រដ្ឋធានីខាទូម (Khartoum)៖ រដ្ឋាភិបាលក្រុងតូក្យូ បានរៀបចំជម្លៀសប្រជាជនជប៉ុន ចេញពីប្រទេសស៊ូដង់ ខណៈប្រជាជនរាប់ម៉ឺននាក់ រស់នៅក្នុងប្រទេសអាហ្វ្រិក ភាគឦសានមួយនេះ កំពុងតែរត់ភៀសខ្លួន ក្រោយការវាយប្រយុទ្ធគ្នា បានឈានចូលដល់ថ្ងៃទី៥។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ថា នៅក្នុងការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម អស់រយៈពេល៥ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋ រស់នៅក្នុងរដ្ឋធានីខាទូម កំពុងតែប្រឈមមុខនឹងការដាច់ភ្លើងអគ្គិសនី និង ការខ្វះខាតទឹកប្រើប្រាស់។

បើទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ការប៉ុនប៉ងជំរុញឲ្យមានបទឈប់បាញ់គ្នាជាថ្មី រវាងកងទ័ពរបស់ប្រទេសស៊ូដង់ និង កម្លាំងទាហានប៉ារ៉ា នៅក្នុងរដ្ឋធានីខាទូម បានទទួលបរាជ័យ។ បញ្ហានេះ នាំឲ្យមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីការខ្វះខាតនូវការផ្គត់ផ្គង់ស្បៀងអាហារ និង ការបំផ្លិចបំផ្លាញដល់សេវាសុខភាពសំខាន់ៗ នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។

បទឈប់បាញ់គ្នា រយៈពេល២៤ម៉ោង ត្រូវបានបណ្ដាប្រទេសជាច្រើន បញ្ចុះបញ្ចូល ដល់គូជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសសូដង់ ខណៈពួកគេកំពុងតែព្យាយាមជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីប្រទេសអាហ្វ្រិកមួយនេះ ក្រោយការផ្ទុះជម្លោះប្រដាប់អាវុធ អស់រយៈជាច្រើនថ្ងៃ កន្លងមកនេះ។ ចំណែកបទឈប់បាញ់គ្នា ត្រូវបានគេសន្មត់ ថា នឹងចូលជាធរមាន នៅត្រឹមម៉ោង៦ល្ងាច (វេលាក្នុងស្រុក)។ ប៉ុន្ដែបើទោះជាយ៉ាងណាក៏ដោយ សាក្សី នៅរដ្ឋធានីខាទូម បានអះអាង ថា ការប្រយុទ្ធគ្នា កំពុងតែបន្ត កាលពីថ្ងៃពុធ។

ដោយឡែក អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលក្រុងតូក្យូ បានបញ្ជាក់ កាលពីថ្ងៃពុធ ថា ក្រសួងការពារជាតិជប៉ុន កំពុងតែចាប់ផ្ដើម ជម្លៀសប្រជាជនរបស់ខ្លួន ចេញពីប្រទេសស៊ូដង់ ស្របពេលមានការវាយប្រយុទ្ធគ្នាយ៉ាងសាហាវជាថ្មី បានផ្ទុះឡើង កាលពីថ្ងៃអង្គារ។
លោក ហ៊ីរ៉ូកាហ្ស៊ូ ម៉ាតស៊ូណូ (Hirokazu Matsuno) ប្រធានខុទ្ទកាល័យ បានបញ្ជាក់ថា «ក្រសួងការបរទេសជប៉ុន បានស្នើដល់ក្រសួងការពារជាតិរបស់ខ្លួន ឱ្យប្រើប្រាស់យន្ដហោះរបស់កងកម្លាំងស្វ័យការពារ សម្រាប់ការជម្លៀសប្រជាជនជប៉ុន។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលក្រុងតូក្យូនឹងបន្តខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីធានាសុវត្ថិភាពដល់ប្រជាជនជប៉ុន ដែលកំពុងរស់នៅក្នុងប្រទេសស៊ូដង់ និងក្នុងប្រទេសជប៉ុន មិនឱ្យមានការហោះហើរទៅកាន់ប្រទេសស៊ូដង់ទៀតនោះទេ។ ការជម្លៀស ជនជាតិជប៉ុនចេញពីប្រទេសស៊ូដង់នេះ ធ្វើឡើងក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយក្រុមប្រទេស G7 និងបណ្ដាប្រទេសធំៗជាច្រើនទៀត»។

លោកនាយកខុទ្ទកាល័យ រូបនេះ បានប្រាប់ដល់ក្រុមអ្នកកាសែត ថា បើគិតត្រឹម ថ្ងៃពុធ មានប្រជាជនជប៉ុន ប្រហែល៦០នាក់ បានស្ថិតក្នុងប្រទេសស៊ូដង់។ រដ្ឋាភិបាលក្រុងតូក្យូ មានលទ្ធភាព ទាក់ទងទៅកាន់ពួកគេទាំងអស់ ហើយក៏មិនមានអ្នកណាម្នាក់ រងរបួសនោះដែរ ខណៈមានការបាញ់ប្រហារគ្នាយ៉ាងខ្លាំង នៅក្នុងប្រទេសស៊ូដង់ កាលពីថ្ងៃអង្គារ ដោយរំលោភលើបទឈប់បាញ់គ្នា រយៈពេល២៤ម៉ោង។
លោក វ៉ូលឃើរ ភើរថែស (Volker Perthes) បេសកជនរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ ថា ការប្រយុទ្ធគ្នា រវាងកងទ័ព និង កងកម្លាំង ប៉ារ៉ា (RSF) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧០ នាក់ និង របួសជាង ២ ៦00 នាក់ ខណៈមានការវាយប្រហារតាមអាកាស និង ការប្រយុទ្ធគ្នា នៅរដ្ឋធានីខាទូម (Khartoum ) និង ការវាយប្រយុទ្ធគ្នា នៅទូទាំងប្រទេសស៊ូដង់៕ រក្សាសិទ្ធដោយ ៖ សារាយSN
















