ភ្នំពេញ ៖ មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំថោះ នឹងគោចរមកដល់នាវេលាម៉ោង១៦:០០នាទី ថ្ងៃ៩រោច ខែចេត្រ ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ត្រូវបានគ្រូហោ តារាសាស្ត្រ ហុងស៊ុយមួយចំនួន បានផ្ដល់ក្ដីសង្ឃឹមថា នឹងនាំមកនូវសិរីសួស្ដី ជ័យមង្គល វិបុលសុខប្រការ មហាប្រសើរ ជូនដល់បងប្អូនប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រកបដោយសេរីភាពក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ។
វេលាចូលឆ្នាំថោះ ធាតុឈើរួមជាមួយធាតុទឹក គឺខ្យល់នាំធាតុទឹកបរិសុទ្ធចុះមកផែនដីមានអំណាចខ្លាំងជួយផ្ដល់ភាពត្រជាក់ត្រជំដល់បងប្អូនប្រជាជន។ ទន្ទឹមគ្នានេះ បងប្អូនប្រជានុរាស្ត្រ ត្រូវរៀបចំសម្អាតផ្ទះសម្បែង តុបតែងភ្លើងពណ៌ ផ្កាភ្ញី ឱ្យបានស្រស់បស់សម្រាប់ទទួលទេវតា ព្រះនាង កិមិរាទេវី ជាបុត្រី ទី៦ របស់កបិលមហាព្រហ្ម ដែលនឹងយាងមកកាន់ជម្ពូទ្វីបរក្សាមនុស្សលោក។

ទន្ទឹមនឹងនេះ យើងត្រូវស្វែងយល់ពីការរៀបចំការសែន និងរណ្ដប់តង្វាយផ្សេងៗទទួលទេវតា, ការរៀបចំទទួលទេវតា ត្រូវមានរបៀបរៀបរយផងដែរ បើមានតិចតួច ធ្វើតាមតិចតួច បើមានធំដុំធ្វើតាមធំដុំ ប៉ុន្តែត្រូវដឹងពីរបៀបរៀបឱ្យមានជោគសិរី ទាំងប្រជាជនខ្មែរ និងកូនចៅខ្មែរកាត់សែស្រឡាយចិន ហោថា ហុងស៊ុយ នោះ ត្រូវរៀបដូចជា ÷
១- ត្រូវសែនទេវតាមុខផ្ទះ មានធំរៀបចំតាមធំ មានតិចតួចរៀបចំតាមតិចតួច ដាក់កម្រាលពណ៌ក្រហម ឬ
បៃតង ឬផ្កាឈូក ឬប្រផេះ ឬពណ៌.ស ឬពណ៌ចម្រុះចេញស្វាយក៏បាន , ២- ទេវតាជំនាងផ្ទះ និង ៣- សែនទេវតាចង្ក្រាន, ដើម្បីឱ្យជួយគ្រប់គ្រងផ្ទះរបស់យើងឱ្យបានល្អ និងលើករាសីមនុស្សនៅក្នុងផ្ទះរបស់យើង ឱ្យមានសំណាងល្អ កុំឱ្យមានជំងឺតម្កាត់ ជួបគ្រោះអាក្រក់ផ្សេងៗ។

តាមក្បួនហុងស៊ុយ ផ្ទះដែលបែរមុខទៅទិសត្បូង ត្រូវប្រើកម្រាលតុពណ៌ក្រហម និងពណ៌លឿង ឯផ្ទះបែរមុខទៅទិសលិច ទិសកើត និងទិសខាងជើង គឺត្រូវប្រើកម្រាលតុពណ៌បៃតង។
សូមបញ្ជាក់ថា ឆ្នាំថោះនេះ គឺទេពធីតា ព្រះនាម កិមិរាទេវី ជាបុត្រី ទី៦ របស់កបិលមហាព្រហ្ម ទ្រង់យាងមកកាន់ជម្ពូទ្វីបដើម្បីរក្សាមនុស្សលោក ដោយទ្រង់អម្ពរពណ៌ស សៀតផ្កាចង្កុលណី សោយចេកណាំវ៉ាជាភក្សាហារ អាវុធស្តាំព្រះខ័ន ឆ្វេងកាន់ពិណ និងគង់លើពាហនៈ សត្វក្របី។
របៀបសែន រៀបរណ្ដាប់តង្វាយទទួលទេវតា មាន ធូប ទៀន ផ្លែឈើ គ្រឿងភត្តាតាហារ ផ្កាភ្ញីផ្សេងៗ និងដើមរាសី, ប៉ុន្តែត្រូវយល់អំពីផ្លែឈើដែលនាំលាភសំណាងផងដែរ ដូចជា ÷
១ ក្រូចពណ៌លឿង : តំណាងឱ្យសន្លឹកមាស ឬដុំមាស និងភាពរីករាយ រុងរឿង,
២- ផ្លែមៀន : តំណាងឱ្យភាពរកស៊ីមានបាន ក្រុមគ្រួសារមានមនោសញ្ចេតនាផ្អែមល្ហែម ផ្អែមឆ្អិត,
៣- ផ្លែប៉ោម : តំណាងឱ្យក្រុមគ្រួសារស្រឡាញ់គ្នាប្រកបដោយសេចក្ដីសុខ និងភាពចម្រុងចម្រើន,
៤- ផ្លែឪឡឹក : តំណាងឱ្យការជួបជុំក្រុមគ្រួសារសប្បាយរីករាយ ព្រោះតែឪឡឹកធ្វើជាបង្អែមក៏បាន ទទួលទានជាមួយបាយក៏បាន និងមានគ្រាប់ច្រើនអាចកើតកូនពូនជាចៅ,

