បើនិយាយពីរឿងរ៉ាវព្រឺព្រួចភ័យរន្ធត់ដែលគួរឱ្យភ័យខ្លាចបំផុតនៅឯក្រៅប្រទេស មនុស្សជាច្រើនអាចនឹងនឹកទៅដល់រឿងខ្មោចព្រាយបិសាចរបស់ប្រទេសជប៉ុនភាគច្រើន តែ ចុះប្រទេសមួយដែលនៅជាប់ក្បែរនឹងប្រទេសជប៉ុន ដូចជាប្រទេសកូរ៉េវិញនោះ តើលោកអ្នកធ្លាប់បានដឹងពីរឿងរ៉ាវរន្ធត់ព្រលឹងនៅក្នុងប្រទេសមួយនេះដែរឬទេ? ថ្ងៃនេះ យើងសូមនាំលោកអ្នកទៅជួបនឹងភាពគួរឱ្យភ័យរន្ធត់តាមបែបកូរ៉េម្ដង ដែលធានាថា គួរឱ្យភ័យខ្លាច មិនចាញ់របស់ជប៉ុនប៉ុន្មានឡើយ…

រឿងទី១…គ្រាប់ល្ងខ្មៅបង្កើនសម្រស់
ជារឿងនិទានរបស់ក្មេងស្រីម្នាក់ ដែលស្រឡាញ់ងប់ងល់នឹងភាពស្រស់ស្អាត រហូតដល់នាងបានឮរឿងរ៉ាវពាក់ព័ន្ធនឹងការថែបំប៉នស្បែកប្រភេទថ្មី ដែលនឹងជួយឱ្យស្បែករបស់នាងកាន់តែទន់ភ្លឺរលោងឡើង។ បន្ទាប់ពីនោះមិនយូរប៉ុន្មាន នាងក៏ធ្វើតាមពាក្យណែនាំដែលបានឮមកនោះ ដោយការត្រាំខ្លួនប្រាណនៅក្នុងទឹកលាយជាមួយ “គ្រាប់ល្ងខ្មៅ” ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ តែក្រោយពីនាងសម្ងំបាត់អស់រយៈពេលយូរពេក ម្ដាយរបស់នាង បានចាប់ផ្ដើមនឹកសង្ស័យ ក៏បើកទ្វារបន្ទប់ទឹក ចូលទៅមើល ហើយក៏បានឃើញថា កូនស្រីរបស់ខ្លួនកំពុងស្រែករោទ៍យ៉ាងខ្លាំងដោយក្ដីឈឺចាប់ ដោយសារតែស្បែករបស់នាងកើតមានរន្ធ និងប្រហោងតូចៗពេញខ្លួនប្រាណ ដោយសារតែគ្រាប់ល្ង បានចាក់ជ្រៀតចូលទៅក្នុងរន្ធរោមរបស់នាង។ នាងក្រមុំស្រែករោទ៍ដូចមនុស្សឆ្កួត និងព្យាយាមយកឈើចាក់ធ្មេញ ឆ្កឹះគ្រាប់ល្ងទាំងនោះចេញពីខ្លួនប្រាណរបស់នាង។ តាំងពីពេលនោះមក ក៏លែងមានអ្នកណាហ៊ានត្រាំខ្លួននៅក្នុងទឹកលាយជាមួយគ្រាប់ល្ងទៀតឡើយ។

រឿងទី២…រូបចម្លាក់ យូ ក្វាន ឈុន
យូ ក្វាន ឈុន ស្លាប់នៅពេលនាងមានអាយុ ១៧ឆ្នាំ ក្រោយពីត្រូវបានចាប់ខ្លួនក្នុងអំឡុងការឈ្លានពានរបស់កងទ័ពជប៉ុន ក្នុងខណៈពេលធ្វើការប្រឆាំងតវ៉ាដើម្បីទាមទារឯករាជ្យ។ ភាពក្លាហានរបស់នាង បានក្លាយជាហេតុការណ៍សំខាន់ខាងប្រវត្តិសាស្ត្រ រហូតដល់ធ្វើឱ្យសាលារៀនជាច្រើន មានតាំងរូបចម្លាក់របស់នាងទៀតផង។ តែក៏មានលេចឮរឿងរ៉ាវដ៏គួរឱ្យភ័យខ្លាច ពាក់ព័ន្ធនឹងរូបចម្លាក់របស់នាងកើតឡើងដែរ។ គេនិយាយថា នៅថ្ងៃទី១មីនា រាត្រីនៃថ្ងៃប្រកាសឥស្សរភាព រូបចម្លាក់នោះនឹងមានចលនាកម្រើកបានដោយខ្លួនឯង និងដើរទៅមកជុំវិញទីនោះ ព្រមទាំងច្រៀងបទចម្រៀង “ឥស្សរភាពកូរ៉េរហូតទៅ” និងបើសិនជាអ្នកភ្លេចខ្លួន ស្រែកហៅឈ្មោះនាងផងនោះ នាងនឹងបែរមុខមករកអ្នកទៀតផង។

