កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសចិន បានកើតឆាកប្រចណ្ឌមួយឡើងនៅក្នុងទីសាធារណៈ នៅពេលបុរស ១នាក់ និងស្រី ២នាក់បានប្រវាយប្រតប់គ្នានៅលើផ្លូវថ្នល់។ ស្រីពាក់អាវសម្នាក់ បានរត់ចូលទៅទះតប់ស្រីពាក់អាវខ្មៅ យ៉ាងក្រេវក្រោធ ខណៈបុរសដែលឈរនៅក្បែរនោះ ប្រញាប់ស្ទុះចូលទៅចាប់ឱបស្រីពាក់អាវស ដើម្បីទុកឱកាសឱ្យស្រីពាក់អាវខ្មៅរត់គេចចេញ តែស្ថានការណ៍នោះ រឹតតែធ្វើឱ្យស្រីដែលត្រូវគេចាប់ឱបជាប់នោះ ខឹងក្រេវក្រោធកាន់តែខ្លាំងឡើង ស្រែកជេរ ស្ដីឱ្យបុរសនោះមិនបណ្ដាក់មាត់។

នៅពេលសាកសួរព័ត៌មានទៅ ទើបដឹងថា ស្ត្រីក្នុងសម្លៀកបំពាក់ពណ៌ស និងបុរសម្នាក់នោះ ជាស្វាមីភរិយានឹងគ្នា ចំណែកឯស្ត្រីដែលរត់គេចបាត់នោះ គឺអនុភរិយារបស់ប្ដី។ ហេតុការណ៍ហិង្សានេះ បានកើតឡើង ក្រោយពីភរិយាដើម បានដឹងថា ប្ដីខ្លួនកំពុងនាំស្រីម្នាក់ដើរលេង នាងក៏ខំរម្ងាប់កំហឹង និងប្រញាប់ចេញតាមរកភ្លាមតែម្ដង។
ចំណែកបុរសជាប្ដី នៅពេលឃើញភរិយាផុសឡើងកណ្ដាលផ្លូវ ចេញមកឈរឃាត់ឡានរបស់ខ្លួន គេភ័យរន្ធត់ខ្លាំងណាស់ តែមុននឹងរូបគេប្រុងធ្វើអ្វីមួយនោះ ភរិយាក៏ស្ទុះមកបើកទ្វារឡាន ហើយចាប់អូស “ជនទី៣” ចេញមកដើម្បីទម្លាយកំហឹង។ តែយ៉ាងណាក្ដី ស្វាមីបានប្រញាប់រត់ទៅចាប់ឱបប្រពន្ធជាប់ ដើម្បីទុកឱកាសឱ្យស្រីក្មេងនោះរត់គេចខ្លួន។

ពេលភរិយាឃើញស្រីក្មេងរបស់ប្ដីរត់គេច នាងរឹតតែខឹងក្រេវក្រោធ និងស្រែកជេរបញ្ចោរកាន់តែខ្លាំងឡើង។ នាងចង់ស្ទុះទៅតាមចាប់ខ្លួនស្រីម្នាក់នោះមកវិញ តែប្ដី បែរជាចាប់ដៃនាងជាប់ និងឱបមិនឱ្យនាងរើទៅណាបានឡើយ។
ក្រោយពីឃ្លីបវីដេអូនោះត្រូវបានស៊ែរ៍នៅក្នុងបណ្ដាញសង្គម ក៏បានទទួលការចាប់អារម្មណ៍ពីបណ្ដាអ្នកលេងអ៊ីនធើណិតយ៉ាងច្រើន និងយ៉ាងឆាប់រហ័ស។ មនុស្សភាគច្រើនថ្កោលទោសទង្វើរបស់បុរសនោះយ៉ាងខ្លាំងក្លា ជាពិសេសការការពារភរិយារបស់គេ និងមានមនុស្សជាច្រើនទៀត ណែនាំឱ្យស្រីជាភរិយា ដោះស្រាយបញ្ហាយ៉ាងចិត្តត្រជាក់ៗ កុំប្រើអំពើហិង្សាលើអ្នកដទៃ ព្រោះអាចមានកំហុសខាងផ្លូវច្បាប់៕






