ភ្នំពេញ ៖ ប្រទេសកម្ពុជា ឈរលើចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ដែលរំពឹងថា នឹងមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត សរុប ១៦ប្រទេសក្នុងឆ្នាំ២០២៣នេះ, នេះបើតាមសេចក្តីរាយការណ៍របស់គេហទំព័រ Finance.yahoo.com ចេញផ្សាយនាពេលថ្មីៗនេះ។
ការរៀបចំតួលេខឈានមុខ លើផ្នែកលូតលាស់សេដ្ឋកិច្ចសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងពិភពលោក ដែលរកឃើញមាន ១៦ប្រទេស លូតលាស់លឿនជាងគេ ហើយប្រទេសកម្ពុជាឈរលើចំណាត់ថ្នាក់ទី១៤ នេះ, គេហទំព័រ Finance.yahoo.com បានរាយការណ៍ថា ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា មានទំហំ ២៦,៩៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ ហើយសមភាពកម្លាំងទិញ (PPP) បានកើនឡើងដល់ ៧៥ពាន់លានដុល្លារគិតត្រឹមដំណាច់ឆ្នាំ២០២២។

គេហទំព័រ Finance.yahoo.com រាយការណ៍ទៀតថា កម្ពុជាបានបង្ហាញសញ្ញាណនៃការស្ទុះងើបសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ដោយមានកត្តាជំរុញជាប្រចាំរបស់ខ្លួនពោលគឺការនាំចេញទំនិញផលិតកម្ម និងទំនិញកសិកម្ម បានស្ទុះងើបឡើងវិញពេញលេញ និងការទាក់ទាញវិនិយោគិនបរទេស។
ក្នុងឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងកើនឡើង ៥,៨% ដែលជាមួយនឹងកំណើននេះ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី១៤ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ ១៦ ផ្សេងទៀត ដែលមានសេដ្ឋកិច្ចកើនឡើងលឿនបំផុតក្នុងពិភពលោក។

Finance.yahoo.com បានបន្ថែមថា ងាកទៅឆ្នាំ២០២២ សេដ្ឋកិច្ចពិភពលោកបានប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរជាច្រើន រួមទាំងជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមនៅអ៊ុយក្រែន ដែលនាំឱ្យមានវិបត្តិស្បៀងអាហារ និងថាមពល អតិផរណាខ្ពស់ ការរឹតបន្តឹងបំណុល និងគ្រោះអាសន្នអាកាសធាតុ។ បញ្ហាប្រឈមទាំងនេះបានប៉ះពាល់ដល់ប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងបំផុត ដោយសារប្រទេសទាំងនេះពឹងផ្អែកលើឥណទានសាកល ដែលមានតម្លៃថោកដើម្បីជំរុញកំណើនសេដ្ឋកិច្ច។

សូមបញ្ជាក់ថា ការបង្កើតបញ្ជីប្រទេសកំពុងអភិវឌ្ឍន៍ដែលមានសេដ្ឋកិច្ចកើនឡើងលឿនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៣នេះ គឺជាការប្រមូលយកនូវមូលដ្ឋានប្រទេសកំពុងអភិវឌ្ឍន៍លូតលាស់សេដ្ឋកិច្ចពិតប្រាកដរបស់ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ហើយបានដាក់ចំណាត់ថ្នាក់ប្រទេសទាំង១៦នេះ ដោយផ្អែកលើការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំ២០២៣ របស់មូលនិធិ IMF ផ្ទាល់តែម្ដង។
ប្រទេសដែលមាន GDP តិចជាង ១ពាន់លានដុល្លារ មិនត្រូវបានរាប់បញ្ចូលក្នុងការគណនានេះទេ ដោយសារប្រទេសទាំងនោះត្រូវបានគេចាត់ទុកថា មិនមានភាពសំខាន់ខាងផ្នែកសេដ្ឋកិច្ចក្នុងកម្រិតពិភពលោក ទោះបីជាប្រទេសទាំងនោះកំពុងអភិវឌ្ឍក្នុងល្បឿនលឿនក៏ដោយ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN





























