សៀមរាប ៖ ឆ្លើយតបនឹងអ្វីដែលរាជរដ្ឋាភិបាល បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធរៀបចំតុបតែង ភ្លើងពណ៌ ផ្កាភ្ញី សន្តិសុខសណ្ដាប់ធ្នាប់ និងរៀបចំសង្ក្រាន្តឆ្នាំថ្មីនៅតាមមូលដ្ឋាន ជាពិសេសនៅលើទឹកដីអង្គរ ធ្វើយ៉ាងណាឱ្យបានគគ្រឹកគគ្រេង និងសប្បាយក្រៃលែងជូនបងប្អូនប្រជារាស្រ្តនោះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញក្តីរំពឹងថា នឹងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមទស្សនាយ៉ាងច្រើនកុះករ នៅខួបទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ។

អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំពីក្ដីរំពឹងបែបនេះ នៅក្នុងសន្និសីទសារពត៌មានមួយ ធ្វើឡើងនាថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ក្នុងបរិវេណភូមិខ្ញុំ ដែលស្ថិតនៅខាងជើងប្រាសាទបាយ័ន។
ឯកឧត្ត ហ៊ុន ម៉ានី បានបង្ហាញថា ទាក់ទិននឹងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ យើងឃើញថា មានសណ្ឋាគារធំៗមួយចំនួនបានបើកទ្វារហើយទទួលបានការកក់បន្ទប់ឡើងដល់ ៩០ភាគរយទៅហើយ និងផ្ទះសំណាក់នៅក្នុងក្រុងសៀមរាប ត្រូវបានកក់ចន្លោះ ៨០ភាគរយផងដែរ។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកទទួលបន្ទុករៀបចំអង្គរសង្ក្រាន្តរូបនេះ បានបន្តថា ខួបទី១០ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺជាការរួមចំណែកមួយជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីលើកទឹកចិត្តដល់សុខដុមរមនា សេចក្ដីសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំថោះប្រពៃណីខ្មែរ និងអបអរសាទរដល់ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងចាប់ផ្ដើមនៅពេលខាងមុខឆាប់ៗនេះ។
ការរៀបចំខួបទី១០នៃអង្គរសង្ក្រាន្តនេះដែរ ក៏ត្រៀមដាក់តាំងនូវកំណត់ត្រាជាប្រវត្តិសាស្ត្រ ដែលបានទទួលស្គាល់ពីអន្តរជាតិ ដូចជា ÷ អន្សមយក្ស មួកយក្ស ការរាំចង្វាក់ម៉ានីហ្សូន ក្រម៉ាដែលវែងជាងគេ និងចាប៉ីដងវែង ព្រមទាំងល្បែងរបាំប្រពៃណី និងប្រជាប្រិយជាច្រើនទៀត។

អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី បានបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលបានរៀបចំកន្លងមក និងនៅឆ្នាំ២០២៣នេះ គឺដើម្បីលើកស្ទួយវប្បធម៌ប្រពៃណី និងរចនាបទខ្មែរ ក្នុងនោះដែរ នៅទីតាំងនីមួយៗ បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលគ្រប់រចនាបទទាំងអស់ ក្រុមការងារតែងតែគិតគូរពីសម័យកាល, សំលៀកបំពាក់បែបណា, ល្បែងរបាំប្រជាប្រិយរបៀបណា, ហើយមុននឹងសាងសង់ក៏បានពិគ្រោះយោបល់ ជាមួយអ្នកគ្រូលោកគ្រូនៅសាលាវិចិត្រសិល្បៈ ឱ្យបានស្របទៅនឹងដំណាក់កាលនៃព្រឹត្តិការណ៍មួយស្ដីពីប្រពៃណីជាតិខ្មែរ, ដូច្នេះហើយ រចនាបទស្ទើរតែទាំងស្រុងនៅក្នុងក្របខ័ណ្ឌអង្គរសង្ក្រាន្ត គឺយកគំរូទៅតាមអ្វីដែលជារចនាបទខ្មែរ ប៉ុន្តែនៅកន្លែងខ្លះក៏មានការកែច្នៃប្រឌិតបន្តិចបន្តួចផងដែរ។

គួរកត់សម្គាល់ថា ភ្ញៀវទេសទេសចរអន្តរជាតិ ដែលចូលមកទស្សនាប្រទេសកម្ពុជានាពេលនេះ គឺបានទទួលការសប្បាយក្នុងព្រឹត្តិការណ៍ជាច្រើនចាប់តាំងពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ អង្គរសង្ក្រាន្ត រហូតដល់ព្រឹត្តិការណ៍ ស៊ីហ្កេម និងអាស៊ានប៉ារ៉ាហ្គេម នៅខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ ជាបន្តជាបន្ទាប់៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN























