រដ្ឋធានីកៀវ៖ នៅក្នុងសង្គ្រាម អស់រយៈពេលជាង១ឆ្នាំកន្លងមកនេះ អាជ្ញាធរក្រុងមូស្គូ និង ក្រុងកៀវ បានបន្ដដោះដូរឈ្លើយសឹកគ្នាទៅវិញទៅមក ហើយរហូតមកដល់ពេលនេះ កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន ដែលត្រូវរុស្ស៊ី បានចាប់ខ្លួនជាឈ្លើយសឹក ចំនួនជាង ២០០០នាក់ បានវិលត្រឡប់ មកដល់ប្រទេសកំណើររបស់ពួកគេវិញ។

សារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១១ ខែមេសា ថា លោក អានឌ្រីយ យើរម៉ាក (Andriy Yermak) ប្រធានការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន បានប្រកាស នៅលើបណ្ដាញសង្គមតេឡេក្រាម ថា «យើងកំពុងតែរៀបចំ ធ្វើមាតុភូមិនិវត្ដន៍ ដល់កងទ័ពអ៊ុយក្រែន ចំនួន១០០នាក់ ដែលរុស្ស៊ី បានចាប់ខ្លួនជាឈ្លើយសឹក។ កងទ័ពការពារទឹកដីរបស់យើងទាំងនោះ ខ្លះជា ទាហាន នាវិក ឆ្មាំព្រំដែន និង ឆ្មាំជាតិ។ នៅក្នុងចំណោមពួកគាត់ គឺជាអ្នកការពារនៅលើសមរភូមិទីក្រុងម៉ារីយ៉ូប៉ូល (Mariupol), រោងចក្រដែកថែបអាហ្សូវស្ដាល់ (Azovstal) និង ទីក្រុងហូស្ដូម៉ែល (Hostomel) ស្ថិតក្នុងតំបន់ប៊ូចា (Bucha)។ យុទ្ធជនចំនួនបានរងរបួសធ្ងន់ធ្ងរ និង មានជំងឺថែមទៀតផង។ យើងនឹងធ្វើអ្វីគ្រប់យ៉ាងដ៏ចាំបាច់បំផុត សម្រាប់ពួកគាត់គ្រប់គ្នា ហើយពួកគាត់ទាំងអស់គ្នា នឹងទទួលបានជំនួយដ៏ចាំបាច់»។

លោកប្រធានការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន រូបនេះ បានសង្កត់ធ្ងន់ ថា «វាមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ការប្រគល់ ឬទទួលបានឈ្លើយសឹក វិលត្រឡប់មកប្រទេសកំណើតវិញនោះ។ ទន្ទឹមនឹងនេះ យើងសូមថ្លែងអំណរគុណ ដល់ក្រុមការងារទាំងអស់ ជាពិសេស ទីភ្នាក់ងារសម្របសម្រួល សម្រាប់ការព្យាបាលអ្នកទោសសង្គ្រាម។
ចាប់តាំងពីការចាប់ផ្តើមលុកលុយពេញលេញរបស់រុស្ស៊ី មកលើប្រទេសអ៊ុយក្រែន រហូតមកដល់ពេលនេះ កងទ័ពអ៊ុយក្រែន ចំនួន ២០០៥នាក់ ដែលរុស្ស៊ី បានចាប់ខ្លួនជាឈ្លើយសឹក បានវិលត្រឡប់មកដល់ប្រទេសកំណើតវិញ។ ប៉ុន្ដែទោះជាយ៉ាងណា ប្រភពដដែលនេះ មិនបានបញ្ជាក់ ថា អ៊ុយក្រែន បានប្រគល់ឈ្លើយសឹករបស់រុស្ស៊ី ប៉ុន្មាននាក់ ទៅឲ្យអាជ្ញាធរក្រុងមូស្គូ វិញនោះឡើយ៕ រក្សាសិទ្ធដោយ ៖ សារាយSN



















