ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបង្ហាញថា នៅត្រីមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជា សម្រេចបានការនាំចេញជ័រកៅស៊ូចំនួន៦៥ ៩២១តោន។ បរិមាណនេះកើនឡើងចំនួន៤ ១៨២តោន ស្មើនឹង ៦ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន។ រីឯ ការបញ្ចេញលក់ឈើកៅស៊ូ សម្រេចបាន២ ៣០៦ម៉ែត្រគូប។

របាយការណ៍ដដែលបានបញ្ជាក់ថា គិតត្រឹមត្រីមាសទី១ ដើមឆ្នាំ២០២៣ កម្ពុជា រកចំណូលបានជិត ៩០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ។ ពោលគឺចំណូល ដែលទទួលបានពីការនាំចេញជ័រកៅស៊ូនេះ មានចំនួន ៨៩ ០៧៥ ៨៣៩ដុល្លារ និងចំណូលបានពីការនាំចេញឈើកៅស៊ូចំនួន៤៨០ ២៦១ដុល្លារ។ បច្ចុប្បន្ន ជ័រកៅស៊ូជាមធ្យមតម្លៃ១៣៥១ដុល្លារ ក្នុង១តោន រីឯឈើកៅស៊ូវិញ មានតម្លៃជាមធ្យម១៨៣ដុល្លារ ១ម៉ែត្រគូប។

គួររម្លឹកថា នៅឆ្នាំ២០២២ កម្ពុជា រកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៥២៧ ៧៧៤ ៥៦៩ ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៤ ០៨៩ ២៧៣ដុល្លារ។

អ្នកជំនាញក្នុងឧស្សាហកម្មកៅស៊ូ បានឲ្យដឹងថា កត្តាដែលជំរុញឱ្យការនាំចេញកៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ កើនឡើង គឺមានដូចជា៖ តម្រូវការទីផ្សារអន្តរជាតិកើនឡើង ភាពប្រសើរឡើងវិញនៃកំណើនសេដ្ឋកិច្ចសកលនៅប្រទេសមួយចំនួន (គឺការគ្រប់គ្រងជំងឺកូវីដ ១៩ មានប្រសិទ្ធភាព) និងអាកាសធាតុអំណោយផលល្អដល់ការប្រមូលផល ព្រមទាំងផ្ទៃដីត្រូវចៀរជ័រនៅកម្ពុជា កើនឡើងជាងឆ្នាំមុន។

គួរបញ្ជាក់ថា បើយោងរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីដាំកៅស៊ូជាង ៤០ម៉ឺនហិកតា ក្នុងនោះ ឧស្សាហកម្មកៅស៊ូមានជាង ២៤ហិកតា និងកៅស៊ូគ្រួសារជាង ១៦ម៉ឺនហិកតា។ លើសពីនេះ កម្ពុជា មានរោងចក្រ សិប្បកម្មកែច្នៃកៅស៊ូ ១៦៨កន្លែង ស្ថិតក្នុងខេត្តចំនួន ១១ ដែលមានលទ្ធភាពនាំចេញផលិតផលកៅស៊ូបានជាង ៣៧ម៉ឺនតោន ដោយទទួលបានចំណូលចំនួន ៦១០លានដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូបានជាង ១,៥លានដុល្លារ៕
