រដ្ឋធានីកៀវ៖ ថ្វីបើកម្លាំងទាហានរបស់រុស្ស៊ី បាន និង កំពុងតែវាយលុកយ៉ាងខ្លាំង ទៅលើសមរភូមិ នៅទីក្រុងបាកមូត (Bakhmut) យ៉ាងណាក្ដី ប៉ុន្ដែកងទ័ពការពារទឹកដីរបស់ក្រុងកៀវ នៅតែក្រាញននៀល មិនព្រមបោះបង់ចោលទីក្រុងមួយនេះ ហើយពួកគេនៅតែសុខចិត្ត ប្រយុទ្ធការពារទីក្រុងរបស់ខ្លួនបន្ដទៀត។
សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ថា ក្រុងកៀវ បានបន្ដប្រមូលផ្ដុំគ្រឿងសឹកសង្គ្រាម សម្រាប់ការវាយបក ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី។ ចំណែកការផ្លាស់ប្ដូរអំណាច នៅក្នុងជួរយោធារបស់រុស្ស៊ី ក៏បានលើកឡើង ថា លោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ហាក់បីដូចជាមានការមិនសប្បាយចិត្ត ចំពោះលទ្ធផល នៃកងទ័ពរបស់គាត់ នៅក្នុងការវាយលុក កាលពីរដូវរងាកន្លងទៅ ដោយសារតែបរាជ័យ នៅក្នុងការដណ្ដើមកាន់កាប់ទឹកដីនៅសេសសល់ នៃតំបន់លូហានស្ក៍ (Luhansk) និង ដូណែតស្ក៍ (Donetsk) ដោយមិនបានស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ចាប់តាំងថ្ងៃទី៣១ ខែមីនាមក។

កងទ័ពអ៊ុយក្រែន បានបញ្ជាក់ ថា ការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម មិនធ្លាប់មានពីមុនមក នៅក្នុងរយៈប៉ុន្មានទសវត្សរ៍កន្លងទៅថ្មីៗនេះ កំពុងតែបន្ដប្រយុទ្ធ នៅទីក្រុងបាកមូត នាភាគខាងកើត ប្រទេសអ៊ុយក្រែន។ ការវាយប្រយុទ្ធគ្នា នៅទីក្រុងមួយនេះ បានបន្ដអូសបន្លាយ អស់រយៈពេលជាច្រើន កន្លងមកហើយ។
បើតាមរូបភាពភូមិសាស្ត្រ ត្រូវបានចេញផ្សាយ កាលពីថ្ងៃចន្ទ បង្ហាញ ថា ក្រុមហ៊ុនទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner បានរុលទៅមុខ នៅភាគពាយព្យ នៃទីក្រុងបាកមូត។ ជាមួយគ្នានេះដែរ ក្រសួងការពារជាតិរុស្ស៊ី ក៏បានះអាង ថា កងទ័ពរបស់ខ្លួន បានកាន់កាប់ប្លុកចំនួន៣ នៃទីក្រុងនេះ នៅភាគខាងជើង ខាងត្បូង និង កណ្តាល។

លោកវរសេនីយ៍ឯក ឌីមីទ្រូ ហ្សូវ៉ូរ៉ូតនីយូក (Dmytro Zovorotnyuk) ដែលដឹកនាំបញ្ជាដល់កងវរសេនាតូចរបស់អ៊ុយក្រែន ប្រយុទ្ធនៅទីក្រុងបាកមូត បានបញ្ជាក់ ថា កងទ័ពរបស់គាត់ កំពុងប្រឈមមុខនឹងយុទ្ធសាស្ត្រ មិនធម្មតា សម្រាប់កម្លាំងទាហានរុស្ស៊ី។ ទាហានរុស្ស៊ី បានវាយប្រហារយ៉ាងខ្លាំង ដោយបែកចែកជាក្រុមតូចៗ មានទាហាន ចន្លោះពី៥ទៅ៦នាក់ ក្រោមការគាំទ្រពីកងកាំភ្លើងធំ ព្យាយាមវាយទម្លុះខ្សែការពារ នៅលើសមរភូមិរបស់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន។
ដោយឡែក ក្រុងមូស្គូ បានអះអាង ថា កងទ័ពឆត្រយោងរបស់ខ្លួន បានជោគជ័យ នៅក្នុងឡោមព័ទ្ធទីក្រុងបាកមូត។ ដូច្នេះកងទ័ពអ៊ុយក្រែន មិនចេញ ឬ ចូលមក នៅក្នុងទីក្រុងនេះបានទេ។
លោកឧត្ដមសេនីយ៍ អូឡេកស៊ី ហ្ក្រូម៉ូវ (Oleksiy Gromov) នាយអគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានអះអាង ថា នៅក្នុងអំឡុងវាយប្រយុទ្ធគ្នា អស់រយៈពេល២សប្តាហ៍ចុងក្រោយ នៅក្នុងទីក្រុងបាកមូត គឺទាហានស៊ីឈ្នួល Wagner និង កម្លាំងទាហានរុស្ស៊ី បានខូចខាតជិត ៤ ៥០០នាក់ ដោយរាប់ទាំងសម្លាប់ និង រងរបួស។

លោកស្រី ហានណា ម៉ាល់យ៉ា (Hannah Malyar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន សរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា «ការខូចខាតរបស់សត្រូវ នៅលើសមរភូមិទីក្រុងបាកមូត គឺកើនឡើងខ្ពស់ណាស់។ ប្រតិបត្ដិការសឹក នៅក្នុងទីក្រុងមួយនេះ បានធ្វើឲ្យរុស្ស៊ី ត្រូវចំណាយច្រើន ទាំងកម្លាំងទ័ព និង គ្រឿងចម្បាំង»។
អ៊ុយក្រែន បានប៉ាន់ប្រមាណ ថា ទាហានរុស្ស៊ី បានស្លាប់ នៅក្នុងរយៈពេល១ថ្ងៃៗ នៅទីក្រុងបាកមូត ប្រហែល១០០នាក់ ខណៈអ្នករងរបួស មានចំនួនច្រើនជាងនេះ។ ប៉ុន្ដែប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner បានអះអាង ថា រុស្ស៊ី បានវាយរុលទៅមុខ។
រហូតមកដល់ពេលនេះ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ហាក់បីដូចជា កំពុងតែពឹងផ្អែកយ៉ាងខ្លាំង ទៅលើក្រុមហ៊ុនទាហានស៊ីឈ្នួល ដើម្បីគាំទ្រដល់យុទ្ធសាស្រ្ដស្នូលរបស់គាត់ នៅក្នុងប្រទេសអ៊ុយក្រែន ក្រោយពេលមេទ័ពរបស់គាត់ បានព្យាយាមកាត់បន្ថយនូវការផ្គត់ផ្គង់គ្រាប់រំសេវ នៅក្នុងការវាយប្រយុទ្ធគ្នា កាលពីរដូវរងាកន្លងមក។

បើតាមអគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា រុស្ស៊ី បានបាត់បង់កម្លាំងទាហានរបស់ខ្លួន ចំនួន ១៨៤ ៤២០នាក់ ចាប់តាំងពីការផ្ទុះសង្គ្រាម នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣។ ដោយឡែក អ៊ុយក្រែន ក៏មិនបានបញ្ជាក់ អំពីចំនួនកងទ័ពរបស់ខ្លួនខូចខាត ស្លាប់ និង រងរបួសនោះដែរ ហើយក៏មិនមានប្រភពឯករាជ្យណាមួយ បញ្ជាក់នោះទេ៕ រក្សាសិទ្ធដោយ ៖ សារាយSN



















