ្ងន់ ចំនួន ២៥៨គ្រឿង និង រថពាសដែករាប់រយគ្រឿង។ ប៉ុន្តែរថក្រោះទាំងនោះ គឺស្មើនឹងការបំពាក់ដល់កងពលតូចត្រឹមតែចំនួន៣ប៉ុណ្ណោះ នៅក្នុងកងទ័ពណាតូ ហើយរហូតមកដល់ពេលនេះ មានត្រឹមតែប្រហែលបួនដប់គ្រឿងប៉ុណ្ណោះ ត្រូវបានបញ្ជូនដល់ដៃរបស់កងទ័ពអ៊ុយក្រែន។
ដោយឡែក លោកឧត្ដមសេនីយ៍ ម៉ាក មីលឡេ (Mark Milley) នាយអគ្គសេនាធិការចម្រុះរបស់កងទ័ពសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ការបណ្ដេញកម្លាំងទាហានរុស្ស៊ី ចេញពីទឹកដីរបស់អ៊ុយក្រែន ទាំងស្រុង រួមទាំង ឧបទ្វីបគ្រីមៀ ផងដែរ គឺជាកិច្ចដ៏លំបាកបំផុត សម្រាប់យោធាអ៊ុយក្រែន៕ រក្សាសិទ្ធដោយ ៖ សារាយSN





















