ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅព្រឹកថ្ងៃ១៩ ខែមេសា រដ្ឋសភានឹងបន្តសម័យប្រជុំលើកទី៩ នីតិកាលទី៦ ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ចំនួនបី

ភ្នំពេញៈ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ដើម្បីធ្វើការពិភាក្សាកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣។ បន្ទាប់ពីពិភាក្សាអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។

បន្ទាប់ពីពិភាក្សា អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័ត ដោយកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ដោយមានរបៀបវារៈចំនួន៣ គឺ៖

  • ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ។
  • ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ។
  • ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមជម្រាបថា សេចក្តីព្រាងច្បាប់ទាំងបីនេះ ត្រូវបានអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្រេចឯកភាពកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់ ស្តីពីសារពើពន្ធ ត្រូវបានរៀបចំឡើងជា ២០ជំពូក និង ២៥៥មាត្រា។ សេចក្តីព្រាងច្បាប់ ស្តីពីលទ្ធកម្មសាធារណៈ ត្រូវបានរៀបចំឡើងជា ១៥ជំពូក និង ៨៧មាត្រា។

សេចក្តីព្រាងច្បាប់ស្ដីពីសារពើពន្ធ ត្រូវបានរៀបចំឡើងដើម្បីផ្ដល់ភាពងាយស្រួល កែលម្អ បំពេញចន្លោះខ្វះខាត និងធានាបានសង្គតិភាពដោយ៖ (១) ប្រមូលផ្តុំចងក្រងច្បាប់និង លិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារដែលមាននៅក្រោមក្រឹត្យ-ច្បាប់នានា និងច្បាប់ស្តីពីសារពើពន្ធ ព្រមទាំងវិសោធនកម្មជាបន្តបន្ទាប់ ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការស្វែងរកនិងការ អនុវត្ត, (២) កែសម្រួលនិងបំពេញបន្ថែមនូវបទប្បញ្ញត្តិដែលមានភាពខ្វះចន្លោះ, (៣) ដាក់បញ្ចូល នូវគោលការណ៍ទន់ភ្លន់ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលសម្រាប់ការលើកទឹកចិត្ត ផ្នែកពន្ធដារមួយចំនួន, និង (៤) បើកផ្លូវឱ្យចូលរួមអនុវត្តក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម ឌីជីថលកម្ពុជា ស្របតាមការវិវឌ្ឍនៃសង្គម សេដ្ឋកិច្ច និងបរិបទថ្មីៗនៃវិស័យធុរកិច្ច តាមរយៈការ ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានទំនើបក្នុងការកៀរគរនិងគ្រប់គ្រងការប្រមូលចំណូល។

សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ត្រូវបានរៀបចំឡើងស្របតាមទិសដៅនៃកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ ក្នុងគោលបំណងដើម្បីធានាបាននូវភាពជឿទុកចិត្ត តម្លាភាព ប្រសិទ្ធភាព ការប្រកួតប្រជែង និងការសន្សំសំចៃ ព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ដោយប្រែក្លាយ តួនាទីរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទៅជានិយ័តករនិងជាអ្នកធ្វើសវនកម្មលើកិច្ចលទ្ធកម្ម ចំណែកក្រសួង ស្ថាប័ន នឹងត្រូវផ្ដល់សិទ្ធិអំណាចនិងការទទួលខុសត្រូវ ព្រមទាំងគណនេយ្យភាព ពេញលេញក្នុងការអនុវត្តកិច្ចលទ្ធកម្មរបស់ខ្លួន។

ចំណែកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានសម្រេចបញ្ជូន «សេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិង រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម» ទៅសុំការអនុម័តយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ ៕ រក្សាសិទ្ធដោយៈចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម