ទីក្រុងតៃប៉ិ៖ ស្របពេលចិន បាន និង កំពុងតែបង្កើននូវសកម្មភាពយោធា កាន់តែខ្លាំងឡើង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តៃវ៉ាន់ ក៏បានបង្កើនល្បឿនទិញគ្រឿងសព្វាវុធទំនើបៗ មកពីសហរដ្ឋអាមេរិក និង ផលិតមីស៊ីល ដោយខ្លួនឯង សម្រាប់ការពារដែនកោះរបស់ខ្លួន ត្រៀមទប់ទល់ ប្រឆាំងនឹងការលុកលុយណាមួយជាយថាហេតុ មកពីប្រទេសចិន។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍ឥណ្ឌា NDTV បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៨ ខែមេសា ថា តៃវ៉ាន់ បានបញ្ជាក់ ថា ក្រុងតៃប៉ិ មានផែនការទិញមីស៊ីល ប្រឆាំងនឹងនាវាចម្បាំង ប្រភេទ ហាភូន (Harpoon) ផលិតដោយក្រុមហ៊ុន ប៊ូអ៊ីង (Boeing) នៅសហរដ្ឋអាមេរិក ចំនួន ៤០០ដើម។ សកម្មភាពរបស់ក្រុងតៃប៉ិ ក៏ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ធ្វើយោធូបនីយកម្មដល់កងទ័ពរបស់កោះមួយនេះ។
សេចក្ដីរាយការណ៍ បានដកស្រង់សម្ដីរបស់លោក រូភើត ហាមម៉ុនដ៍-ឆាមប៊ឺរ (Rupert Hammond-Chambers) ប្រធាន ក្រុមប្រឹក្សាពាណិជ្ជកម្មសហរដ្ឋអាមេរិក-តៃវ៉ាន់ បានឲ្យដឹង ថា ការចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនប៊ូអ៊ីង ដែលទីបញ្ជាការប្រព័ន្ធការពារដែនអាកាសរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចេញនូវការកត់សម្គាល់ នៅក្នុងនាមតៃវ៉ាន់ ថា នេះជាលើកទី១ ដែលដែនកោះមួយនេះ នឹងទទួលបានប្រព័ន្ធគ្រឿងសព្វាវុធដ៏ទំនើបៗបែបនេះ។

នៅក្នុងខែមេសានេះ លោក ខេវិន ម៉ាកខាធី (Kevin McCarthy) ប្រធានសភាសហរដ្ឋអាមេរិក បានអនុញ្ញាតឲ្យលោកស្រី សៃ អ៊ីង-វ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ ចូលជួប នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ មេដឹកនាំទាំង២ បានសង្កត់ធ្ងន់ លើការបង្កើនល្បឿនបញ្ចេញគ្រឿងសព្វាវុធ ទៅកាន់តៃវ៉ាន់ ឲ្យបានលឿន ខណៈកំពុងតែប្រឈមមុខនឹងការគំរាមកំហែងពីចិន។
ក្រុងប៉េកាំង តែងតែអះអាង ថា តៃវ៉ាន់ ជាផ្នែកមួយ នៃទឹកដីរបស់ចិន ហើយក្រុងប៉េកាំង នឹងប្រើប្រាស់កម្លាំងយោធា ដើម្បីបង្រួបបង្រួមជាតិ នៅក្នុងករណីចាំបាច់។ ជាមួយនឹងការប្រឈមមុខនឹងការគំរាមកំហែងពីចិន នោះ សហរដ្ឋអាមេរិក ក៏បង្កើនល្បឿន បញ្ជូនគ្រឿងសឹកទំនើបៗ មកឲ្យតៃវ៉ាន់ ផងដែរ។
មន្ទីរបញ្ចកោណ ធ្លាប់ប្រកាស អំពីការលក់មីស៊ីលហាភូមិ (Harpoon) ចំនួន ៤០០ដើម ក្នុងតម្លៃ ១,១៧ពាន់លានដុល្លារ កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ។ ប៉ុន្ដែក្រុមមន្រ្ដីយោធាសហរដ្ឋអាមេរិក មិនបានបញ្ជាក់ អំពីអត្ដសញ្ញាណរបស់អ្នកទិញនោះឡើយ។ ដោយឡែក ការផលិតមីស៊ីលទាំងនេះ អាចនឹងរួចរាល់ នៅខែមីនា ឆ្នាំ២០២៩ ខណៈសារព័ត៌មាន Bloomberg បានរាយការណ៍ អំពីឈ្មោះអ្នកទិញមីស៊ីលទាំងនេះ ជាដែនកោះតៃវ៉ាន់។

តៃវ៉ាន់ បានបញ្ជាក់ កាលពីឆ្នាំ២០២០ ថា ក្រុងតៃប៉ិ មានគម្រោងទិញមីស៊ីល ប្រឆាំងនឹងនាវាចម្បាំង ប្រភេទ ហាភូន (Harpoon) ផលិតដោយក្រុមហ៊ុន Boeing ហើយវាជាផ្នែកមួយ នៃការបង្កើនសមត្ថភាពយោធារបស់ខ្លួន ឲ្យកាន់តែខ្លាំងក្លាឡើង។ បើទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Boeing មិនបានធ្វើអត្ថាធិប្បាយ ជុំវិញបញ្ហានេះឡើយ ស្របពេលការលក់អាវុធរបស់សហរដ្ឋអាមេរិក ទៅឱ្យតៃវ៉ាន់ បង្កឲ្យមានភាពតានតឹង កាន់តែខ្លាំងឡើង ជាមួយចិន៕ រក្សាសិទ្ធដោយ ៖ សារាយSN



























