ទោះជាការវាយប្រហារ ឬការសម្លាប់មនុស្ស របស់បណ្តាសត្វសាហាវៗទាំងឡាយ បណ្តាលមកពីមូលហេតុផ្សេងៗ មានទាំងធ្វើឡើងដើម្បីការពារខ្លួន ឬធ្វើឡើងដោយសញ្ជាតិញាណ ឬអាចដោយសារតែសភាវខាងអារម្មណ៍របស់ពួកសត្វសាហាវៗទាំងនោះ ដែលធ្វើឱ្យវាសម្រេចចិត្តបែរចង្កូម ដាក់មនុស្សវិញមែនក៏ដោយ តែនៅមានរឿងរ៉ាវ ដ៏គួរឱ្យភ័យរន្ធត់ជាច្រើន ពាក់ព័ន្ធនឹងសត្វព្រៃសាហាវៗមួយចំនួន ដែលសម្លាប់មនុស្ស ដូចគេបេះស្លឹកឈើបោះចោល រហូតដល់យើងត្រូវតែសូមលើកយកមករៀបរាប់ប្រាប់តៗគ្នាដូចតទៅ…

១. The lions of Njombe
អាចហៅបានថា ជាហេតុការណ៍មួយដែលសត្វតោ បានសម្លាប់មនុស្សដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ និងជាហេតុការណ៍មួយនៅក្នុងចំណោមហេតុការណ៍ដែលសត្វព្រៃ បានសម្លាប់មនុស្សដ៏សាហាវឃោរឃៅបំផុត តាមដែលធ្លាប់មានការកត់ត្រាទុកមក នៅពេលដែលសត្វតោក្នុងប្រទេស ធែន-សា-នៀ បានផ្តាច់ជីវិតមនុស្សនៅក្នុងតំបន់ ចំ-ប៊េ (Njombe) អស់ជាង ១ ៥០០នាក់ ដែលមនុស្សនៅទីនោះ បាននាំគ្នាជឿថា ពួកវា គឺជាហ្វូងសត្វតោយក្ស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់គ្រូធ្មប់ម្នាក់ ដែលត្រូវការមានអំណាចលើគ្រប់កុលសម្ព័ន្ធទាំងអស់នៅក្នុងប្រទេស១នោះ។
រឿងរ៉ាវដ៏គួរឱ្យភ័យរន្ធត់នេះ បានលេចឮទៅដល់ត្រចៀកនាយព្រានជនជាតិលោកខាងលិចដ៏ល្បីម្នាក់ ឈ្មោះ ចច រ៉ាស្ប៊ី (George Rushby) ធ្វើឱ្យគាត់ត្រូវការកម្ទេចអំណាចខ្មៅងងឹតរបស់សត្វតោ ១ហ្វូងនោះ រហូតដល់ត្រូវធ្វើដំណើរទៅជាន់ច្រមុះពួកវាដល់សម្បុកតែម្តង ហើយនៅក្នុងហេតុការណ៍នេះ គាត់បានផ្តាច់សង្ខារសត្វតោស៊ីមនុស្សទាំងនោះ បានដល់ទៅ ១៥ក្បាល និងបានធ្វើឱ្យហេតុការណ៍សត្វតោស៊ីមនុស្សនៅក្នុង Njombe ត្រូវបានបញ្ចប់ទាំងស្រុង។

២. Kesagake
