Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រវត្តិរឿងរ៉ាវ “សត្វសម្លាប់មនុស្ស” សោកនាដកម្មដែលកើតមានពិតលើពិភពលោក (ភាគ ២)

តាមរយៈភាគទី១ យើងប្រហែលជាបានដឹងហើយថា នៅពេលដែលសត្វ វាសម្រេចចិត្តបែរចង្កូមដាក់មនុស្សហើយនោះ ពួកវាអាចសាងនូវក្ដីភ័យខ្លាចដល់មនុស្សបានខ្លាំងក្លាប៉ុនណា និងបើលោកអ្នកគិតថា រឿងរ៉ាវកាលពីភាគទី១ នៅមិនទាន់ធ្វើឱ្យព្រឺព្រួចភ័យខ្លាចគ្រប់គ្រាន់ទេ នេះគឺ ១ផ្នែកទៀតរបស់រឿងពិត ដែលបណ្តាសត្វកំណាចទាំងឡាយបានបន្សល់ភាពភ័យខ្លាចទុកឱ្យយើង…

១. ធូ ថូ ថម (Two Toed Tom)
ប្រវត្តិសត្វក្រពើស៊ីមនុស្សមួយនេះ មានរឿងរ៉ាវតំណាលនៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក តែរឿងមួយនៅក្នុងប្រវត្តិសាស្រ្តសត្វក្រពើកាចសាហាវ ដែលមានការរំឭកឡើងច្រើនបំផុតនោះ ប្រហែលជារឿងរ៉ាវរបស់ក្រពើ Two Toed Tom ឬអាថម ជើង២ សត្វក្រពើប្រវែង ៤ម៉ែត្ររបស់អាមេរិកខាងត្បូង ដែលរស់នៅក្នុងបឹង ធើ-រ៉ូ-រ៉ៃស៍ Terrorized បរិវេណជាយដែនរបស់រដ្ឋហ្វ្ល៉រីដា។ ឈ្មោះ Two Toed Tom នេះ បានមកដោយសារតែវាមានជើងតែ ២ ចំណែកឯមូលហេតុដែលធ្វើឱ្យវានៅសល់ជើងតែ ២នេះ គឺមកពីអន្ទាក់របស់មនុស្សដែលព្យាយាមតាមប្រមាញ់វាហ្នឹងឯង។ ហើយរឿងហ្នឹងឯង ដែលធ្វើឱ្យពួកអ្នកស្រុកជឿថា វាបានគុំគួននឹងមនុស្ស ដែលបានធ្វើឱ្យវាឈឺចាប់ រហូតដល់ចាប់ផ្តើមចេញរាតត្បាតធ្វើបាបមនុស្សគ្រប់ទីកន្លែង រហូតដល់មានអ្នកព្យាយាមតាមសម្លាប់វាជាច្រើនលើក តែគ្មានលើកណាមួយធ្វើបានសម្រេចឡើយ។ រហូតទីបំផុតវាក៏បាត់ខ្លួនទៅដោយឯកឯង។
ទោះជាមានអ្នកជឿថា រឿងរបស់ Two Toed Tom គ្រាន់តែជារឿងនិទាន ជារឿងដែលប្រឌិតឡើងដើម្បីកុហកក្មេងៗកុំឱ្យទៅលេងទឹកតែម្នាក់ឯងក៏ដោយ តែមានមនុស្សជាច្រើន នៅតែជឿថា សត្វក្រពើកំបុតជើង២ មួយក្បាលនេះពិតជាមានមែន ហើយវានៅមានជីវិតនៅឡើយទៀតផង។

