បើតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រថយន្តពន្លត់អគ្គិភ័យ រថយន្តសង្គ្រោះបន្ទាន់ យានជំនិះនគរបាលជាតិ យានជំនិះកងយោធពលខេមរភូមិន្ទ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្បួនដែលមាននគរបាលចរាចរណ៍ផ្លូវគោកនាំមុខ គឺត្រូវបានកំណត់ជាប្រភេទយាន ដែលមានសិទ្ធិអាទិភាពពិសេសជាងយានដទៃទៀត ខណៈកំពុងកំពុងបំពេញភារកិច្ចនៅលើដងផ្លូវ។
ហេតុនេះ នៅពេលជួបយានជំនិះអាទិភាពខាងលើ ដែលកំពុងបន្លឺ (ស៊ីរ៉ែន) គឺអ្នកបើកបរទាំងអស់ ត្រូវតែបន្ថយល្បឿន អែបទៅខាងស្ដាំ ហើយបើក្នុងករណីចាំបាច់ អ្នកបើកបរត្រូវឈប់នៅកៀនបំផុត ដែលអាចធ្វើទៅបាន និងមិនត្រូវបើកបរកាត់ជាដាច់ខាត ដើម្បីឲ្យយានអាទិភាពទាំងនោះ បានធ្វើដំណើរឆ្លងកាត់ដោយងាយស្រួល និងសុវត្ថិភាព ឆាប់ទៅដល់ទីតាំងត្រូវបំពេញការងារសង្គ្រោះបន្ទាន់។
លើសពីនេះ យានជំនិះអាទិភាពទាំងនេះ ក៏អាចបើកបរបញ្ច្រាសទិសបាន អាចឆ្លងកាត់នៅពេលភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម និងមានសិទ្ធិអាទិភាពលើផ្លូវប្រសព្វ និងមិនកំណត់ល្បឿននោះទេ។
ទោះជាយ៉ាងណា អ្វីគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺវីដេអូមួយដែលត្រូវបានគេចែករំលែកកាលពីពេលថ្មីៗនេះ បានបង្ហាញរថយន្ត១គ្រឿង មិនដឹងបើកបរយកភ្នែក ត្រចៀក ទៅណានោះទេ បានបើកឆ្លងកាត់ផ្លូវប្រសព្វធ្វើពុំដឹង ស្របពេលដែលរថយន្តពន្លត់អគ្គិភ័យ បានចូលដល់ ចាប់ហ្រ្វាំងឡើងគ្រវីឡាន ធ្វើឲ្យក្រុមការងារអ្នកបើករថយន្តពន្លត់អគ្គិភ័យ ស្រែកស្ទើរភ្លាត់សំឡេងបញ្ចេញកំហឹងយ៉ាងខ្លាំង។ តែនេះចាត់ទុកជាសំណាងហើយ ដែលរថយន្តអគ្គីភ័យអាចគ្រប់គ្រងជាន់ហ្វ្រាំងទាន់ ពុំនោះទេ ប្រហែលខ្ទេចហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




