Feral Children គឺជាស្នាដៃថ្មីចុងក្រោយបំផុតរបស់កញ្ញា ជូលៀ ហ៊្វូលើតុន ប៊ែទថេន សិល្បការិនីជនជាតិអាល្លឺម៉ង់ ដែលរស់នៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ តាមរយៈរូបថតទាំងអស់ នាងបានបង្ហាញឱ្យឃើញអំពីក្មេងៗដែលធំធាត់ឡើងក្នុងសភាវដែលខុសប្រក្រតី។ ក្មេងស្រីម្នាក់ គឺជាកម្លាំងជំរុញចិត្តឱ្យជូលៀ ធ្វើការស្វែងរកព័ត៌មានអំពីក្មេងៗដទៃទៀត ដែលមានលក្ខណៈស្រដៀងៗគ្នា។ ពួកគេទាំងនោះរស់នៅ និងធំធាត់ឡើងជាមួយសត្វ ដោយសារតែពួកគេត្រូវបោះបង់ចោលដោយឪពុកម្តាយបង្កើតរបស់ពួកគេ។ អីលូវ យើងនាំគ្នាមកតាមដានរឿងរ៉ាវរបស់ពួកគេទាំងនោះ ព្រមជាមួយរូបភាពដែលជាស្នាដៃរបស់ជូលៀ ទាំងអស់គ្នា…ជួនកាលយើងនឹងបានដឹងថា ពិភពលោកនេះពិតជាសាហាវឃោរឃៅខ្លាំងណាស់ ក៏អាចថាដែរ។

ក្មេងស្រីកូនសត្វឆ្កែព្រៃ នៅក្នុងប្រទេស មិកស៊ីកូ (១៨៤៥– ១៨៥២)
នៅឆ្នាំ១៨៤៥ កុមារីម្នាក់ត្រូវបានគេរកឃើញថា នាងកំពុងវារជើង៤ នៅជាមួយហ្វូងសត្វឆ្កែព្រៃដែលកំពុងវាយប្រហារហ្វូងសត្វពពែ ១ក្រុមនៅក្នុងប្រទេសមិកស៊ីកូ។ ១ឆ្នាំក្រោយមក នាងត្រូវចាប់ខ្លួនបាន បន្ទាប់ពីចេញពីព្រៃជាមួយនឹងហ្វូងសត្វឆ្កែព្រៃ ដើម្បីមកស៊ីសត្វពពែ ១ក្បាលរបស់អ្នកស្រុក តែនាងបានរត់គេចខ្លួនរួចទៅវិញ។ នៅឆ្នាំ១៨៥២ នាងត្រូវបានគេប្រទះឃើញកំពុងតែរស់នៅជាមួយកូនសត្វឆ្កែព្រៃ អគី ២ក្បាល តែភ្លាមនោះនាងក៏រត់គេចបាត់ទៅក្នុងព្រៃវិញ និងក្រោយពីនោះមក ក៏លែងមានអ្នកណាបានឃើញនាងទៀតឡើយ។