២. ឌើ ប៊ែរ អហ្វ ម៉ាយហ្ស័រ (The Bear of Mysore)
ទោះជាខ្លាឃ្មុំភាគច្រើន ជាសត្វស៊ីសាច់ឆៅ និងមានភាពកាចសាហាវដោយសញ្ជាតិញាណមែន តែសម្រាប់ខ្លាឃ្មុំ ស្លត់ វិញនោះ វាស្ទើរតែគ្មានភាពកាចសាហាវ ឬមានប្រវត្តិចូលចិត្តធ្វើបាបមនុស្សសោះឡើយ ហើយថែមទាំងជាសត្វដែលចូលចិត្តស៊ីតែផ្លែឈើ និងសត្វល្អិតខ្លាំងជាងសាច់ឆៅទៅទៀត។ តែសម្រាប់សត្វខ្លាឃ្មុំនៃ ម៉ាយហ្ស៊័រវិញ វាបែរជាកាចសាហាវខ្លាំងរហូតដល់ចេញរាតត្បាត និងសម្លាប់មនុស្សតាមភូមិស្រុកផ្សេងៗក្នុងតំបន់ម៉ាយហ្ស៊័រ ប្រទេសឥណ្ឌា ស្លាប់អស់ដល់ទៅ ១២នាក់ឯណោះ។
មូលហេតុដែលធ្វើឱ្យខ្លាឃ្មុំ ១ក្បាលនេះ កាចសាហាវដល់ថ្នាក់នោះ មានពាក្យតំណាលផ្សេងៗពីគ្នាថា តាំងពីវាត្រូវមនុស្ស លួចយកកូនរបស់វាទៅបាត់ និងអ្នកខ្លះនិយាយថា មកពីវាធ្លាប់ត្រូវមនុស្សចាប់យកទៅធ្វើបាបយ៉ាងវេទនា រហូតធ្វើឱ្យវាខឹង មានគំនុំគុំគួន និងតាមប្រមាញ់រាល់មនុស្សណាដែលវាបានជួប។
តែ មិនថាដោយសារហេតុផលអ្វី ដែលធ្វើឱ្យវាក្លាយទៅជាសត្វកំណាចបែបនេះឡើយ តែខ្លាឃ្មុំ ១ក្បាលនេះត្រូវបានសម្លាប់ដោយ Kenneth Anderson ព្រានប្រមាញ់សត្វសាហាវ និងជាអ្នកនិពន្ធជនជាតិឥណ្ឌា ដែលត្រូវការធ្វើរឿងនេះដោយខ្លួនឯង និងកត់ត្រារឿងរ៉ាវនៃការប្រមាញ់លើកនេះ ទុកនៅក្នុងសៀវភៅ Man-Eaters and Jungle Killers។

៣. ឌើ ផាណា លៀវផាដ (The Panar Leopard)
ទោះជាមានមាឌតូចដែលស្ទើរតែតូចជាងគេបំផុតក្នុងចំណោមសត្វខ្លាទាំងឡាយមែន តែកុំប្រមាថសត្វខ្លារខឹនជាដាច់ខាត ព្រោះពួកវាមានអារម្មណ៍កាចសាហាវខ្លាំងជាងលោកអ្នកគិតទៅទៀត និងនៅពេលប្រៀបធៀបតាមទម្ងន់ ១ផោនដ៍ ទល់ ១ផោនដ៍វិញនោះ កម្លាំងខាំត្របាក់របស់វា ខ្លាំងក្លាជាងសត្វតោទៅទៀត ហើយរឿងហ្នឹងឯងដែលធ្វើឱ្យវាក្លាយជាសុបិនអាក្រក់របស់ពួកអ្នកស្រុកដែលរស់នៅក្នុងតំបន់ជាមួយនឹងពួកសត្វខ្លារខឹនទាំងនោះ ព្រោះនៅពេលណាដែលសត្វឆ្មាយក្ស ១ក្បាលនេះបានភ្លក្សរសជាតិសាច់មនុស្សហើយនោះ វាសឹងតែញាត់លោកអ្នកចូលទៅក្នុងមុខម្ហូបចម្បងរបស់វាតែម្តង។ ដូចជាសត្វខ្លារខឹននៃតំបន់ ផាណាដែលចេញប្រមាញ់មនុស្សនៅក្នុងស្រុក ខាម៉ាអន (Kamaon) ភាគខាងជើងនៃប្រទេសឥណ្ឌា អ៊ីចឹងដែរ។ គេនាំគ្នានិយាយថា វាបានសម្លាប់មនុស្សអស់ដល់ទៅ ៤០០នាក់ទៅហើយ រហូតធ្វើឱ្យវាទទួលបានរហស្សនាមថា “ខ្លារខឹនស៊ីមនុស្ស” មកគ្រប់គ្រង។
ទោះជាវាមានឈ្មោះថា ជាអ្នកប្រមាញ់សាច់មនុស្សដ៏គួរឱ្យភ័យខ្លាចក៏ដោយ តែទីបំផុត ក៏វាត្រូវចប់ជីវិតនៅក្នុងឆ្នាំ១៩១០ ដោយអ្នកប្រមាញ់សត្វជនជាតិអង់គ្លេសម្នាក់ឈ្មោះ ជីម ខ័របេត (Jim Corbett) ដែលបានឮពីភាពល្បីល្បាញរបស់សត្វខ្លា ១ក្បាលនេះ និងត្រូវការបញ្ឈប់វាឱ្យបាន ដែលទីបំផុត គាត់ក៏ធ្វើបានសម្រេច និងបានសរសេររឿងនេះចូលទៅក្នុងសៀវភៅ Man-Eaters of Kamaon ផងដែរ។

