Friday, January 9, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របបសឹកមីយ៉ាន់ម៉ា វាយប្រហារតាមអាកាស សម្លាប់មនុស្សយ៉ាងច្រើន

រដ្ឋធានីណៃពិដោរ៖ ការធ្វើរដ្ឋប្រហារយោធា រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សាន់ស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានរុញច្រានប្រទេសមីយ៉ាន់ម៉ា ឲ្យធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ហើយឥឡូវនេះ ក៏មានសេចក្ដីរាយការណ៍ ថា របបសឹក នៃប្រទេសអាស៊ានមួយនេះ បានបើកការវាយប្រហារតាមអាកាស សម្លាប់មនុស្សយ៉ាងតិច៥០នាក់។

សារព័ត៌មានរបស់ភូមា The Irrawaddy បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី១២ ខែមេសា ឆ្នាំ២០២៣ ថា យន្ដហោះចម្បាំងរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីព្រឹក ថ្ងៃអង្គារ បានទម្លាក់គ្រាប់បែក ទៅលើភូមិផាហ្ស៊ីហ្គី (Pa Zi Gyi) ទីក្រុងកាន់បាលូ (Kanbalu) តំបន់សាហ្គេង (Sagaing) ។ ការវាយប្រហារយ៉ាងសាហាវចុងក្រោយនេះ បានសម្លាប់មនុស្ស យ៉ាងតិច ៥០នាក់ និង ៣០នាក់ផ្សេងទៀត រងរបួស។

យន្តហោះចម្បាំងរបស់កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានទម្លាក់គ្រាប់បែកទៅលើផ្ទះមួយ នៅ ភូមិ Pa Zi Gyi ជាកន្លែងដែលមានការប្រារព្ធធ្វើពិធីឡើងផ្ទះ ដោយមានអ្នកស្រុក និង សមាជិកប្រជាការពារភូមិ ចូលរួមការពារទ្រព្យសម្បត្តិរបស់អ្នកស្រុក និង ការពារភូមិ។ ចំណែកការទម្លាក់គ្រាប់បែកនេះ បានកើតឡើង ក្រោយពេលមានការបាញ់រះ ពីឧទ្ធម្ភាគចក្រប្រយុទ្ធ ប្រភេទ Mi-35 ។

លោក អ៊ុយ ណៃ ហ្ស៊ីនឡាត (U Nay Zin Latt) សមាជិកសភាជាប់ឆ្នោត មកពីទីក្រុង Kanbalu បានអះអាង ថា «មនុស្សជាច្រើន រួមទាំងកុមារផងដែរ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារនោះ ហើយចំនួនអ្នកស្លាប់ អាចកើនលើសពី៥០នាក់»៕ រក្សាសិទ្ធដោយ ៖ សារាយSN

×