ភ្នំពេញ ៖ ភាគីថៃនិងកម្ពុជា បានពិភាក្សាគ្នា ប្រកបដោយជោគជ័យលើបញ្ហាបីចំណុចដែលមិនទាន់បានឯកភាពគ្នាពីមុនទាក់ទងនឹង សេចក្តីព្រាងនៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសទាំងពីរ។ ថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨ លោកម ARKHOM TERMPITTAYAPAISITH រដ្ឋមន្ត្រីនៃក្រសួងដឹកជញ្ជូនថៃ បានដឹកនាំគណៈប្រតិភូ មកជួបពិភាក្សាជាមួយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រុមការងារ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិភាក្សាបញ្ចប់សេចក្តីព្រាង នៃកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវដែករវាងកម្ពុជា និង ថៃ។
កិច្ចព្រមព្រៀងនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវដែករបស់ប្រទេសទាំងពីរ ដោយផ្អែកលើអត្ថប្រយោជន៍ទៅវិញទៅមក។ ជាលទ្ធផល ភាគីទាំងពីរ បានពិភាក្សាគ្នា ប្រកបដោយជោគជ័យ និងបានឯកភាព លើបញ្ហាបីចំណុចដែលមិនទាន់បានឯកភាពគ្នាពីមុនមក។
លោក រដ្ឋមន្ត្រីថៃ បានជម្រាបជូនផងដែរថា ភាគីថៃនឹងបន្តនិតិវិធីផ្ទៃក្នុងរបស់ខ្លួន ឱ្យបានលឿន ដើម្បីជំរុញឱ្យភាគីទាំងពីរ អាចកំណត់កាលបរិច្ឆេទ នៃការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនេះ ក្នុងពេលឆាប់ៗខាងមុខនេះ។
បន្ថែមលើបញ្ហាកិច្ចព្រមព្រៀង ដែលបានពិភាក្សា និង ឯកភាពលោកទេសរដ្ឋមន្ត្រី បានស្នើសុំ ឲ្យភាគីថៃ ជួយផ្តល់ដែករ៉ៃ សម្រាប់ សាងសង់ លើកកម្រិត ផ្លូវដែក ដែលមានប្រវែង ៦០ គីឡូម៉ែត្រ ពីសិរីសោភណ្ឌ ទៅបាត់ដំបង បន្ថែមលើការផ្តល់ជូន ខ្សែរថភ្លើង ១ ខ្សែ មាន៤ ទូ (DMU) ដែលភាគីថៃបានយល់ព្រមនាពេលកន្លងមក។
លោក រដ្ឋមន្ត្រីដឹកជញ្ជូន ថៃ បានទទួលយកសំណើនេះ ហើយបានស្នើឲ្យ លោកទេសរដ្ឋមន្ត្រី បញ្ជូនលិខិតស្នើសុំជាផ្លូវការ ទៅភាគីថៃ៕ ដោយ ៖ កូឡាប