រឿងទី៣…បិសាចស្រីនៃ ចា-យូ-រ៉ូ
ចាយូរ៉ូ ជាឈ្មោះផ្លូវជាតិមួយ ស្ថិតនៅចន្លោះទីក្រុងកូយ៉ាំង និងទីក្រុងប៉ាជូ ដែលស្ថិតនៅភាគខាងជើងនៃទីក្រុងសេអ៊ូល។ រឿងរ៉ាវដ៏គួរព្រឺខ្លាចរបស់ផ្លូវ ១ខ្សែនេះ អ្នកធ្វើដំណើរទៅមកទាំងឡាយបានដឹងយ៉ាងច្បាស់…មានផ្សែងអ័ព្ទចម្លែកបានកើតឡើង និងនាំឆ្ពោះទៅរកការកើតគ្រោះថ្នាក់ចរាចរណ៍ជាច្រើន។ អ្នកខ្លះជឿថា មានរឿងអបិយជំនឿ ស្ថិតនៅពីក្រោយគ្រោះថ្នាក់ចរាចរណ៍ទាំងនោះ។ អ្នកបើកបររថយន្តជាច្រើននាក់ បានអះអាងថា ពួកគេបានឃើញស្រីក្រមុំពាក់វ៉ែនតាខ្មៅម្នាក់ ឈរនៅលើចិញ្ចើមថ្នល់ តែពេលពួកគេបើកឡានចូលទៅជិត ទើបដឹងថា នាងមិនបានពាក់វ៉ែនតាខ្មៅទេ តែកែវភ្នែករបស់នាង ខ្មៅងងឹត និងជ្រៅទៅក្នុង រហូតដល់អ្នកណាដែលបានឃើញឃើញ ត្រូវតែដាក់មេផាយគ្រប់គ្នា។

រឿងទី៤…ខ្មោចស្រី ២នាក់នៃអគារស្នាក់នៅស្ត្រី
ក្នុងឆ្នាំ១៩៩៩ នៅឯមហាវិទ្យាល័យមួយក្នុងទីជនបទ ខាំង ជីហ៊ុន និង លី សូយ៉ន់ និស្សិតក្រមុំ ២នាក់ បានស្លាប់នៅក្នុងបន្ទប់ស្នាក់នៅរបស់នាង។ ទាំង ២នាក់ធ្លាប់រអ៊ូថា គេងមិនលក់ និងយល់សប្តអាក្រក់ជាប់រហូត និងថែមទាំងបានរាយការណ៍ប្រាប់សាលាទៀតផងថា មានបុរសឫកពារចម្លែកៗម្នាក់នៅក្នុងមហាវិទ្យាល័យ បានរុកកួនរំខានពួកនាង។ ក្ដីភ័យខ្លាច ចាប់ផ្ដើមបង្កខ្លួនឡើងកាន់តែច្រើនឡើងជារឿយៗ ពួកនាងចាប់ផ្ដើមលែងចូលរៀន លែងញ៉ាំបាយ លែងងូតទឹក ព្រោះពួកនាងអាងលេសថា “បុរសម្នាក់នោះកំពុងលួចមើលយើងនៅក្នុងបន្ទប់ទឹក” រហូតទាល់តែពួកនាងស្លាប់នៅថ្ងៃទី១៩ តុលា ឆ្នាំ១៩៩៩។

