Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែក្រុមហ៊ុនទាហានស៊ីឈ្នួលរុស្ស៊ី អួតអាងអំពីការគ្រប់គ្រងទីក្រុងបាកមូត ស្ទើរទាំងស្រុង

រដ្ឋធានីកៀវ៖ ទីក្រុងបាកមូត (Bakhmut) មានផ្ទៃដីទំហំ៤១,៦គីឡូម៉ែត្រការ៉េ បានក្លាយជាសមរភូមិក្ដៅគគុក វាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម រវាងកងទ័ពការពារទឹកដីរបស់ក្រុងកៀវ និង កម្លាំងប្រដាប់អាវុធរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន ប៉ុន្ដែឥឡូវនេះ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល បានអួតអាង អំពីការដណ្ដើមគ្រប់គ្រងទីក្រុង ភាគខាងកើតមួយនេះ រហូតដល់ទៅ៨០ភាគរយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣ ថា លោក យ៉ែវហ្គេនី ប្រ៊ីហ្គោហ្ស៊ីន (Yevgeny Prigozhin) ស្ថាបនិកក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner បានបញ្ជាក់ ថា កម្លាំងទាហានរបស់គាត់ បានគ្រប់គ្រងទីក្រុងបាកមូត ជាង៨០ភាគរយ។

អ្នកសរសេរព័ត៌មានយោធារបស់រុស្ស៊ី បានបង្ហោះឃ្លីបវីដេអូមួយ នៅលើបណ្ដាញសង្គមតេឡេក្រាម ដោយបានបង្ហាញលោក ប្រ៊ីហ្គោហ្ស៊ីន ត្រូវបានគេឃើញ បង្ហាញផែនទី នៃតំបន់នោះ អំពីរៀបដែលកងកម្លាំងរបស់គាត់ កំពុងតែបន្ដឡោមព័ទ្ធទីក្រុងបាកមូត។

លោក យ៉ែវហ្គេនី ប្រ៊ីហ្គោហ្ស៊ីន (Yevgeny Prigozhin) បានអះអាង ថា «ឥឡូវនេះ ទីក្រុងបាកមូត គឺជាង៨០ភាគរយ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង ដោយរួមទាំងមជ្ឈមណ្ឌលរដ្ឋបាល រោងចក្រ ឃ្លាំងស្ដុកទំនិញ និង អគាររដ្ឋបាលរបស់ទីក្រុងមួយនេះ»។

នៅក្នុងឃ្លីបវីដេអូនោះ ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល បានយកប៊ិកពណ៌ក្រហម មកគូសពីលើចំណុចតូចពាក់ព័ន្ធ និង តំបន់លំនៅឋានសំខាន់ៗ ដែលនៅតែស្ថិតក្រោមការដណ្ដើមកាន់កាប់ ដោយកម្លាំងទាហានរបស់រុស្ស៊ី។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ លោក ប៊្រីហ្គោហ្ស៊ីន នៅតែអះអាង ថា សង្គ្រាមកំពុងតែបន្ដនៅឡើយ ហើយក៏មិនទាន់មានឃើញប្រតិកម្ម ពីភាគីអ៊ុយក្រែន ឆ្លើយតបនឹងការលើកឡើងរបស់លោក ប៊្រីហ្គោហ្ស៊ីន នៅឡើយ។

ការអត្ថាធិប្បាយរបស់ថៅកែទាហានស៊ីឈ្នួលរបស់រុស្ស៊ី បានកើតឡើង ត្រឹមតែ១ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានតំបន់ដូណែតស្ក៍ លើកបន្តុបដោយរុស្ស៊ី បានទៅពិនិត្យមើលទីក្រុងបាកមូត ហើយបានអះអាង ថា ទីក្រុងមួយនេះ ប្រហែល៧៥ភាគរយ ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។

ដោយឡែក ក្រុមមន្រ្ដីយោធារបស់លោកខាងលិច បានអះអាង ថា ទីក្រុងបាកមូត មានតម្លៃតិចតួច ជាយុទ្ធសាស្រ្ដ សម្រាប់ភាគីជម្លោះទាំង២។ ប៉ុន្ដែផ្ទុយទៅវិញ រុស្ស៊ី បានចំណាយលើការខាតបង់ទាហាន ស្លាប់ និង របួស ចន្លោះពី២០ ០០០ទៅ៣០ ០០០នាក់ ហើយចំណាយលើគ្រឿងសឹកយ៉ាងច្រើនបំផុត។

ភាគីជម្លោះទាំង២ គឺអ៊ុយក្រែន និង រុស្ស៊ី តែងតែចាត់ទុកការវាយប្រយុទ្ធគ្នាដណ្ដើមទីក្រុងបាកមូត មានតម្លៃខ្លាំងខាងនយោបាយ ច្រើនជាងយុទ្ធសាស្រ្ដ ព្រោះវាជាការកំណត់លើជ័យជម្នះរបស់ពួកគេ។ ប្រសិនបើកម្លាំងទាហានរបស់រុស្ស៊ី បានដណ្ដើមកាន់កាប់ទីក្រុងបាកមូត ទាំងមូល នឹងធ្វើឲ្យលោកប្រធានាធិបតី ពូទីន អួតអាងទៅកាន់ប្រទេសចិន អ៊ីរ៉ង់ និង លោកខាងលិច។ ផ្ទុយទៅវិញ ប្រសិនបើអ៊ុយក្រែន បានដណ្ដើមគ្រប់គ្រងទីក្រុងបាកមូត ទាំងស្រុងវិញ ក៏ជាការបង្ហាញនូវបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតរបស់ក្រុងមូស្គូ ទៅកាន់ពិភពលោកទាំងមូលផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×