រដ្ឋធានីប្រេស៊ីលៀ (Brasília)៖ ទណ្ឌកម្មជាច្រើនរបស់បណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត បាន និង កំពុងតែធ្វើឲ្យសេដ្ឋកិច្ចរបស់រុស្ស៊ី ស្ថិតក្នុងភាពឯកោ ខណៈទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ជាមួយនឹងប្រទេសប្រេស៊ីល មានទំហំទឹកប្រាក់៩,៨ពាន់លានដុល្លារ ហើយមេដឹកនាំ នៃមហាប្រទេសអាមេរិកខាងត្បូងមួយនេះ ក៏បានថ្កោលទោស ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មហាអំណាចបស្ចិមលោក បន្ដផ្គត់ផ្គង់គ្រឿងសព្វាវុធ ទៅជួយដល់ក្រុងកៀវ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣ ថា លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergey Lavrov) រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី គ្រោងនឹងជួបជាមួយប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) ដែលចង់បង្ហាញ អំពីគោលជំហររបស់ក្រុងមូស្គូ លើការលុកលុយរបស់អ៊ុយក្រែន រហូតនាំឲ្យមានការខឹងសម្បា ពីសហរដ្ឋអាមេរិក និង បណ្ដាប្រទេសលោកខាងលិចផ្សេងៗទៀត។
លោកប្រមុខការទូតរុស្ស៊ី បានអញ្ជើញទៅដល់រដ្ឋធានីប្រេស៊ីលៀ កាលពីថ្ងៃចន្ទ ជាទីដែលគាត់ នឹងត្រូវពិភាក្សា លើបញ្ហាជាច្រើន ជាមួយនឹងរដ្ឋបាលរបស់លោកប្រធានាធិបតី លូឡា (Lula) រួមមាន ការធ្វើពាណិជ្ជកម្ម និង សង្គ្រាមរបស់ក្រុងមូស្គូ នៅលើទឹកដីរបស់អ៊ុយក្រែន។

លោករដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ ក្រោយកិច្ចប្រជុំ ជាមួយនឹងសមភាគីប្រេស៊ីល លោក មោរូ វីយេរ៉ា (Mauro Vieira) ថា «យើងសូមថ្លែងអំណរគុណ ចំពោះមិត្តប្រេស៊ីលរបស់យើង សម្រាប់ការឈ្វេងយល់យ៉ាងច្បាស់លាស់របស់ពួកគេ អំពីបុព្វហេតុ សម្រាប់ស្ថានភាព នៅអ៊ុយក្រែន។ យើងសូមអរគុណ ចំពោះបំណងប្រាថ្នារបស់ពួកគេ នៅក្នុងការចូលរួមចំណែក ស្វែងរកមធ្យោបាយ ដោះស្រាយស្ថានការណ៍នេះ»។
លោកប្រធានាធិបតីប្រេស៊ីល កាលពីប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ បានធ្វើឱ្យបណ្ដាប្រទេសលោកខាងលិច ខឹងសម្បាយ៉ាងខ្លាំង ជុំវិញការលើកឡើង ថា ភាគីជាច្រើន មានកំហុសឆ្គង ចំពោះសង្រ្គាម នៅអ៊ុយក្រែន។ ចំណែកសហរដ្ឋអាមេរិក បានលើកទឹកចិត្ត ជំរុញឲ្យមានការបន្ដសង្រ្គាម តាមរយៈការបញ្ជូនគ្រឿងសព្វាវុធ ទៅជួយដល់រដ្ឋបាលរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy)៕ រក្សាសិទ្ធដោយ ៖ សារាយSN