បើអ្នកណាធ្លាប់មើលខ្សែភាពយន្តតុក្កតា រឿង “អាចង្កូមប្រាក់” ប្រហែលជានៅចាំបាន ពីហេតុការណ៍ដែលសត្វខ្លាឃ្មុំយក្សដ៏ធំសម្បើម ១ក្បាល បានចូលមកវាយប្រហារភូមិមួយ និងមានសត្វឆ្កែដ៏ពូកែ ១ហ្វូង បានប្រយុទ្ធតតាំងជាមួយសត្វខ្លាឃ្មុំកំណាចនោះ តែនៅក្នុងហេតុការណ៍ពិតៗវិញ គ្មានសត្វឆ្កែចូលមកពាក់ព័ន្ធឡើយ។ វាជារឿងរបស់ខ្លាឃ្មុំយក្សកម្ពស់ ៣ម៉ែត្រ ១ក្បាល ជាមួយនឹងអ្នកភូមិធម្មតាៗក្នុងតំបន់មួយក្នុងខេត្តហុកកៃដូ ប្រទេសជប៉ុន ដែលធ្លាប់បានព្យាយាមបណ្តេញសត្វខ្លាឃ្មុំ ដែលមករុករានចម្ការពោតរបស់ពួកគេ ឱ្យចេញផុតពីទីកន្លែងដាំដុះដោយការបាញ់កាំភ្លើង ដេញវាម្តងរួចមកហើយ។
តែ ជំនួសឱ្យសត្វខ្លាឃ្មុំយក្ស Kesagake នោះ ខ្លាចរួញខ្លួន វាបែរជាវិលត្រឡប់មកវិញ មកជម្រះបញ្ជីឈាមលើកនេះយ៉ាងឃោរឃៅ ដោយការសម្លាប់មនុស្ស អស់ដល់ទៅ ៦នាក់ ដែលមានទាំងព្រានព្រៃម្នាក់ ស្ត្រីមានផ្ទៃពោះ និងកូនក្មេងតូចៗទៀតផង។ មានរឿងតំណាលតៗគ្នាថា ការវាយប្រហាររបស់ខ្លាឃ្មុំយក្ស ១ក្បាលនេះ មិនមែនជាការសម្លាប់ដើម្បីស៊ីជាអាហារទេ តែជាការសម្លាប់ដើម្បីសងសឹកឱ្យឆ្ងាញ់ដៃ ព្រោះសភាពទូទៅនៅក្នុងទីកន្លែងកើតហេតុនោះ មានសុទ្ធតែកម្ទេចកម្ទីរាងកាយរបស់មនុស្ស ដែលខ្ទាតខ្ចាត់ខ្ចាយពាសពេញទីនោះ និងស្នាមក្រចក ដែលគ្រវាសគ្រវាត់យ៉ាងវីវក់ដោយក្ដីក្រេវក្រោធ ដែលនេះអាចរាប់បានថា ជាការវាយប្រហារមកលើមនុស្សរបស់សត្វខ្លាឃ្មុំ ដ៏សាហាវឃោរឃៅបំផុតនៅក្នុងប្រទេសជប៉ុន។
រឿងរ៉ាវដ៏សែនភ័យរន្ធត់នេះ ត្រូវបានបញ្ចប់ដោយគ្រាប់កាំភ្លើងរបស់នាយព្រានដៃទេពម្នាក់ ដែលបានបាញ់ចំកណ្តាលថ្ងាស Kesagake…តែ ហេតុការណ៍បង្ក្រាបសត្វកំណាចនេះ មិនបានធ្វើឱ្យក្តីភិតភ័យញាប់ញ័ររបស់អ្នកស្រុកថយចុះឡើយ ព្រោះពួកគេភ័យខ្លាចក្រែង មានខ្លាឃ្មុំផ្សេងទៀត មកសងសឹកជំនួសគ្នាវា ទើបបន្ទាប់ពីនោះមក ធ្វើឱ្យតំបន់មួយនេះក្លាយជាទីរហោស្ថាន គ្មានមនុស្សរស់នៅអស់ជាច្រើនឆ្នាំ។

៣. The Beast of Gevauden
ទោះជាមានការព្យាយាមបរិយាយ រៀបរាប់ឱ្យសត្វអសុរកាយ ១ក្បាលនេះ ក្លាយទៅជាសត្វចម្លែកមែនក៏ដោយ តែនៅពេលបានសរុបពីរូបរាងរបស់វាដោយត្រួសៗហើយនោះ សត្វ ១ក្បាលនេះ ប្រហែលជាសត្វឆ្កែព្រៃដ៏ធំសម្បើម ១ក្បាល ដែលមានទំហំប៉ុនៗសត្វក្របីឡើងក ដែលចេញរាតត្បាតទូទាំងតំបន់ ចេ-វ៉ូ-ដេន (Gevauden) ក្នុងប្រទេសបារាំង និងបង្កហេតុដ៏សែនភ័យរន្ធត់ រញ្ជួយព្រលឹងដោយការវាយប្រហារទៅលើមនុស្សជាង ២១០នាក់ និងសម្លាប់មនុស្សអស់ ១១៣នាក់ ហើយគេជឿថា នៅមាន ៩៨នាក់ទៀត ត្រូវបានវាស៊ីចូលទៅក្នុងពោះ។
