រដ្ឋធានីខាទូម (Khartoum)៖ ដោយសារតែការវាយប្រយុទ្ធដណ្ដើមអំណាចគ្នា រវាងមេទ័ពកំពូលចំនួន២រូប កំពុងតែបន្ដ ដោយបានបណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ ស្លាប់ និង រងរបួស ហើយធ្វើឲ្យប្រជាជនស៊ូដង់ រាប់ម៉ឺននាក់ កំពុងតែរត់ភៀសខ្លួន ឆ្លងកាត់ព្រំដែន ស្វែងរកទីជម្រក នៅក្នុងប្រទេសឆាដ និង ប្រទេសផ្សេងៗទៀត ទើបបណ្ដាប្រទេសមហាអំណាចលោកខាងលិច និង ប្រទេសផ្សេងៗទៀត កំពុងតែជំរុញឲ្យមានបទឈប់បាញ់គ្នា រវាងគូជម្លោះប្រដាប់អាវុធ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ ថា បើតាមសេចក្ដីថ្លែងការណ៍មួយរបស់កងទ័ពស៊ូដង់ បានរាយការណ៍ ថា លោកឧត្ដមសេនីយ៍ អាប់ដែល ហ្វាតតះ អាល់-ប៊ឺរហាន់ (Abdel Fattah al-Burhan) នាយអគ្គសេនាធិការកងទ័ពស៊ូដង់ ដែលកំពុងតែគ្រប់គ្រងអំណាច នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ បានទទួលនូវការហៅទូរស័ព្ទដាច់ដោយឡែកពីគ្នា មកពីរដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក, អារ៉ាប៊ីសាអូឌីត និង កាតារ ហើយក៏មានការហៅទូរស័ព្ទ មកពីប្រធានាធិបតីតួកគី និង ប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អេហ្ស៊ីប ផងដែរ។

ការហៅទូរស័ព្ទ មកពីបណ្ដាប្រទេសទាំងនេះ បានកើតឡើង ចំពេលមានកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីជំរុញឲ្យកងទ័ពស៊ូដង់ ក្រោមបញ្ជារបស់លោកឧត្ដមសេនីយ៍ អាប់ដែល ហ្វាតតះ អាល់-ប៊ឺរហាន់ (Abdel Fattah al-Burhan) ប្រធានក្រុមប្រឹក្សាយោធាបណ្ដោះអាសន្ន (TMC) ដែលកំពុងតែគ្រប់គ្រងអំណាច នៅក្នុងប្រទេសស៊ូដង់ និង កងកម្លាំងគាំទ្ររហ័សទាហានប៉ារ៉ា (RSF) ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ ម៉ូហាមេដ ហាមដាន ដាហ្គាឡូ (Mohamed Hamdan Dagalo) ជាអនុប្រធាន TMC ព្រមព្រៀងគ្នា លើបទឈប់បាញ់គ្នា រយៈពេល៣ថ្ងៃ នៅក្នុងថ្ងៃបុណ្យរបស់សាសនាមូស្លី (Muslim Eid) ដោយចាប់ផ្ដើម ពីថ្ងៃសុក្រនេះតទៅ។

លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ ក៏បានអំពាវនាវ ដល់ភាគីដែលកំពុងធ្វើសង្រ្គាម នៅក្នុងប្រទេសស៊ូដង់ សង្កេតមើលលើបទឈប់បាញ់គ្នា សម្រាប់ថ្ងៃឈប់សម្រាករបស់សាសនាមូស្លីម Eid al-Fitr (អេដ អាល់-ហ្វីត) ដើម្បីអនុញ្ញាតឱ្យជនស៊ីវិល ចូលទៅកាន់តំបន់មានសុវត្ថិភាព ខណៈកងកម្លាំងជាគូប្រជែងគ្នាទាំង២នេះ បានប្រយុទ្ធ អស់រយៈពេលប្រាំមួយថ្ងៃមកហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍។
គ្រប់ភាគីទាំងអស់ រួមទាំង ការអំពាវនាវមកពីលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ មេដឹកនាំរបស់ប្រទេសស៊ូដង់ខាងត្បូង និង អេត្យូពី ក៏បានបញ្ជាក់ អំពីភាពចាំបាច់ ត្រូវតែបញ្ឈប់នូវអំពើហិង្សា ហើយងាកទៅរកការសន្ទនាគ្នាវិញ។ ជនស៊ីវិលរាប់ម៉ឺននាក់ កាលពីថ្ងៃព្រហស្បតិ៍ បានរត់ភៀសខ្លួន ចេញពីរដ្ឋធានីខាទូម ដោយគេចចេញពីការវាយប្រហារ និង បំផ្ទុះ លាន់ឮកងរំពង ពាសពេញទីក្រុង។ ចំនួនជនភៀសខ្លួន កាន់តែច្រើនឡើង ក៏បានរត់ឆ្លងដែន ចូលទៅក្នុងប្រទេសឆាដ (Chad) ដើម្បីគេចចេញពីការវាយប្រយុទ្ធគ្នា នៅភាគខាងលិច តំបន់ដាហ្វឺរ (Daufur)។

សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ក្រុងវ៉ាស៊ីនតោន កំពុងតែបញ្ជូនកងទ័ពយ៉ាងច្រើន ទៅកាន់តំបន់នោះ ដោយមានគោលបំណង ដើម្បីសម្រេចចិត្ត ថាតើត្រូវជម្លៀសស្ថានទូតរបស់ខ្លួន នៅក្នុងរដ្ឋធានីខាទូមឬយ៉ាងណា។
រហូតមកដល់ពេលនេះ ការវាយប្រយុទ្ធគ្នា ដណ្ដើមអំណាច នៅក្នុងចំណោមឧត្ដមសេនីយ៍កំពូលៗចំនួន២រូប នៅក្នុងរដ្ឋាភិបាលយោធា ដែលកំពុងតែគ្រប់គ្រងអំណាច នៅក្នុងប្រទេសស៊ូដង់ បានសម្លាប់មនុស្ស ជាង៣៣០នាក់ និង ប្រហែលជាង២៦០០នាក់ផ្សេងទៀត បានរងរបួស។ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លាបំផុត រវាងកងទ័ពស៊ូដង់ និង កងកម្លាំងប្រដាប់អាវុធ RSF បានកើតឡើង នៅជុំវិញរដ្ឋធានីខាទូម (Khartoum) ដែលជាតំបន់ទីក្រុងដ៏ធំបំផុតមួយរបស់ទ្វីបអាហ្រ្វិក និង នៅក្នុងទីក្រុង Darfur ហើយវានៅតែជាស្លាកស្នាម នៃជម្លោះដ៏យូរអង្វែង ដែលបានបញ្ចប់ កាលពី៣ឆ្នាំមុន។

លោក ទីម៉ូធី ខាណេ (Timothy Carney) អតីតអ្នកការទូតអាមេរិក បានប្រាប់ Al Jazeera ថា «ការពិភាក្សារបស់មេដឹកនាំយោធាទាំងពីរ អំពីបទឈប់បាញ់ គឺគ្មានអ្វីក្រៅតែអំពីយុទ្ធសាស្ត្រនយោបាយប៉ុណ្ណោះទេ ហើយពួកគេទាំងពីរនាក់នេះ មិនបានត្រៀមខ្លួន សម្រាប់ការចរចាដ៏ជាក់លាក់នោះឡើយ»។
ស្ថាប័នកំពូលៗរបស់អង្គការសហប្រជាជាតិ រូមមាន ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន, កម្មវិធីស្បៀងអាហារពិភពលោក និង UNHCR…ជាដើម បានអះអាង ថា មនុស្ស ប្រហែលចន្លោះពី ១០ ០០០នាក់ ទៅ២០ ០០០នាក់ កំពុងតែរត់គេចចេញពីការវាយប្រយុទ្ធគ្នា ដើម្បីទៅស្វែងរកទីជម្រក នៅក្នុងភូមិនានា តាមបណ្ដោយព្រំដែន ស្ថិតក្នុងប្រទេសឆាដ៕ រក្សាសិទ្ធដោយ ៖ សារាយSN





























