Friday, March 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឡានអាពាហ៍ពិពាហ៍ ប៉ះគ្នានឹងឡានដឹកសព ចង់ឈ្នះរៀងខ្លួន ទីបំផុតកូនក្រមុំចុះមក និយាយ ១ម៉ាត់ អូខេ!

នៅឯមណ្ឌលហ្វ៊ូចៀន ភាគខាងកើតឆៀងខាងត្បូងប្រទេសចិន មានហេតុការណ៍ដែលមិននឹកស្មានដល់មួយ បានកើតឡើង នៅពេលរថយន្តអាពាហ៍ពិពាហ៍ និងរថយន្តដឹកសាកសពបានមកវាក់អ៊ើគ្នានៅលើផ្លូវដ៏ចង្អៀត ១ខ្សែ។ ធ្វើឱ្យកើតស្ថានការណ៍តានតឹងឡើង តែការចាត់ការរបស់កូនក្រមុំ បានទទួលការចាប់អារម្មណ៍ និងកោតសរសើរពីបណ្ដាញសង្គមអនឡាញ។

នៅថ្ងៃនោះ រថយន្តអាពាហ៍ពិពាហ៍ ទើបនឹងចេញដំណើរពីផ្ទះកូនក្រមុំ និងតម្រង់ឆ្ពោះទៅកន្លែងរៀបចំពិធី តែភ្លាមនោះឯង ក៏បានវាក់អ៊ើនឹងក្បួនរថយន្ត ១ខ្សែទៀត ដែលធ្វើដំណើរបញ្ច្រាស់មក ធ្វើឱ្យក្បួនរថយន្តទាំង២ ត្រូវប្រឈមមុខគ្នានៅលើទ្រូងផ្លូវតែម្ដង។ គ្រាន់តែមើលមួយភ្លែត ក៏ដឹងដែរថា ក្រុមទាំង២ មានបរិយាកាសខុសគ្នាយ៉ាងស្រឡះ។ ខណៈដែល ១ក្រុមសប្បាយរីករាយអ៊ឹកធឹកក្អាកក្អាយ ១ក្រុមទៀតសុទ្ធតែកំពុងកើតទុក្ខសោកសង្រេង ស្លៀកសពាក់ស វាយឃ្មោះ ចាក់ភ្លេងខ្លងខែក និងអ្នកខ្លះស្រែកយំទៀតផង។

ក្នុងស្ថានការណ៍បែបនេះ ទាំង ២ក្រុម មិនព្រមថយក្រោយសិន ដើម្បីបើកផ្លូវឱ្យខាងណាមួយបានទៅមុខឡើយ។ ខាងក្រុមគ្រួសារដង្ហែសព បានលើកឡើងថា ពេលរំកិលសពចេញមកហើយ ថយត្រឡប់ទៅក្រោយវិញមិនបានទេ ខណៈដែលខាងក្រុមគ្រួសារដង្ហែកូនក្រមុំ ក៏អាងថា បើសិនថយឡានទៅក្រោយវិញ វាមានផលប៉ះពាល់ដល់ជោគសំណាងក្នុងការរៀបការរបស់កូនក្រមុំ ទើបបណ្ដាលឱ្យទាំង ២ក្រុម ប្រកែកប្រណាំងគ្នានៅកណ្ដាលថ្នល់នោះតែម្ដង។