៥- ទំពាំងបាយជូរ : តំណាងឱ្យភាពរីករាយក្នុងក្រុមគ្រួសារ មានការចូលចិត្តពីអ្នកផងទាំងឡាយ និងជាការប្រមូលផ្ដុំកម្លាំងសាមគ្គី,
៦- ផ្លែទទឹម : តំណាងឱ្យត្បូង-ពេជ្រមានតម្លៃ រស្មីត្រចះត្រចង់ក្នុងក្រុមគ្រួសារ សេចក្ដីសុខសប្បាយ ឈ្នះអស់មាសសត្រូវ ឈ្នះអស់អមនុស្សអាក្រក់ៗ,
៧- ចេកណាំវ៉ា : តំណាងឱ្យភាពផ្អែមត្រជាក់ក្នុងគ្រួសារ, ចៀសផុតពីជំងឺតម្កាត់ផ្សេងៗ និងជួយរំលឹកដល់បារមីវត្ថុស័ក្ដិសិទ្ធក្នុងផ្ទះឱ្យផ្ដល់ឫទ្ធិអំណាច តេជះរុងរឿង។ ម៉្យាង ឆ្នាំថោះនេះ ព្រះនាង កិមិរាទេវី ទ្រង់សោយចេកណាំវ៉ាជាភក្សាហារទៀតផង។
គ្រឿងទឹក ឬភេសជ្ជៈ រួមមាន ទឹកបរិសុទ្ធ ទឹកតែ ទឹកក្រូច ស្រា.ស , ឯគ្រឿងចម្អាប មានដូចជា មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ ជ្រូកខ្វៃ (តាមលទ្ធភាពបើមាន) , នំពងទា ឬ នំឡើងផ្សេងៗ។
ប្រសិនបើបងប្អូនប្រជារាស្ត្រខ្មែរអាចធ្វើបាន ដើម្បីជោគជតារាសីជួបសំណាងល្អកាន់តែខ្លាំងក្លានោះ ចូររៀបចំខ្លួននូវសម្លៀកបំពាក់ពណ៌ផ្សេងៗ ដូចជា ÷

១- ឆ្នាំជូត គួរពាក់អាវពណ៌ខៀវ ផ្ទៃមេឃ ប្រផេះក៏បាន។
២- ឆ្នាំឆ្លូវ អាចពាក់អាវពណ៌ប្រផេះ ខៀវ ស ឬកាហ្វេ និងស្លែ។
៣- ឆឆ្នាំខាល ពណ៌ខៀវខ្ចី ផ្ទៃមេឃ ប្រផេះ និងត្នោត។
៤- ឆ្នាំថោះ ពណ៌ខៀវ ផ្ទៃមេឃ និងប្រផេះ ពណ៌.ស និងពណ៌ទឹកមាស។
៥- ឆ្នាំរោង ពណ៌ប្រផេះ និងទឹកប៊ិច។
៦- ឆ្នាំម្សាញ់ ពណ៌បៃតង ត្នោត បៃតងចាស់ និងផ្ទៃមេឃ។
៧- ឆ្នាំមមី ពណ៌បៃតងខ្ចី ផ្ទៃមេឃ និងពណ៌ស្លែ។
៨- ឆ្នាំមមែ ពណ៌ប្រផេះ ត្នោត និងខៀវចាស់។
៩- ឆ្នាំវក ពណ៌ប្រផេះ ក្រហម លឿង និងពណ៌ទឹកក្រូច។
១០- ឆ្នាំរកា ពណ៌ប្រផេះ ក្រហម ទឹកក្រូច និងផ្កាឈូកខ្ចី។
១១- ឆ្នាំ ច ពណ៌ប្រផេះ បៃតងចាស់ ត្នោត និងខៀវចាស់។
១២- ឆ្នាំ កុរ ពណ៌ទឹកប៊ិច ផ្ទៃមេឃ និងប្រផេះក៏បាន។

អ្វីដែលគួរឱ្យគាត់សម្គាល់ និងចាប់អារម្មណ៍យ៉ាងខ្លាំងទៀតនោះ គឺរាជរដ្ឋាភិបាល បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធរៀបចំតុបតែង ភ្លើងពណ៌ ផ្កាភ្ញី សន្តិសុខសណ្ដាប់ធ្នាប់ និងរៀបចំសង្ក្រាន្តឆ្នាំថ្មីធ្វើយ៉ាងណាឱ្យបានគគ្រឹកគគ្រេង និងសប្បាយក្រៃលែងជូនបងប្អូនប្រជារាស្រ្ត។
ជូនពរឆ្នាំថ្មី សូមបងប្អូនប្រជានុរាស្រ្តខ្មែរទាំងក្នុង និងក្រៅប្រទេសទាំងអស់ សូមជួបនូវព្រះពរ មហាថ្លៃថ្លាទាំង ៥ ប្រការ គឺអាយុ វណ្ណៈសុខៈ ពលៈ និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ៕ រក្សាសិទ្ធដោយ ៖ពិសិដ្ឋ CEN
