ក្រោយពួកនាងស្លាប់ មនុស្សនៅក្នុងអគារស្នាក់នៅនោះ ក៏ចាប់ផ្ដើមបានឮសំឡេងអាថ៌កំបាំង ដូចជាសំឡេងគោះទ្វារ សំឡេងមួលដៃទ្វារពីខាងក្រៅបន្ទប់ និងមានហេតុការណ៍ចម្លែកៗកើតឡើង ដូចជាអំពូលភ្លើងក្នុងបន្ទប់ ផ្ទុះបែកដោយឯកឯង កញ្ចក់ប្រេះបែកដោយឯកឯង និងមានអ្នកប្រទះឃើញពួកនាងទាំង២ បង្ហាញខ្លួនឡើងក្នុងសភាពប្រឡាក់ប្រឡូសនៅពេលអធ្រាត្រទៀតផង។ មនុស្សម្នានាំគ្នាជឿថា វិញ្ញាណរបស់ស្ត្រីទាំង២ នឹងមិនចាកចេញទៅណាឡើយ រហូតទាល់តែពួកនាងបញ្ចប់ការសិក្សា ឬក៏បុរសចម្លែកម្នាក់នោះត្រូវបានចាប់ខ្លួន។
រឿងទី៥…វិញ្ញាណស្រីតាមរកកូន
រឿងរ៉ាងរបស់ ឆូ ស្ត្រីវ័យ ៣៣ឆ្នាំ ដែលបាត់បង់សិទ្ធិក្នុងការចិញ្ចឹមថែទាំកូនស្រី វ័យ ២ខួបរបស់នាង ដោយសារតែរឿងក្ដីលែងលះ ព្រោះត្រូវចាប់បានថា ក្បត់ចិត្តស្វាមី នាងបានលោតពីលើអគារអាផាតមិនត៍ ដើម្បីសម្លាប់ខ្លួននៅឆ្នាំ២០០៧។ បន្ទាប់ពីនោះ បើអ្នកណាបានដើរកាត់ក្នុងបរិវេណអាផាតមិនត៍ដែលនាងធ្វើអត្តឃាតនោះ តែងតែបានឃើញមនុស្សស្រីម្នាក់ ដើរយ៉ាងយឺតៗ ទ្រេតទ្រោតដូចមនុស្សស្រវឹងស្រា…នាងស្លៀកឈុតពណ៌ផ្កាឈូកដ៏កខ្វក់ និងរាងកាយរបស់នាង មើលទៅរមួលវៀចវ៉ចយ៉ាងគួរឱ្យខ្លាច និងបើសិនជាអ្នកដើរទៅជិតនាងវិញនោះ នាងនឹងបែរមកដោយផ្ទៃមុខដែលពេញទៅដោយឈាម ព្រមទាំងសួរថា “កូនរបស់ខ្ញុំនៅឯណា?”។

រឿងទី៦…ខ្មោចក្នុងស្ថានីយ អូកឈូ
ជារឿងរ៉ាវរបស់ប្រុសកំលោះម្នាក់ ដែលកំពុងរង់ចាំជិះរថភ្លើងក្រោមដីជើងចុងក្រោយ នៅឯស្ថានីយអូកឈូ។ ពេលនោះសឹងតែគ្មានមនុស្សម្នាក់ឡើយនៅក្នុងស្ថានីយ តែគេបានក្រឡេកទៅឃើញស្រីក្រមុំម្នាក់ ដែលមើលទៅស្អាតគួរឱ្យស្រឡាញ់ តែមានលក្ខណៈ និងកាយវិការប្លែកៗ រហូតដល់រូបគេមានអារម្មណ៍ចង់អស់សំណើច។ គេក៏ផូស្តរឿងរ៉ាវដែលកើតឡើងនេះ នៅក្នុងបតយ៉ាងកម្សាន្តសប្បាយ ព្រមទាំងមានរូបភាពរបស់នាងទៀតផង។
តែបន្ទាប់ពីនោះ មើលទៅនាងហាក់ដូចជារអិលទ្រេតខ្លួនទៅបោកក្បាលនឹងជញ្ជាំង រហូតដល់មានឈាមហូរចេញមក តែនាងក៏ក្រោកឡើង ត្រឡប់មកឈរឡើងវិញបានម្ដងទៀត។ បុរសនោះចាប់ផ្ដើមមានអារម្មណ៍ភ្ញាក់ផ្អើល និងបានអធិប្បាយរឿងរ៉ាវដែលកើតឡើងនេះ នៅក្នុងបតជាបន្ត ដែលអ្នកទស្សនាក៏គិតតែសប្បាយរីករាយ និងគ្មានអ្នកណាគិតអ្វីឡើយ។ រហូតទាល់តែមានមនុស្សម្នាក់និយាយឡើងថា “ឬក៏នាងជាខ្មោច??” ត្រឹមតែប៉ុណ្ណឹងឯង បុរសនៅឯស្ថានីយនោះ ក៏ដាច់ការទាក់ទងនៅក្នុងបតតែម្ដង។
ព្រឹកស្អែកឡើង ស្រាប់តែមានមនុស្សប្រទះឃើញសាកសពបុរស-ស្ត្រី ១គូ ធ្វើអត្តឃាត ដោយលោតចូលទៅក្នុងផ្លូវដែក ឱ្យរថភ្លើងកិន។ មនុស្សជាច្រើនគិតថា ពួកគេប្រហែលជាគូស្នេហ៍នឹងគ្នា តែប៉ូលិសបានពិនិត្យមើល ហើយរកឃើញថា ពួកគេទាំង២ គ្មានអ្វីពាក់ព័ន្ធនឹងគ្នាឡើយសូម្បីតែបន្តិច៕


















