រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលប្រធានាធិបតីប្រេស៊ីល បានវាយប្រហារទៅលើបណ្ដាប្រទេសលោកខាងលិច និង សម្ពន្ធមិត្ត ជុំវិញការបន្ដផ្ដល់គ្រឿងសព្វាវុធ ជួយដល់ក្រុងកៀវ នោះមក មន្រ្ដីជាន់ខ្ពស់សហរដ្ឋអាមេរិក បានរិះគន់យ៉ាងខ្លាំង តបតទៅមេដឹកនាំ នៃមហាប្រទេសអាមេរិកខាងត្បូងមួយនេះ។
សារព័ត៌មាន BBC បានចេញផ្សាយ កាលពីរាត្រី ថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣ ថា សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានរិះគន់យ៉ាងខ្លាំង ដល់លោក លូអ៊ីស អ៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា (Luiz Inacio Lula da Silva) ប្រធានាធិបតីប្រេស៊ីល ជុំវិញការចោទប្រកាន់ មកលើក្រុងវ៉ាស៊ីនតោន អំពីការលើកទឹកចិត្ត ដល់ការធ្វើសង្គ្រាម នៅអ៊ុយក្រែន។

លោក លូឡា ប្រធានាធិបតីប្រេស៊ីល បានអះអាង ក្រោយការបំពេញទស្សនកិច្ច នៅក្នុងប្រទេសចិន កាលពីចុងសប្ដាហ៍មុន ថា សហរដ្ឋអាមេរិក មានតម្រូវការចាំបាច់ ត្រូវចាប់ផ្ដើមចរចាសន្ដិភាព សម្រាប់អ៊ុយក្រែន។ ដោយឡែក ដំណើរទស្សនកិច្ចទៅកាន់ប្រេស៊ីល លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergei Lavrov) ក៏បានជួបជាមួយនឹងលោកប្រធានាធិបតី លូឡា ហើយបានថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែងរបស់មហាប្រទេសអាមេរិកខាងត្បូងមួយនេះ។
លោក ចន ឃើរប៊ី (John Kirby) អ្នកនាំពាក្យ ក្រុមប្រឹក្សាសន្ដិសុខជាតិអាមេរិក បានចោទប្រកាន់លោកប្រធានាធិបតី លូឡា ជាអ្នកឃោសនាបំផ្លើស ជួយដល់រុស្ស៊ី និង ចិន។

លោកប្រធានាធិបតី លូឡា ដែលបានតាំងខ្លួនគាត់ ជាអ្នកសម្របសម្រួល សម្រាប់កិច្ចចរចាសន្តិភាព ដើម្បីបញ្ចប់ជម្លោះ នៅអ៊ុយក្រែន បានថ្លែង កាលពីចុងសប្តាហ៍មុន ថា «សហរដ្ឋអាមេរិក ចាំបាច់ត្រូវតែបញ្ឈប់សង្រ្គាម ហើយចាប់ផ្តើម និយាយអំពីសន្តិភាព»។ ការធ្វើអត្ថាធិប្បាយរបស់លោកប្រធានាធិបតីប្រេស៊ីល បានកើតឡើង ក្រោយជំនួបជាមួយសមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping)។ ដោយឡែក ចិន បានចេញផ្សព្វផ្សាយផែនការសន្តិភាពរបស់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ដោយមិនបានអំពាវនាវដល់រុស្ស៊ី ឲ្យដកកងទ័ពរបស់ខ្លួនទាំងអស់ ចេញពីប្រទេសអ៊ុយក្រែន នោះឡើយ។