អូហ្សាណា ម៉ាឡាយ៉ា ប្រទេស អ៊ុយក្រែន (១៩៩១)
អូហ្សាណា ត្រូវបានរកឃើញថា រស់នៅជាមួយសត្វឆ្កែជាច្រើនក្បាលនៅក្នុងក្រោលសត្វឆ្កែមួយកន្លែងនៅឆ្នាំ១៩៩១។ ពេលនោះនាងមានអាយុ ៨ឆ្នាំ និងបានរស់នៅជាមួយសត្វឆ្កែ អស់រយៈពេលដល់ទៅ ៦ឆ្នាំរួចទៅហើយ។ ឪពុកម្តាយរបស់នាងជាមនុស្សប្រមឹក ញៀនសុរាយ៉ាងធ្ងន់ធ្ងរ ហើយរាត្រីមួយបន្ទាប់ពីពួកគាត់ទុកនាងចោលនៅខាងក្រៅផ្ទះនោះ កុមារីតូចវ័យ ៣ខួប ដែលកំពុងសម្លឹងរកមើលភាពកក់ក្តៅម្នាក់នេះ បានលូនចូលទៅនៅក្នុងក្រោលសត្វសុនខមួយនោះទៅ។ ពេលដែលមានមនុស្សទៅឃើញនោះ នាងមានអាកប្បកិរិយា និងទង្វើដូចសត្វសុនខគ្រប់យ៉ាង ទាំងរត់ជើង៤ ទាំងដកដង្ហើមដោយការលានអណ្តាតចេញមកក្រៅ និងព្រូសដូចសត្វឆ្កែ។ ការបាត់បង់បដិសម្ព័ន្ធជាមួយមនុស្សរយៈពេលយូរ បានធ្វើឱ្យនាងចេះត្រឹមតែ ងក់ និងគ្រវីក្បាល និងស្កាល់តែពាក្យថា “ត្រូវហើយ” និង “ទេ” តែប៉ុណ្ណោះ។
ដោយសារការព្យាបាលយ៉ាងរួសរាន់ ធ្វើឱ្យនាងតូចអូហ្សាណា បានរៀនយល់ដឹងពីជំនាញមូលដ្ឋានទាំងការនិយាយ និងការចូលសង្គម។ ពេលនេះនាងអាយុបាន ៣៥ឆ្នាំហើយ និងកំពុងរស់នៅក្នុងគ្លីនិកមួយកន្លែងក្នុងទីក្រុងអូដេសា និងធ្វើការជាមួយមន្ទីរពេទ្យសត្វ ក្រោមការគ្រប់គ្រងមើលថែរបស់ក្រុមគ្រូពេទ្យ៕

ឈេមឌីអូ ប្រទេស ឥណ្ឌា (១៩៧២)
ឈេមឌីអូ ក្មេងប្រុសអាយុប្រមាណជា ៤ឆ្នាំ ត្រូវបានគេរកឃើញនៅក្នុងព្រៃមួយកន្លែងក្នុងប្រទេសឥណ្ឌា នៅឆ្នាំ១៩៧២ ខណៈពេលដែលគេកំពុងលេងជាមួយកូនសត្វឆ្កែព្រៃ។ ស្បែករបស់គេខ្មៅក្រិប ធ្មេញមុតស្រួច ក្រចកដៃជើងវែងៗ សក់ក្បាលសំពោង និងក្រាស់ឃ្មឹក បាតដៃ កែងដៃ និងក្បាលជង្គង់របស់គេក្រឹនទាំងអស់។ គេចូលចិត្តការប្រមាញ់សត្វមាន់ ដើម្បីយកមកស៊ីឆៅៗ ហាក់ដូចជារូបគេបានក្លាយទៅជាសត្វឆ្កែព្រៃហើយអ៊ីចឹង។
តែទីបំផុត គេក៏ឈប់ស៊ីសាច់ឆៅ គេមិនដែលចេះនិយាយភាសាមនុស្សទេ តែរៀនយល់ដឹងពីភាសាដៃបានខ្លះៗ។ រហូតនៅឆ្នាំ១៩៧៨ ឈេមអូឌី ត្រូវបានគេទទួលយកទៅចិញ្ចឹមនៅក្នុង “ផ្ទះយាយជី ថេរេហ្សា” មណ្ឌលជួយសង្រ្គោះកុមារកំព្រា និងទីទ័លក្រ ក្នុងទីក្រុង ឡាក់ណាវ។ គេបានប្តូរឈ្មោះទៅជា ប៉ាស្កាល និងបានស្លាប់នៅក្នុងខែកុម្ភៈ ឆ្នាំ១៩៨៥ ដោយសារជំងឺ។

