Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន នឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានកងទ័ពរបស់ខ្លួនវាយប្រហារទៅលើប្រទេសដទៃ

រដ្ឋធានីម៉ានីល៖ ស្របពេលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង កំពុងតែមានភាពតានតឹងផ្នែកការទូត កាន់តែខ្លាំងឡើង ជុំវិញបញ្ហាកោះតៃវ៉ាន់ ផងនោះ ប្រធានាធិបតីហ្វីលីពីន បានចេញមុខ អះអាង ថា ក្រុងម៉ានីល នឹងមិនអនុញ្ញាតឲ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានកងទ័ពរបស់ខ្លួន សម្រាប់ការវាយប្រហារណាមួយនោះឡើយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ ថា លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតីហ្វីលីពីន បានធានាដល់ប្រទេសចិន ថា មូលដ្ឋានយោធានានារបស់ខ្លួន អាចអនុញ្ញាតដល់សហរដ្ឋអាមេរិក ប៉ុន្ដែនឹងមិនឲ្យប្រើប្រាស់ នៅក្នុងសកម្មភាពវាយលុកណាមួយនោះឡើយ។ លោកប្រធានាធិបតី បានសង្កត់ធ្ងន់ ថា ការរៀបចំមូលដ្ឋានកងទ័ព ជាមួយនឹងក្រុងវ៉ាស៊ីនតោន ត្រូវបានធ្វើឡើង សម្រាប់បង្កើនសមត្ថភាពការពារជាតិរបស់ប្រទេសអាស៊ានមួយនេះ។

ក្រសួងការបរទេសចិន កាលពីសប្តាហ៍មុន បានបញ្ជាក់ ថា ការពង្រីកនូវការដាក់ពង្រាយកម្លាំងយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសហ្វីលីពីន នឹងនាំឱ្យមានភាពតានតឹងកាន់តែខ្លាំង នៅក្នុងតំបន់។ ចិន បានលើកឡើងបែបនេះ ក្រោយពេលក្រុងម៉ានីល បានអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោន មានសិទ្ធិចូលទៅកាន់មូលដ្ឋានកងទ័ពជាច្រើនរបស់ប្រទេសអាស៊ានមួយនេះ។

លោក ហ្វ័រឌីណង់ដ៍ ម៉ាកូស (Ferdinand Marcos) ប្រធានាធិបតីហ្វីលីពីន បានប្រាប់ដល់ក្រុមអ្នកកាសែត កាលពីថ្ងៃចន្ទ ថា «យើងនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានកងទ័ពរបស់យើង សម្រាប់សកម្មភាព វាយលុកណាមួយនោះឡើយ។ បញ្ហានេះ យើងគ្រាន់តែមានគោលបំណង ជួយដល់ប្រទេសហ្វីលីពីន គ្រប់ពេលវេលា ខណៈយើងត្រូវការជំនួយ។ ប្រសិនបើគ្មានប្រទេសណាមួយ វាយយើងទេ គេក៏មិនចាំបាច់ព្រួយបារម្ភនោះដែរ ព្រោះយើងនឹងមិនវាយប្រហារ ទៅលើប្រទេសដទៃនោះឡើយ»។

ប្រទេសហ្វីលីពីន កាលពីសប្ដាហ៍មុន បានកំណត់នូវមូលដ្ឋានកងទ័ពរបស់ខ្លួន ចំនួន៤បន្ថែមទៀត សម្រាប់សហរដ្ឋអាមេរិក នឹងអាចមានសិទ្ធិចូលមកកាន់ទីនោះ។ ចំនួននេះ ស្ទើរតែកើនឡើងទ្វេដង សម្រាប់ចំនួនមូលដ្ឋានកងទ័ព ដោយរាប់បញ្ចូលទាំងកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (ហៅកាត់ EDCA) ផងដែរ។

