លោក វ៉ាំង ជាអ្នកស្រុកមណ្ឌលសានតុង ភាគខាងកើតប្រទេសចិន បានធ្វើពិធីរំឭកគុណឡានចាស់របស់គ្រួសារ ក្រោយពីបានប្រើប្រាស់វា អស់រយៈពេល ៨ឆ្នាំរួចមក។ នៅក្នុងឃ្លីបវីដេអូ ដែលថតដោយភរិយារបស់លោក គេមើលឃើញថា លោកវ៉ាំងកំពុងអង្គុយលុតជង្គង់នៅពីមុខរថយន្តពណ៌ស ១គ្រឿង។ បន្ទាប់ពីនោះ គេក៏ដុតក្រដាសតង្វាយ លើកដៃសំពះអធិដ្ឋាន និងឱនគោរពរថយន្តនោះ។

លោកវ៉ាំង បានប្រាប់ថា ក្រុមគ្រួសាររបស់លោកចាំបាច់ត្រូវទិញរថយន្តថ្មី តែមុននឹងទិញ ពួកលោកត្រូវការផ្ដល់កិត្តិយសដល់ឡានចាស់ ដែលនៅជាមួយក្រុមគ្រួសារលោក ៨ឆ្នាំមកហើយនេះជាមុនសិន។
លោកវ៉ាំង និងភរិយា បានប្រាប់ទៀតថា រថយន្តចាស់នេះ ជារថយន្តដំបូងគេដែលមានពួកគេជាម្ចាស់ និងទោះជាប្រើពេលវេលាយូរណាស់ ទម្រាំនឹងសន្សំលុយទិញបានមែន តែរថយន្ត ១គ្រឿងនេះបានធ្វើឱ្យជីវិតរបស់ពួកគេធូរធារឡើងយ៉ាងខ្លាំង។ ពួកគេជឿថា ឡាននេះ គឺជាសមាជិកម្នាក់ក្នុងគ្រួសារ វាប្រៀបដូចជាសាក្សីនៃពេលវេលា និងការចងចាំដូច្នោះដែរ ព្រោះវានៅជាមួយពួកគេតាំងពីពួកគេនៅជាគូស្នេហ៍នឹងគ្នា រហូតដល់ក្លាយជាក្រុមគ្រួសារមួយនាពេលបច្ចុប្បន្ន។

នៅពេលឃ្លីបវីដេអូមួយនេះ ត្រូវបានចែករំលែកនៅក្នុងបណ្ដាញទំនាក់ទំនងសង្គម អ្នកលេងអ៊ីនធើណិតជាច្រើន បាននាំគ្នាផ្ដល់ចំណាប់អារម្មណ៍លើរឿងរ៉ាវរបស់ក្រុមគ្រួសារមួយនេះ និងបានបញ្ចេញគំនិតយោបល់ ជាច្រើនទៀតផង ដូចជា “រឿងរ៉ាវមានហេតុផលជាច្រើន ធ្វើឱ្យខ្ញុំដូចជារាងស្រឡាញ់ឡានហ្នឹងដែរហើយ” , “ខ្ញុំគិតថា នេះជាលើកដំបូងហើយ ដែលមានការរៀបចំពិធីបែបនេះ មិនមែនជារឿងមន្តអាគមជំនឿអីទេ តែគ្រាន់តែដើម្បីឱ្យក្រុមគ្រួសារ បានសម្ដែងសេចក្ដីថ្លែងអំណរគុណ តែប៉ុនហ្នឹងឯង”៕




