Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក បញ្ជូននាវាពិឃាតមកកាន់សមុទ្រចិនខាងត្បូង ចំពេលចិនធ្វើសមយុទ្ធឡោមព័ទ្ធតៃវ៉ាន់

ទីក្រុងតៃប៉ិ៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ចិន បានបញ្ជូនយន្ដហោះ និង នាវាចម្បាំង ធ្វើសមយុទ្ធយោធា នៅជិតកោះតៃវ៉ាន់ ដែលជាការបង្ហាញនូវប្រតិកម្មដ៏ខ្លាំងក្លារបស់ក្រុងប៉េកាំង ប្រឆាំងនឹងជំនួប រវាងលោកស្រី សៃ អ៊ីង-វ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ និង លោក ខេវិន ម៉ាកខាធី (Kevin McCarthy) ប្រធានសភាសហរដ្ឋអាមេរិក ហើយស្របពេលនេះដែរ ក្រុងវ៉ាស៊ីនតោន ក៏បានបញ្ជូននាវាពិឃាដ បំពាក់មីស៊ីលនាំផ្លូវដ៏ទំនើប ចូលមកកាន់សមុទ្រចិនខាងត្បូង ផងដែរ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ ថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា នាវាពិឃាដ USS Milius (យូអេសអេស ម៉ៃលៀស) បំពាក់ដោយមីស៊ីលនាំផ្លូវ បានធ្វើនាវាចរណ៍ ឆ្លងកាត់ដែនទឹក ដែលក្រុងប៉េកាំង ទាមទារជាកម្មសិទ្ធិរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង។ ចំណែកសកម្មភាពរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានធ្វើឡើង ក្រោមប្រតិបត្តិការ«សេរីភាព នៃការធ្វើនាវាចរណ៍»។

កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា «ប្រតិបត្ដិការនេះ ការពារសិទ្ធិ សេរីភាព និង ការប្រើប្រាស់ដែនសមុទ្រ ស្របតាមច្បាប់អន្ដរជាតិ។ សកម្មភាពរបស់នាវាពិឃាដ ក៏បានបង្ហាញពីការការពារសិទ្ធិ និង សេរីភាពនាវាចរណ៍ នៅក្នុងសមុទ្រចិនខាងត្បូង នៅជិតប្រជុំកោះស្ព្រាតលី (Spratly) ស្របតាមច្បាប់អន្តរជាតិ»។

ក្រោយប្រតិបត្តិការនេះ នាវាពិឃាដ Milius នឹងចាកចេញពីតំបន់ទាមទារដ៏ច្រើនលើសលប់របស់ចិន ហើយបន្តប្រតិបត្តិការ នៅក្នុងសមុទ្រចិនខាងត្បូង។

បើតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹង ថា នាវាពិឃាដរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើនាវាចរណ៍ នៅក្នុងចម្ងាយ ប្រហែលជិត២០គីឡូម៉ែត្រ ពីសមុទ្រមីសេហ្វ រីហ្វ (Mischief Reef) ដោយមានចម្ងាយ ប្រហែល ១ ៤០០គីឡូម៉ែត្រ ពីចុងភាគខាងត្បូង នៃកោះតៃវ៉ាន់។

សមយុទ្ធយោធារបស់ប្រទេសចិន បានបង្កឱ្យមានការថ្កោលទោស ពីក្រុងតៃប៉ិ និង អំពាវនាវឱ្យមានការអត់ធ្មត់ ពីក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិក បានអះអាង ថា ក្រុងវ៉ាស៊ីនតោន កំពុងតែតាមដានសកម្មភាពយោធារបស់ក្រុងប៉េកាំង យ៉ាងយកចិត្តទុកដាក់បំផុត។

ក្រុងប៉េកាំង បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា យន្តហោះចម្បាំង ផ្ទុកគ្រាប់រំសេវ បានវាយប្រហារក្លែងរបៀបធ្វើសង្គ្រាម នៅជិតកោះតៃវ៉ាន់។ ស្របគ្នានេះ នាវាផ្ទុកយន្តហោះសានដុង (Shandong) របស់កងទ័ពចិន ក៏បានចូលរួម នៅក្នុងសមយុទ្ធនោះផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×