ត្បូងឃ្មុំ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយគណបក្សខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារគណបក្សខេត្តត្បូងឃ្មុំឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ។

នៅក្នុងពិធីនេះ សម្តេច ហេង សំរិន បានជំរុញដល់សមាជិកសមាជិកាទំាងអស់បន្តខិតខំបំពេញភារកិច្ច ពិសេសត្រូវបន្តអនុវត្តអំពើល្អ បម្រើពលរដ្ឋឱ្យបានទាន់ពេលវេលា និងប្រកបដោយគុណភាព។ សម្តេចបានសង្កត់ធ្ងន់ថា ជោគជ័យរបស់គណបក្សខេត្តត្បូងឃ្មុំ និយាយជារួមជោគជ័យរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតខាងមុខ នឹងនាំមកនូវ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នឹងបានដំណើរការដោយរលូន នូវកម្មវិធីនយោបាយដែលគណបក្សបានដាក់ចេញក្នុងការអនុវត្តទទួលបាននូវសមិទ្ធផលធំធេងជូនជាតិ និងប្រជាជន ដោយពិតប្រាកដបន្តទៀត។

សម្តេចបានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ ដែលជាថ្នាក់ដឹកនាំក្រុមការងារ ក៏ដូចជាថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ដែលបានយកអស់កម្លាំងកាយ ស្មារតី និងសម្ភារៈ សហការគ្នាខិតខំបំពេញរាល់ភារកិច្ចដែលគណបក្សក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញសំដៅធ្វើឱ្យខេត្តត្បូងឃ្មុំមានការវិវត្តន៍រីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋធានាបាននូវស្ថិរភាពជាបន្តបន្ទាប់។ សម្តេចបានបញ្ជាក់ថា “ផ្អែកលើអំពើល្អរបស់មន្រ្តីគណបក្ស បរិមាណ និងគុណភាព សមាជិកគណបក្សដើម្បីឈ្នះឆ្នោត” ដោយធានាឱ្យបាននូវទិសស្លោក “ពង្រឹងចាស់ ពង្រីកថ្មី និងប្រែក្លាយសមាជិកម្នាក់ឱ្យក្លាយទៅជាសំឡេងគាំទ្រគណបក្សមួយសន្លឹក” ផ្តើមចេញពីការខិតខំប្រឹងប្រែងទាំងនេះហើយ បានធ្វើឱ្យគណបក្សទទួលបានជោគជ័យយ៉ាងធំធេងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កន្លងមក។

ដើម្បីឈានទៅទទួលបានជោគជ័យបន្តទៀត នៅក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៧ ឆាប់ៗនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្នើដល់សមាជិកសមាជិកាទំាងអស់ ខិតខំថែរក្សាសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងបង្ករចលាចលនានារបស់ពួកអមិត្ត សំដៅថែរក្សាចីរភាពនៃដំណើរការប្រជាធិបតេយ្យឱ្យបានរលូន។ បង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍវិស័យសង្គម និងសេដ្ឋកិច្ច ឱ្យកាន់តែមានការរីកចម្រើន សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ត្រូវខិតខំអនុវត្តន៍ឱ្យបានត្រឹមត្រូវសព្វជ្រុងជ្រោយប្រកបដោយចីរភាពនូវគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីជួយដោះស្រាយជីវភាពប្រជាជនក្រីក្រ និងប្រជាជនដែលងាយរងនូវហានិភ័យផ្សេងៗ។
សម្តេច ហេង សំរិន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាជនគ្រប់ស្រទាប់ និងគ្រប់កាលៈទេសៈ មិនថាពេលជំងឺកូវីដ-១៩ រាលត្បាត និងវិបត្តិសេដ្ឋកិច្ចសកលនោះទេ។

សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលបានបន្តពង្រឹងប្រព័ន្ធគាំពារសង្គម សំដៅជួយថែរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជនក្រីក្រងាយរងគ្រោះ និងប្រជាជនដែលរងហានិភ័យផ្សេងៗ ជាក់ស្តែងរាជរដ្ឋាភិបាលបានអនុវត្តកម្មវិធីសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជាមួយជំងឺកូវីដ-១៩ ចំនួន១២ជុំ មាន៣៣លើក ដោយរដ្ឋចំណាយអស់ទឹកប្រាក់ចំនួនជិត ១ពាន់លានដុល្លារ ហើយគ្រួសារដែលទទួលបានមានចំនួនជាង ៧០ម៉ឺនគ្រួសារ មានសមាជិកសរុបជិត ៣លាននាក់ ហើយកំពុងបន្តបើកផ្តល់ជូនបន្តទៀត និងឧបត្ថម្ភគ្រួសារដែលរងហានិភ័យក្នុងអំឡុងពេលមានសម្ពាធអតិផរណា ជាដើមនោះ៕ រក្សាសិទ្ធដោយ : ចេស្តារ