ខណៈដែលទាំងអស់គ្នាមិនដឹងថា នឹងធ្វើយ៉ាងណានោះ កូនក្រមុំ បែរជាធ្វើនូវរឿងដែលគ្មានអ្នកណានឹកស្មានដល់…នាងបើកទ្វារឡានចុះមក និងដឹកដៃកូនកំលោះមកជាមួយគ្នា ហើយដើរទៅជិតសាកសព រួចឱនក្បាលគោរពសាកសពនោះ ទាំងខ្លួនឯងជាមនុស្សដទៃសុទ្ធសាធ មុននឹងបែរទៅប្រាប់ក្បួនរថយន្តទាំង ២ក្រុមថា កុំឈ្លោះគ្នាព្រោះតែរឿងនេះធ្វើអី។ ទាំងអស់គ្នាឈរស្ដាប់កូនក្រមុំយ៉ាងស្ងាត់ៗ…កូនក្រមុំគិតថា អ្នកស្លាប់ គួរតែត្រូវទទួលបានភាពសំខាន់ខ្លាំងជាង ហើយទាំងអស់គ្នាគួរតែសម្ដែងការគោរពចំពោះអ្នកស្លាប់។ រួចហើយ នាងក៏ប្រាប់ក្បួនរថយន្តអាពាហ៍ពិពាហ៍ ឱ្យថយទៅក្រោយសិន ដើម្បីឱ្យក្បួនរថយន្តទាំង២ អាចឆ្លងទៅ-មក ផុតពីផ្លូវ ១ខ្សែនេះ។

ពេលបានឮកូនក្រមុំនិយាយដូច្នេះ មានមនុស្សចំណាស់ម្នាក់ បានដើរចូលមករកកូនក្រមុំ ហើយប្រាប់ថា ការទៅដល់កន្លែងរៀបចំពិធីយឺតពេល នឹងធ្វើឱ្យមានសំណាងអាក្រក់ តែយ៉ាងណាក្ដី កូនក្រមុំនៅតែប្រកាន់ខ្ជាប់តាមអ្វីដែលនាងបានប្រាប់នោះដដែល។ នាងប្រាប់ថា នាងមិនជឿលើគំនិតចាស់បុរាណទាំងនោះទេ តែនាងជឿលើការរៀបការដែលនាងជ្រើសរើសយកនេះ។ ដរាបណាដែលនាង និងស្វាមីនៅតែស្រឡាញ់គ្នា យល់ចិត្តគ្នា និងអត់ធ្មត់ស៊ូទ្រាំជាមួយគ្នា ច្បាស់ជាគ្មានអ្វីមកបំបែកពួកយើងចេញពីគ្នាបានទេ។

ទង្វើរបស់កូនក្រមុំ បានធ្វើឱ្យអ្នកទាំងអស់គ្នានឹកស្ងើចសរសើរយ៉ាងខ្លាំង។ បន្ទាប់ពីនោះ ក្បួនរថយន្តអាពាហ៍ពិពាហ៍ ក៏ថយក្រោយ ទៅឯបកៀនផ្លូវយ៉ាងឆាប់រហ័ស ដើម្បីចៀសផ្លូវឱ្យក្បួនរថយន្តដឹកសាកសព បានបន្តដំណើរទៅមុខមុន។

ជាងថតដែលបានរួមដំណើរក្នុងពិធីរៀបអាពាហ៍ពិពាហ៍នោះ បានថតទិដ្ឋភាពដ៏សែនកក់ក្ដៅនោះ និងបានផូស្តនៅក្នុងបណ្ដាញសង្គមអនឡាញ ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សដ៏ច្រើន។ អ្នកលេងបណ្ដាញសង្គមទាំងឡាយ នាំគ្នាកោតសរសើរកូនក្រមុំយ៉ាងខ្លាំង និងជូនពរដល់ការរៀបមង្គលការរបស់នាងទៀតផង។

“កូនក្រមុំនិយាយត្រូវ! គ្មានទ្រឹស្ដីណាមួយពិសោធបានថា រថយន្តអាពាហ៍ពិពាហ៍ ថយចៀសផ្លូវឱ្យរថយន្តដឹកសាកសព បានទៅមុខហើយ នឹងក្លាយជាភាពសំណាងអាក្រក់ដល់ការរៀបការនោះទេ។ ការរៀបការនឹងមានសេចក្ដីសុខ ឬយ៉ាងណា វាអាស្រ័យលើកូនកំលោះ និងកូនក្រមុំ”៕

×