នេះជាស្ទីលថ្មីដ៏មិននឹកស្មាន ខណៈដែលចោរម្នាក់ បានចូលធ្វើសកម្មភាពចងទ្វាពីខាងក្រៅ កុំឲ្យម្ចាស់ផ្ទះចេញរួច ដើម្បីលួចយកម៉ូតូ ដោយពុំមានអ្នកជិតខាងណាដឹងឮសោះឡើយ ខណៈម្ចាស់ផ្ទះបានត្រឹមស្រែកចោរៗ ពីខាងក្នុងប៉ុណ្ណោះ។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព ដែលថតបានករណីនេះកាលពីវេលាម៉ោង ១០ និង១០ នាទី ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានបង្ហាញចោរម្នាក់ដើរចូលទៅមុខផ្ទះប្រជាពលរដ្ឋមួយកន្លែង ខណៈគ្នីគ្នាម្នាក់ កំពុងអង្គុយលើម៉ូតូចាំផ្លូវខាងក្រៅ។ បន្ទាប់មក ចោររូបនោះ បានយកដែកសរសៃទន់ ទៅចងត្រចៀកទ្វាខាងក្រៅ រួចធ្វើសកម្មភាពកាច់កម៉ូតូយ៉ាងងាយស្រួលតែម្តង។
តែបើទោះជាម្ចាស់ផ្ទះបានដឹង និងគោះទ្វាផាំងៗ ខំស្រែកថាចោរៗយ៉ាងណា ក៏ចេញមិនអាចរួចដែរ ហើយស្របពេលនោះ ចោរក៏កាច់កម៉ូតូបានសម្រេច ជិះចាកចេញដោយសុវត្ថិភាព។
សូមបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើងនៅចំណុចផ្ទះមួយកន្លែង ស្ថិតក្នុងបុរីពិភពថ្មីកំបូលមួយ សង្កាត់កន្ទោក ខណ្ឌកំបូល៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