ផ្រាវ៉ា (មនុស្សបក្សី) ប្រទេស រុស្ស៊ី (២០០៨)
ផ្រាវ៉ា ក្មេងប្រុសអាយុ ៧ឆ្នាំ ត្រូវបានរកឃើញនៅក្នុងអាផាតមិនត៍តូចមួយកន្លែង ជាមួយម្តាយវ័យ ៣១ឆ្នាំរបស់គេ តែគេត្រូវបានម្តាយឃុំឃាំងទុកនៅក្នុងបន្ទប់តូចមួយដែលពេញទៅដោយសត្វបក្សីដែលម្តាយរបស់គេចិញ្ចឹមទុកជាច្រើនក្បាល ព្រមជាមួយចំណី និងអាចម៍សត្វដ៏ច្រើន។ នាងចិញ្ចឹមកូនប្រុស មិនខុសអ្វីពីសត្វ ១ក្បាលឡើយ។
ផ្រាវ៉ាមិនដែលធ្វើបាបម្តាយឡើយ ហើយម្តាយក៏មិនបានវាយតប់ ឬបណ្តោយឱ្យគេគ្មានអាហារញ៉ាំដែរ តែនាងមិនដែលនិយាយជាមួយគេឡើយ។ ផ្រាវ៉ា បានត្រឹមតែទំនាក់ទំនងជាមួយសត្វបក្សីដែលនៅជុំវិញខ្លួនតែប៉ុណ្ណោះ។ គេមិនចេះនិយាយទេ តែចេះត្រឹមតែលាដៃឆ្កាង បក់ចុះឡើងដូចបក្សីបក់ស្លាបប៉ុណ្ណោះ។ ទីបំផុត ម្តាយរបស់ផ្រាវ៉ា បានយកគេទៅទុកចោលនៅក្នុងមណ្ឌលថែទាំកុមារ។ ក្រោយមកផ្រាវ៉ាត្រូវបានផ្លាស់ទៅនៅក្នុងមណ្ឌលថែទាំសុខភាពផ្លូវចិត្ត ដោយគ្រូពេទ្យបានខឹតខំព្យាយាមស្តារស្ថានភាពផ្លូវចិត្តរបស់គេឡើងវិញជាបន្តទៅទៀត។

ម៉ារីណា ឈែបមែន ប្រទេស ខូឡុំបៀ (១៩៥៩)
ម៉ារីណា ត្រូវគេបានលួចចាប់ខ្លួនយកទៅបាត់នៅក្នុងឆ្នាំ១៩៥៤ ពេលដែលនាងអាយុបាន ៥ឆ្នាំ ចេញពីភូមិមួយក្នុងអាមេរិកខាងត្បូង ហើយនាងត្រូវបានបោះបង់ចោល ទុកឱ្យស្លាប់នៅក្នុងព្រៃ តែនាងបែរជានៅរស់ទៅវិញ ដោយសារបានរស់នៅជាមួយសត្វស្វា ខាពូឈិន អស់រយៈពេល ៥ឆ្នាំ មុននឹងត្រូវបានរកឃើញដោយព្រានព្រៃ ១ក្រុម។ ជីវិតរបស់នាងរស់បានដោយសារការញ៉ាំផ្លែប៊ើរី ឫសឈើ ផ្លែចេកដែលសល់ពីសត្វស្វា និងដេកនៅក្នុងរូងឈើ។
មានម្តងនោះនាងបានពុលចំណីអាហារ សត្វស្វាចំណាស់ ១ក្បាលបាននាំនាងទៅឯត្រពាំងទឹក និងបង្ខំឱ្យនាងផឹកទឹកឱ្យច្រើន ដើម្បីឱ្យនាងក្អួតចេញមកវិញរហូតទាល់តែអាការរបស់នាងល្អប្រសើរឡើងវិញ។ ក្រោយមកនាងមានមិត្តភក្តិជាសត្វស្វាជំទង់ៗ និងរៀនយល់ដឹងពីការតោងឡើងដើមឈើ និងរៀនយល់ដឹងពីការញ៉ាំនូវអ្វីដែលមានសុវត្ថិភាព។ ពេលដែលជួបនឹងក្រុមព្រានព្រៃនោះ នាងលែងអាចទំនាក់ទំនងជាមួយអ្នកដទៃដោយភាសាមនុស្សបានទៅហើយ។
ព្រានព្រៃ ១ក្រុមនោះបានលក់រូបនាងទៅឱ្យបនស្រីខូចមួយកន្លែង តែក្រោយមក នាងបានរត់គេចខ្លួន ក្លាយជាក្មេងរស់លើចិញ្ចើមផ្លូវ និងអនាថា ក្លាយជាទាសករដាច់ថ្លៃរបស់គ្រួសារមេអ្នកលេងម្នាក់។ បន្ទាប់ពីនោះនាងត្រូវបានអ្នកជិតខាងជួយសង្គ្រោះ និងបានបញ្ជូនឱ្យទៅនៅជាមួយកូនស្រី និងកូនប្រសាររបស់អ្នកជួយសង្រ្គោះនោះនៅឯទីក្រុង បូកូតា។

