ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹទ្ធសភាបានឯកភាពទាំងស្រុង លើសេចក្ដីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងឡាវ

ភ្នំពេញ: អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្ដីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ទាំងមូលដោយឥតកែប្រែចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ ការពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់នេះ ក្នុងសម័យប្រជុំលើកទី១០ នីតិកាលទី៤ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ក្រោមអធបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៨រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈតែមួយគឺ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

សេចក្តីព្រាងច្បាប់នេះត្រូវបានតាក់តែងឡើង ក្នុងគោលបំណងកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែង ឈរលើមូលដ្ឋាននៃការ គោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដីគ្នា គោរពផលប្រយោជន៍គ្នាទៅវិញ ទៅមក និងដើម្បីបង្កើនឥតឈប់នូវ ទំនាក់ទំនងជិតខាងល្អ សាមគ្គីភាពជាប្រពៃណី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងការខិតខំបោះបង្គោលព្រំដែន ។
សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺជាកំណត់ត្រាទទួលយកលទ្ធផលនៃការត្រួតពិនិត្យខ្សែព្រំដែនរួម ប្រមាណជា៨៦% ដែលប្រទេសទាំងពីរសម្រេចបានលើការងារព្រំដែន និង ដែលត្រូវបានប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជានិងឡាវបានចុះហត្ថលេខា នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលកន្លងទៅ ។

សន្ធិសញ្ញានេះ ក៏ជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្រ្តដ៏មានសារៈសំខាន់បំផុតមួយ ដែលព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការលើ ខ្សែព្រំដែនដែលអាណានិគម បានបន្សល់ទុកឱ្យ បន្ទាប់ពីប្រទេសទាំងពីរ ទទួល បានឯករាជ្យ ជាឯកសារផ្លូវការមូលដ្ឋានដ៏សំខាន់បំផុត ក្នុងការបន្តរកដំណោះស្រាយតំបន់ព្រំដែននៅសល់ប្រមាណជាង ១៤%ទៀត ដែលភាគីទាំងពីរមិនទាន់សម្រេចបាន និងជាឯកសារគ្រឹះការពារបានបូរណភាពទឹកដីកម្ពុជា ដោយមានខ្សែព្រំដែនមួយច្បាស់លាស់ ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ចំនួន ១០៥សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ។

ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ២រូប បានឡើងមានយោបល់រួចមក ឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មការចម្រុះកិច្ចការព្រំដែន បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន ៥៨សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕ រក្សាសិទ្ធដោយ : ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម