ឆាករ៉ូមែនទិកមួយ បានកើតឡើងនៅក្នុងទីធ្លាផ្លូវដើរក្នុងអគារកន្លែងធ្វើការមួយ នៅពេលដែលបុរសម្នាក់ សម្រេចចិត្តលុតជង្គង់ចុះ សុំសង្សាររៀបការ តែសុខៗ រឿងរ៉ាវក៏ក្រឡាស់ ក្លាយជាឆាកដ្រាម៉ា នៅពេលមានស្រីស្អាតម្នាក់ ដើរមក ធ្វើឱ្យអ្នកកំលោះយើងភ្លេចខ្លួន ងាកទៅមើលឡើងស្លឺ។
នៅក្នុងឃ្លីបដែលបានពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា បុរសតែងខ្លួនធម្មតាៗម្នាក់ កំពុងអង្គុយលុតជង្គង់ហុចថង់កាដូជូនសង្សារដែលឈរនៅពីមុខគេ ខណៈដែលនាងក្រមុំ ក៏ស្លៀកពាក់យ៉ាងសាមញ្ញ ព្រោះមិននឹកស្មានថា ស្ថានការណ៍បែបនេះនឹងកើតឡើង។ នាងក្រមុំបានបង្ហាញកាយវិការចម្លែកចិត្តយ៉ាងខ្លាំង នៅពេលឃើញសង្សាររបស់ខ្លួន មកដល់កន្លែងធ្វើការរបស់នាង ដើម្បីសុំនាងរៀបការ។

រឿងរ៉ាវ គួរតែបញ្ចប់ទៅយ៉ាងស្រស់ស្អាតដូចនៅក្នុងខ្សែភាពយន្ត តែសុខៗស្ថានការណ៍ដែលហួសពីការនឹកស្មានមួយក៏កើតឡើង នៅពេលដែលមានស្រីស្អាតម្នាក់ បានដើរចូលមកក្នុងចំណុចដែលពួកគេកំពុងឈរ។ ស្ត្រីរូបនោះស្លៀកឈុតអ្នកធ្វើការអូហ្វ៊ីស សំពត់ខ្លីបញ្ចេញសាច់ភ្លៅ និងពាក់ស្បែកជើងកែងចោត ហើយអ្នកកំលោះដែលកំពុងសុំសង្សាររៀបការនោះ ក៏បែរខ្វាច់ទៅមើលស្រីស្អាតនោះយ៉ាងគ្មានស្ទាក់ស្ទើរបន្តិចណាឡើយ។

ជំនួសឱ្យការផ្ចង់ស្មារតីជាមួយនឹងចម្លើយរបស់សង្សារ ខ្សែភ្នែករបស់គេបែរជាសម្លឹងមើលទៅស្រីស្អាតដែលដើរទៅឈររង់ចាំជណ្ដើរយន្តនោះទៅវិញ…នៅពេលឃើញហេតុការណ៍ទាំងអស់នោះនៅនឹងភ្នែកបែបនេះ ក្រមុំគូសង្សារ ក៏ស្រែកដាក់មុខកំលោះគូស្នេហ៍ដោយកំហឹងថា “ពេលហ្នឹងហើយ បងឯងនៅមានអារម្មណ៍លួចមើលស្រីស្លៀកសំពត់ខ្លីទៀតឬ? មិនចេះខ្មាស់គេមែន!”
នៅពេលដឹងថាសង្សាររបស់ខ្លួនកំពុងខឹងហើយ អ្នកកំលោះយើងក៏ប្រញាប់ក្រោកឡើង និងអធិប្បាយកុំឱ្យគូស្នេហ៍យល់ច្រឡំ តែវាបែរជាកាន់តែធ្វើឱ្យគូស្នេហ៍រឹតតែខឹងខ្លាំងឡើង និងទះតប់រូបគេទៅវិញ ហើយក៏ធ្វើឱ្យរូបគេទាំងភ័យផង ខ្មាស់គេផង ទីបំផុតក៏ប្រញាប់បែរខ្នងដើរចេញពីទីនោះទៅ ដោយមាននាងក្រមុំគូស្នេហ៍ស្រែកជេរតាមក្រោយផង៕







