Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីក្រសួងពាណិជ្ជកម្ម កំពុងរកវិធីសាស្ត្រជំរុញការនាំចេញផលិតផលម្រេចពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិបន្ថែមទៀត

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យពិភាក្សារកវិធីសាស្ត្រលើការជំរុញការនាំចេញផលិតផលម្រេចពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលជាផលិតផលកសិ-ឧស្សាហកម្មដ៏សំខាន់មួយ ដែលរាជរដ្ឋាភិបាលបានចាត់បញ្ចូលក្នុងកន្សោមអាទិភាពនៃផលិតផលដែលមានសក្តានុពល អាចចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ផ្តល់ការងារ បង្កើនប្រាក់ចំណូល និងកាត់បន្ថយភាពក្រីក្រ។

ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានពិភាក្សារកវិធីសាស្រ្តជំរុញផលិតផលម្រេចកម្ពុជានេះ ជាមួយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្រ្កាបការក្លែងបន្លំ នាយកដ្ឋានពាក់ព័ន្ធ និងមន្ត្រីជំនាញរបស់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។

កិច្ចពិភាក្សា បានផ្តោតលើការលើកកម្ពស់គុណភាពម្រេចរបស់កម្ពុជា ការស្នើសុំវិញ្ញាបនបត្រប្រភពដើមទំនិញ និងការបំពញតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល រួមបញ្ចូលទាំងវិធានអនាម័យនិងភូតគាមអនាម័យ ដើម្បីជំរុញអភិវឌ្ឍនិងនាំចេញផលិតផលម្រេចរបស់កម្ពុជា។

គួរបញ្ជាក់ថា បើយោងតាមសមាគមម្រេចកំពត កាលពី ឆ្នាំ២០២២កន្លងទៅនេះ ការនាំចេញម្រេចកំពតសម្រេចបានត្រឹមតែប្រមាណ ៨២តោនប៉ុណ្ណោះ ខណៈកាលពីឆ្នាំ ២០២១ ម្រេចកំពតសម្រេចបានការនាំចេញសរុបរហូតដល់ជាង ១០០តោន។ ការនាំចេញធ្លាក់ចុះនេះ ក៏មានខាងក្រុមហ៊ុនបញ្ជាទិញមួយចំនួន បានស្នើឲ្យសមាគមលក់ម្រេចកំពតបញ្ចុះតម្លៃទាបជាងមុនផងដែរ ខណៈដែលជាច្រើនឆ្នាំមកនេះ តម្លៃទីផ្សារម្រេចកំពត គឺមិនដែលមានការប្រែប្រួលនោះទេ គឺមានចន្លោះពី ១៥ ទៅដល់២៨ដុល្លារក្នុងមួយគីឡូក្រាមទៅតាមប្រភេទម្រេចនីមួយៗ។

សូមជម្រាបជូនដែរថា កន្លងមក ក្រសួងពាណិជ្ជកម្ម បានខិតខំចរចាបើកទីផ្សារបន្ថែមថ្មីៗ ជាពិសេសក្នុងឆ្នាំ២០២២កន្លងទៅនេះ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសំខាន់ៗចំនួន៣ បានចូលជាធរមាន រួមមាន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ហើយបច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្ម ក៏បាននិងកំពុងដឹកនាំបញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមផងដែរ៕​

×