៤. ឌើ ឈែមផាវ៉ាត់ ថៃហ្គ្រេស (The Champawat Tigress)
ទោះបីជាសត្វខ្លាធំ ជាសត្វអាថ៌កំបាំង និងព្យាយាមចៀសគេចពីការប្រឈមមុខជាមួយមនុស្សក៏ដោយ តែសម្រាប់សត្វខ្លាកំណាចនៃ ឈែមផាវ៉ាត់ វិញ វាក្លាយជារឿងតំណាលតៗគ្នាដ៏កំពូលរន្ធត់របស់សត្វខ្លាភេទញី ១ក្បាល ដែលសម្លាប់មនុស្សនៅក្នុងប្រទេស នេប៉ាល និងឥណ្ឌាអស់ ៤៣៦នាក់រួចមកហើយ រហូតដល់ត្រូវបានចារឹកទុកថា ជាហេតុការណ៍ដែលសត្វតែ ១ក្បាលគត់ ដែលសម្លាប់មនុស្សអស់ច្រើនបំផុតនៅលើពិភពលោក រហូតដល់កងទ័ពនៃប្រទេស នេប៉ាល ត្រូវបញ្ជូនមនុស្សពូកែៗ ឱ្យឆ្លងព្រំដែនប្រទេសឥណ្ឌា ដើម្បីទៅសម្លាប់វា។

តែជំនួសឱ្យការដែលពួកគេទាំងនោះបានឃើញមុខមាត់របស់សត្វខ្លាញីកំណាចនោះ ពួកគេបែរជាត្រូវជួបនឹងក្តីបរាជ័យយ៉ាងអស់ក្បាច់ទៅវិញ ព្រោះនៅពេលការប្រឈមមុខគ្នាមកដល់ ទាហានជើងខ្លាំងភាគច្រើន បែរជាភ័យរន្ធត់ញាប់ញ័រ មិនហ៊ានវាយប្រហារវា និងថែមទាំងត្រូវវាវាយប្រហារបកវិញទៀតផង។ ហើយរឿងនោះបានក្លាយជាកម្លាំងជំរុញឱ្យភាពកាចសាហាវរបស់សត្វខ្លាញី ១ក្បាលនេះរឹតតែខ្លាំងដៃឡើងទៅទៀត រហូតដល់ធ្វើឱ្យវាហ៊ានវាយប្រហារមនុស្សទាំងកណ្តាលថ្ងៃត្រង់ទៀតផង។ ដល់ថ្នាក់ខាងរដ្ឋការឥណ្ឌា បានដាក់តម្លៃក្បាលរបស់វា ជាប្រាក់រង្វាន់ សម្រាប់អ្នកណាដែលអាចសម្លាប់វាបានទៀយផង…តែក៏នៅតែគ្មានអ្នកណាហ៊ាន…។
ទោះវាជាអ្នកប្រមាញ់ដ៏គួរឱ្យខ្លាចមែន តែទីបំផុតសត្វខ្លាញីកំណាច ១ក្បាលនេះ ក៏ត្រូវបាញ់សម្លាប់ដោយ Jim Corbett ក្នុងឆ្នាំ១៩១១ (ជាអ្នកដែលសម្លាប់ខ្លារខឹននៃផាណា) ដែលវាបានក្លាយជាមហាវីរកម្មដ៏គួរឱ្យសរសើរតម្កើងយ៉ាងខ្លាំងរបស់គាត់ (ជាពិសេសនៅពេលដែលគាត់បដិសេធមិនទទួលយកប្រាក់រង្វាន់) ហើយរឿងរ៉ាវនេះ ថែមទាំងត្រូវបានសរសេរចូលទៅក្នុងសៀវភៅ Man-Eaters of Kamaon ផងដែរ៕

×