ពួកគេចិញ្ចឹមម៉ារីណាឱ្យរស់នៅជាមួយកូនៗទាំង ៥នាក់របស់ពួកគេ រហូតទាល់តែនាងធំពេញវ័យជំទង់ ទើបត្រូវបានស្នើឱ្យទៅធ្វើការជាមេផ្ទះ និងជាអ្នកមើលថែក្មេងឱ្យសាច់ញាតិរបស់ម្ចាស់ផ្ទះ។ នាងផ្លាស់ទៅនៅឯ ប្រ៊ែដហ្វ៉ដ យ៉កហ្សៀ ប្រទេសអង់គ្លេស ក្នុងឆ្នាំ១៩៧៧។ បច្ចុប្បន្ន នាងនៅមានជីវិតរស់នៅឡើយ នាងបានរៀបការ និងមានកូន។ ចុងក្រោយបំផុត នាង និងកូនស្រីពៅ បានជួយគ្នាសរសេរសៀវភៅពាក់ព័ន្ធនឹងជីវប្រវត្តិរបស់នាង ដ៏គួរឱ្យចាប់អារម្មណ៍យ៉ាងខ្លាំងទៀតផង។

ម៉ាទីណា ប្រទេស រុស្ស៊ី (២០១៣)
ម៉ាទីណា រស់នៅជាមួយហ្វូងសត្វឆ្កែស្រុក តាំងពីនាងអាយុបាន ៣ឆ្នាំ នាងស៊ី-ដេកជាមួយពួកវា រហូតទាល់តែអ្នកជួយសង្រ្គោះសង្គមម្នាក់ បានមករកឃើញនៅឆ្នាំ២០១៣។ នាងតូចម៉ាទីណា ខ្លួនប្រាណននោលគក និងវារជើង៤ ដូចសត្វឆ្កែ។ ឪពុករបស់ម៉ាទីណា បានបោះបង់នាងចោល តាំងពីនាងកើតមកម្ល៉េះ ចំណែកឯម្តាយវ័យ ២៣ឆ្នាំវិញ គិតតែពីផឹកស្រា មិនដែលមើលថែទាំនាងឡើយ និងច្រើនតែទៅបាត់ជាប្រចាំ។
ជាញឹកញាប់ណាស់ដែលម្តាយរបស់នាងនាំមិត្តភក្តិមកផឹកស្រានៅផ្ទះ ភ្ញៀវទាំងនោះតែងតែឃើញម៉ាទីណាដេកអង្គាមឆ្អឹង និងស៊ីកាកសំណល់អាហារនៅលើកម្រាលឥដ្ឋ។ រាល់ពេលដែលម្តាយរបស់នាងខឹងមួម៉ៅ ម៉ាទីណាតែងរត់ចេញទៅលេងនៅឯទីធ្លាសម្រាប់ក្មេងលេង តែក្មេងៗឯទៀតមិនរវល់ជាមួយនាងទេ ព្រោះម៉ាទីណាមិនអាចនិយាយជាមួយអ្នកណាបានឡើយ ព្រោះមិនចេះនិយាយភាសាមនុស្ស និងចង់តែវាយតប់ជាមួយមនុស្សគ្រប់រូប។ ទីបំផុត សុនខ គឺជាមិត្តសំឡាញ់ដែលល្អបំផុតរបស់នាង។ បច្ចុប្បន្ន ម៉ាទីណាស្ថិតនៅក្រោមការមើលថែទាំរបស់គ្រូពេទ្យ និងកំពុងស្តារស្ថានភាពផ្លូវចិត្តឱ្យត្រឡប់មកដូចដើមវិញ៕






