រយៈពេលកន្លងមក យូរឆ្នាំហើយ សហរដ្ឋអាមេរិក ចេះតែប្រើដៃជើងរបស់ខ្លួន គឺអង្គការយោធាណាតូ ចូលទៅកៀកព្រំដែននៃប្រទេសរុស្ស៊ី មានន័យថា ចេះតែបង្កើតសមាជិករបស់ខ្លួននៅកៀកៗរបងផ្ទះប្រទេសរុស្ស៊ី ធ្វើឱ្យប្រទេសមហាអំណាចយោធាទី២នៃពិភពលោកមួយនេះ មានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខរបស់ខ្លួនយ៉ាងខ្លាំង ព្រោះតែមហាអំណាចយោធាទី១នៃពិភពលោក សហរដ្ឋអាមេរិក ចេះតែចង់ប្រកួតប្រជែងដណ្ដើមយកភូមិសាស្ត្រនយោបាយនៅលើទឹកដីក្បែរៗប្រទេសរុស្ស៊ី ជាពិសេសការលួងលោមបញ្ចុះបញ្ចូលអ៊ុយក្រែននេះឯង ហើយរដ្ឋាភិបាលវិមានក្រឹមឡាំង បានធ្វើលិខិត និងបញ្ជូនកំណត់ទូតទៅកាន់សហរដ្ឋអាមេរិកញឹកញាប់ផងដែរ អំពីបញ្ហាសន្តិសុខនៃភូមិសាស្ត្រនយោបាយកៀកៗប្រទេសរុស្សីនេះ តែសហរដ្ឋអាមេរិកខ្លួនឯងមិនស្ដាប់ ធ្វើជាមិនដឹងមិនឮ។

ហេតុដូច្នេះ បានធ្វើឱ្យរុស្ស៊ី អត់ទ្រាំពុំបានក៏ត្រូវបង្ហាញឫទ្ធិអំណាចនៃមហាអំណាចយោធាទី២ របស់ខ្លួនវិញផងដែរ គឺបើកប្រតិបត្តិការយោធាចូលលុកលុយយ៉ាងពេញទំហឹងទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីឱ្យស្គាល់ថា រុស្សស៊ីជាអ្វី? រុស្ស៊ីមិនមែនតុក្កតាជ័រសម្រាប់ក្រុមពួកអ្នកឯងធ្វើអ្វីៗតាមអំពើចិត្តនោះទេ, ហើយចាប់តាំងពីពេលនោះ រហូតមកដល់ពេលនេះ តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ (ICC) បានចេញដីកាចាប់ខ្លួន លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី ទៀតផង ប៉ុន្តែទោះជាយ៉ាងណាតុលាការមួយនេះ បានត្រឹមតែចេញដីកាប៉ុណ្ណោះ ហើយអ្វីដែលព្រលឹងខុងងសក់ជាងនេះទៅទៀតនោះ គឺក្រុមមេដឹកនាំរុស្ស៊ី បានព្រមានថា ទីស្នាក់ការតុលាការហ្នឹងចង់ស៊ីនុយក្លេអ៊ែរ ណាស់ទៅមែនទេ?!
គួរបញ្ជាក់ថា លោកប្រមុខការទូតរុស្ស៊ី ដែលទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទ បានបញ្ជាក់ ថា «ក្រុងមូស្គូ សូមអរគុណដល់មិត្ដប្រេស៊ីលរបស់យើង សម្រាប់ការឈ្វេងយល់យ៉ាងច្បាស់ អំពីស្ថានភាពជាក់ស្ដែង។ យើងសូមអរគុណដល់សេចក្ដីប៉ងប្រាថ្នារបស់ពួកគេ បន្ដស្វែងរកនូវការសម្របសម្រួលស្ថានការណ៍នាពេលបច្ចុប្បន្ន»។

ប្រេស៊ីល ក៏ជាប្រទេសមួយ មិនបានចូលរួមជាមួយនឹងបណ្ដាប្រទេសលោកខាងលិច ដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី ហើយថែមទាំងបានបដិសេធដល់សំណើផ្គត់ផ្គង់គ្រាប់រំសេវទៅឲ្យប្រទេសអ៊ុយក្រែន។ ប៉ុន្ដែប្រេស៊ីល កំពុងតែអំពាវនាវសុំឲ្យមានការចរចាសន្ដិភាព បញ្ចប់ជម្លោះរវាង រុស្ស៊ី និង អ៊ុយក្រែន។ ផ្ទុយទៅវិញ អ៊ុយក្រែន និងសម្ពន្ធមិត្តលោកខាងលិចរបស់ខ្លួន បានបញ្ជាក់ថា បទឈប់បាញ់បន្ទាន់ណាមួយដែលនឹងអនុញ្ញាតឲ្យរុស្ស៊ីបន្ដកាន់កាប់ទឹកដីអ៊ុយក្រែន ដោយខុសច្បាប់ តាមរយៈការប្រើប្រាស់កម្លាំងទ័ព គឺមិនអាចនោះទេ៕ រក្សាសិទ្ធដោយ ៖ សារាយSN