ហេតុការណ៍ដ៏ហួសពីការពិតនេះ ត្រូវបានបញ្ចប់ដោយដៃនាយព្រានម្នាក់ ដែលមានឈ្មោះថា Jean Chastel ដែលបានសម្លាប់វាដោយកាំភ្លើង និងអ្នកខ្លះនិយាយថា នាយព្រានរូបនោះ ប្រើគ្រាប់កាំភ្លើង ធ្វើអំពីប្រាក់សុទ្ធ មុននឹងនាំយករាងកាយរបស់វា ទៅថ្វាយព្រះរាជា ល្វីស ទី១៥ ហើយបន្ទាប់ពីនោះមក ក៏លែងមានឮព័ត៌មានពីការចេញរាតត្បាតរបស់សត្វអសុរកាយមួយនេះទៀតដែរ។

៤. Gustave (ហ្គូស្តាវ)
គឺជាកម្លាំងជំរុញចិត្ត និងជាវត្ថុធាតុដើមដ៏ល្អបំផុត របស់ខ្សែភាពយន្តរឿង Primeval ឬ មហាសត្វក្រពើរញ្ជួយពិភពលោក…ជាប្រវត្តិរឿងរ៉ាវដ៏មហាភ័យរន្ធត់ ដែលនៅមានដង្ហើម និងមានខ្លួនប្រាណពិតប្រាកដរបស់សត្វក្រពើ ហ្គូស្តាវ មហាយក្សកំណាចនៃដងទន្លេ នីល ប្រវែង ៦ម៉ែត្រ ដែលត្រាច់ចរសម្លាប់មនុស្សដូចគេបោចស្មៅបោះចោល ព្រោះវាប្រមាញ់មនុស្សមិនមែនដើម្បីស៊ីជាអាហារឡើយ តែវាថែមទាំងបន្សល់ទុកសាកសព ឱ្យពួកអ្នកស្រុកមើល ទុកជាអនុស្សាវរីយ៍ទៀតផង និងថែមទាំងមានរឿងរ៉ាវនិយាយតៗគ្នាទៀតផងថា វាជាសត្វក្រពើ ដែលហ៊ានវាយប្រហារសត្វដំរីទឹកទៀតផង។
ភាពគួរឱ្យភ័យខ្លាចរបស់ហ្គូស្តាវ មានខ្លាំងប៉ុនៗគ្នានឹងភាពឆ្លាតវៃរបស់វាដែរ ព្រោះបន្ទាប់ពីការវាយប្រហាររបស់វាមកលើមនុស្សរួចហើយ វាតែងតែលាក់ខ្លួន សម្ងំបាត់យ៉ាងសូន្យឈឹង រាប់ខែ រាប់ឆ្នាំ រហូតដល់ពួកអ្នកស្រុកគិតថា វាប្រហែលជាស្លាប់បាត់ទៅហើយទៀតផង។ តែ ក្រោយមក វាបានត្រឡប់មក បង្កហេតុភ័យរន្ធត់ម្តងទៀត បែបមិនឱ្យមនុស្សដឹងខ្លួនមុនទៀតផង។ វាជាសត្វក្រពើតែ ១ក្បាលគត់នៅក្នុងតំបន់នោះ ដែលមិនធ្លាប់ជាប់អន្ទាក់របស់ព្រានប្រមាញ់សត្វក្រពើជនជាតិបារាំងដីល្បីល្បាញ ឈ្មោះ ប៉ាទ្រីស ហ្វ៉ា-យេ (Patrice Faye) សោះឡើយ សូម្បីតែម្តង និងរហូតមកដល់ពេលនេះ មានព័ត៌មានមិនផ្លូវការបានសរុបថា វាបានសម្លាប់មនុស្សអស់ជាង ៣០០នាក់ហើយ៕





























