ខេត្តព្រះសីហនុ៖ គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ទ្រង់ទ្រាយធំ កាលពីព្រឹកថ្ងៃសោរ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានឲ្យដឹងថា យុទ្ធនាការឃោសនាបោះឆ្នោត កាលពីព្រឹកម៉ិញនេះ មានដំណើរការរលូន និងមានប្រជាពលរដ្ឋចូលរួមហែក្បួន តាមរយៈមធ្យោបាយម៉ូតូ និងរថយន្ត មានចំនួនរាប់ម៉ឺននាក់។
ទាក់ទិនបញ្ហានេះ គណៈកម្មាធិការជាតិរៀបចំការបោះ ឬហៅកាត់ គ.ជ.ប ក៏បានរំលឹកដល់អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ ត្រូវបំពេញភារកិច្ច របស់ខ្លួនឲ្យសមស្របតាមច្បាប់ និង ប្រកបដោយជំហរអព្យាក្រឹត មិនលម្អៀងក្នុងដំណើរការបោះ ឆ្នោត។
បញ្ហានេះ គ.ជ.ប. ក៏បានស្នើដល់ គ្រប់គណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ឲ្យចូលរួមសហការដោយគោរពច្បាប់ជាធរមានដើម្បីឲ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន។
លោក ហួត ផុន ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ មានប្រសាសន៍ថា ខេត្តព្រះសីហនុ ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួនជាង១២មុឺននាក់។ លោកបន្តថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៦ មូលដ្ឋាននេះ មានគណបក្សនយោបាយដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោតមាន១៤គណបក្ស បានចូលរួមប្រកួតប្រជែង។
លោក ហួត ផុន បានឲ្យដឹងដូច្នេះ រួបបញ្ជាក់ថា ខេត្តព្រះសីហនុ មានអាសនៈតំណាងរាស្ត្រចំនួន៣អាសនៈ។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។
រីឯយុទ្ធនាការឃោសនាបោះឆ្នោតសភានីតិកាលទី៦ មានរយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃ ទី៧ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
សម្រាប់គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបើកយុទ្ធនាការទ្រង់ទ្រាយធំ នៅតាមមូលដ្ឋានទាំង ៤ក្រុងស្រុករួមមាន៖ ក្រុងព្រះសីហនុ- ស្រុកស្ទឹងហាវ- ស្រុកព្រៃនប់ និងស្រុកកំពង់សីលា នៅតាមកាលពីព្រឹកថ្ងៃសោរ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៨ ដោយក្នុងមូលដ្ឋាននីមួយៗមានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់៕ ដែន សីមា