Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ខឹងជំនួបរបស់មេដឹកនាំក្រុងតៃប៉ិ និងប្រធានសភាអាមេរិក បន្ដធ្វើសមយុទ្ធឡោមព័ទ្ធតៃវ៉ាន់

ទីក្រុងតៃប៉ិ៖ នៅក្នុងជំនួបរវាងមេដឹកនាំក្រុងតៃប៉ិ និង ប្រធានសភារបស់សហរដ្ឋអាមេរិក បានធ្វើឲ្យក្រុងប៉េកាំងខឹងសម្បាយ៉ាងខ្លាំង ហើយចិន បានបញ្ជូនយន្តហោះចម្បាំង ចំនួន៥៨ គ្រឿង និង នាវាចំនួន១១គ្រឿង ធ្វើសមយុទ្ធយោធា ឡោមព័ទ្ធដែនកោះមួយនេះ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី៩ ខែមេសា ថា កងទ័ពចិន បានរៀបចំនូវការក្លែងវាយប្រហារដ៏ជាក់លាក់រួមគ្នាមួយ សំដៅទៅលើគោលដៅសំខាន់ៗ នៅលើកោះតៃវ៉ាន់។ សមយុទ្ធរបស់ចិន អស់រយៈពេល២ថ្ងៃនេះ បានធ្វើឡើងនៅជិតកោះតៃវ៉ាន់ ដោយបានបង្ហាញនូវប្រតិកម្ម ប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អ៊ីងវ៉ិន (Tsai Ing-wen) នៅលើទឹកដីរបស់សហរដ្ឋអាមេរិក។

ក្រសួងការពារជាតិតៃវ៉ាន់ បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ ថា ក្រុងតៃប៉ិ បានរកឃើញនាវាចម្បាំងរបស់ចិន ចំនួន១១ និង យន្តហោះចំនួន៧០គ្រឿង កំពុងតែធ្វើសកម្មភាព នៅជុំវិញដែនកោះរបស់ខ្លួន។ តៃវ៉ាន់ កំពុងឆ្លើយតបទៅនឹងសមយុទ្ធយោធារបស់ចិន នៅក្នុងលក្ខណៈស្ងប់ស្ងាត់ ខណៈយន្តហោះចម្បាំងរបស់ចិន បានរកឃើញរហូតដល់ម៉ោង៤រសៀល (វេលានៅក្នុងតំបន់) ដោយរួមទាំងយន្តហោះចម្បាំង និង យន្តហោះទម្លាក់គ្រាប់បែកចម្រុះ ផងដែរ។

ក្រុងប៉េកាំង តែងតែទាមទារកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ជាទឹកដីរបស់ចិន។ ដោយឡែក ការធ្វើសមយុទ្ធយោធារបស់ចិន អស់រយៈពេល៣ថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ នេះ បានចាប់ផ្ដើម កាលពីថ្ងៃសៅរ៍នេះ បានកើតឡើង រយៈពេលមួយថ្ងៃ ក្រោយពេលលោកស្រី Tsai Ing-wen បានវិលត្រឡប់ មកពីសហរដ្ឋអាមេរិក ជាកន្លែងដែលលោកស្រី បានជួបជាមួយប្រធានសភាសហរដ្ឋអាមេរិក លោក ខេវិន ម៉ាកខាធី (Kevin McCarthy)។

បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋចិន បានរាយការណ៍ ថា ការល្បាតត្រៀមប្រយុទ្ធ និង សមយុទ្ធ នៅជុំវិញកោះតៃវ៉ាន់ កំពុងបន្ត។ ប្រតិបត្ដិការយោធានេះ បានធ្វើឡើង ក្រោមបញ្ជាការចម្រុះរបស់មជ្ឈមណ្ឌលបញ្ជាប្រតិបត្តិការរួមគ្នា ដោយមានអង្គភាពជាច្រើន ចូលរួម ហើយបានក្លែងជាការវាយប្រហារដ៏ជាក់លាក់រួមគ្នា ផ្ដោតលើគោលដៅសំខាន់ៗ នៅលើកោះតៃវ៉ាន់ និង តំបន់សមុទ្រជុំវិញ ហើយបន្តរក្សាឥរិយាបថ វាយលុក នៅជុំវិញដែនកោះមួយនេះ។

ក្រសួងការពារជាតិតៃវ៉ាន់ បានសង្កត់ធ្ងន់ ថា «តៃវ៉ាន់ កំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង លើសកម្មភាពយោធារបស់ក្រុងប៉េកាំង ជាពិសេស កងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនចិន ដែលទទួលបន្ទុក លើប្រព័ន្ធមីស៊ីលរបស់ចិន។ កងទ័ពតៃវ៉ាន់ បានតាមដានយ៉ាងខ្លាំងជាមួយនឹងតាមរយៈប្រព័ន្ធស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និង ការឈ្លបយកការណ៍ ហើយកងទ័ពការពារដែនអាកាសរបស់ក្រុងតៃប៉ិ កំពុងតែស្ថិតក្នុងការប្រុងជើងការខ្ពស់បំផុត សម្រាប់ឆ្លើយតបវិញ»៕ រក្សាសិទ្ធដោយ ៖ សារាយSN

×