ទីតាំងមូលដ្ឋានកងទ័ព នៅក្នុងប្រទេសហ្វីលីពីន ទាំងនោះ មានសារៈសំខាន់យ៉ាងខ្លាំង ដោយមូលដ្ឋានកងទ័ពចំនួន៣ បែរមុខឆ្ពោះទៅទិសខាងជើង សំដៅទៅកាន់កោះតៃវ៉ាន់ និង មួយកន្លែងទៀត នៅជិតប្រជុំកោះ Spratly (ស្ព្រាតលី) ដែលមានជម្លោះ នៅក្នុងសមុទ្រចិនខាងត្បូង។ ប្រជុំកោះមានជម្លោះដ៏ចម្រូងចម្រាសមួយនេះ ត្រូវបានចិនសាងសង់ ក្លាយជាកោះសិប្បនិមិត្ត បំពាក់ដោយប្រព័ន្ធរត់របស់យន្ដហោះ និង ប្រព័ន្ធមីស៊ីល។

កិច្ចព្រមព្រៀង EDCA ក៏គូសបញ្ជាក់ អំពីសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់ហ្វីលីពីន ចំពោះអតីតម្ចាស់គ្រប់គ្រងអាណានិគម គឺសហរដ្ឋអាមេរិក ខណៈមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង លើឥទ្ធិពលយោធារបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង និង ភាពតានតឹង នៅតៃវ៉ាន់ គ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ។

ក្រុងម៉ានីល និង ក្រុងវ៉ាស៊ីនតោន បានចុះកិច្ចព្រមព្រៀងមួយ នៅក្នុងអំឡុងឆ្នាំ២០១៤។ តាមរយៈកិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ចូលទៅកាន់មូលដ្ឋានកងទ័ពរបស់ហ្វីលីពីន សម្រាប់ការហ្វឹកហ្វឺនរួមគ្នា ការកំណត់ទីតាំងជាមុនសម្រាប់ផ្គត់ផ្គង់គ្រឿងបរិក្ខារ និង ការកសាងគ្រឿងបរិក្ខារ ដូចជា ផ្លូវរត់របស់យន្ដហោះ កន្លែងផ្ទុកប្រេងឥន្ធនៈ និង មូលដ្ឋានយោធា ប៉ុន្តែកងទ័ពរបស់សហរដ្ឋអាមេរិក នឹងមិនមានវត្តមាននៅជាអចិន្ត្រៃយ៍នោះឡើយ។

ដោយឡែក ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ម៉ាកូស បានធ្វើឡើង នៅថ្ងៃទី៣ នៃការបង្កើតល្បែងសង្រ្គាមក្លែងក្លាយរបស់ចិន ឡោមព័ទ្ធកោះតៃវ៉ាន់ ដោយបានបិទបញ្ចប់ទៅ កាលពីថ្ងៃចន្ទ។ ការធ្វើសមយុទ្ធយោធារបស់ចិន ក្លែងរបៀបវាយលុកទៅលើចំណុចសំខាន់ៗ នៅលើកោះតៃវ៉ាន់ ក៏ជាប្រតិកម្មដ៏ខ្លាំងមួយរបស់ក្រុងប៉េកាំង ប្រឆាំងនឹងជំនួប រវាងលោកស្រី សៃ អ៊ីង-វ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ និង លោក ខេវិន ម៉ាកខាធី (Kevin McCarthy) ប្រធានសភាសហរដ្ឋអាមេរិក។ សកម្មភាពបែបនេះ ក៏ធ្លាប់ធ្វើម្ដងរួចមកហើយ ប្រឆាំងនឹងប្រធានសភាអាមេរិកមុន លោកស្រី ណានស៊ី ផេឡូស៊ី បានធ្វើដំណើរមកបំពេញទស្សនកិច្ច នៅទីក្រុងតៃប៉ិ កាលពីខែសីហា ឆ្នាំ២០២២៕ រក្សាសិទ្ធដោយ ៖ សារាយSN

×