ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម ខិតខំពង្រឹងគុណភាពការផលិតសម្រាប់ក្នុងស្រុក និងនាំចេញ

ភ្នំពេញ ៖ ជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ចនៅកម្ពុជា នារសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានវាយតម្លៃខ្ពស់ថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ជាប្រភពចម្បងនៃការបង្កើតការងារច្រើន ជាថ្នាលបង្កើតទ្រព្យសម្បត្តិជាតិ និងជាតួអង្គដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបង្រួមវិសមភាពសេដ្ឋកិច្ចជូនប្រជាជនកម្ពុជាទូទៅ។

ថ្លែងទៅកាន់ក្រុមមន្ត្រី ក្រុមពាណិជ្ជករវិនិយោគិន ក្រុមសហគ្រិន និងអ្នកធ្វើធុរកិច្ចជាច្រើនពាន់នាក់ សម្តេចតេជោ ហ៊ុន សែន បានផ្ដោតថា រាជរដ្ឋាភិបាលតែងតែចាត់ទុកសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូ មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ កន្លងមក រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម ដែលជាយន្តការអន្តរក្រសួង-ស្ថាប័នសម្រាប់សិក្សា ស្រាវជ្រាវ វាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញរបាយការណ៍របស់ អ្នកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាបច្ចុប្បន្ន ថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ ៧០ ម៉ឺនមូលដ្ឋាននៅម្ពុជា (ស្មើនឹងជាង ៩០%) ក្នុងនោះ ក្នុងវិស័យកម្មន្តសាលមានប្រមាណ ៤ម៉ឺនមូលដ្ឋាន (ស្មើនឹងប្រមាណ ៧%) ហើយប្រភេទកែច្នៃចំណីអាហារមានប្រមាណ ៨០% ក្នុងនោះ រោងចក្រធុនធំ មានប្រមាណជិត ២ពាន់មូលដ្ឋាន។

ទាក់ទងសកម្មភាពសេដ្ឋកិច្ចខាងលើនេះដែរ រាជរដ្ឋាភិបាល បានខិតខំលើកកម្ពស់ ប្រសិទ្ធភាពរបស់សហគ្រាសធុនតូច និងមធ្យម តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថ្នាលជាតិ ចុះបញ្ជីអាជីវកម្មតាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់តាមអនឡាញ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធប្រកាសពន្ធដារតាមអនឡាញជាដើម។

ទាក់ទងនឹងការផលិត សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ដើរតួនាទីសំខាន់ក្នុងការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ រួមនឹងសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ខិតខំផលិតផលកែច្នៃផលិតផលគ្រប់យ៉ាងដែលអាចធ្វើបាន និងកែច្នៃឱ្យមានគុណភាពសម្រាប់នាំចេញ និងប្រើប្រាស់ក្នុងស្រុក ព្រមទាំងយកទៅផ្គត់ផ្គង់ដល់ដៃភ្ញៀវទេសចរ ដែលមកកម្សាន្តនៅកម្ពុជា, ជាពិសេសនាំចេញទៅកាន់ប្រទេសដែលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា និងជំរុញការពង្រីកទីផ្សារក្នុងស្រុកឱ្យបានទូលំទូលាយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសហគ្រាសធុនតូច និងមធ្យម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម ជាប្រព័ន្ធ និងគាំទ្រសហគ្រិន ធុរជន និងនវធុរជនក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យមប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងចីរភាព៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម