Thursday, January 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន ថ្កោលទោសយ៉ាងខ្លាំង ចំពោះការអះអាងរបស់បេសកជនចិន

រដ្ឋធានីប៉ារីស៖ ការដួលរំលំសហភាពសូវៀត នៅក្នុងអំឡុងឆ្នាំ១៩៩១ បានធ្វើរដ្ឋទាំង១៥របស់ខ្លួន បានប្រកាស អំពីឯករាជភាពរៀងៗខ្លួន ហើយរហូតមកដល់ពេលនេះ មានរដ្ឋជាច្រើន កំពុងតែមានវិវាទជាមួយគ្នា ឈានដល់ការលើកទ័ព វាយប្រយុទ្ធគ្នាទៅវិញមក ខណៈឯកអគ្គរដ្ឋទូតចិន ប្រចាំ នៅក្នុងប្រទេសបារាំង បានចោទសួរ អំពីអធិបតេយ្យភាពរបស់ប្រទេសនានា ក្រោយអតីតសហភាពសូវៀត ប៉ុន្ដែការលើកឡើង អំពីបញ្ហានេះ បាននាំឲ្យមានការថ្កោលទោសយ៉ាងខ្លាំង ពីបណ្ដាប្រទេសជាច្រើន ជាពិសេស អ៊ុយក្រែន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០២៣ ថា លោក លូ សាយេ (Lu Shaye) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅក្នុងប្រទេសបារាំង បានចោទជាសំណួរ អំពីអធិបតេយ្យភាពរបស់បណ្ដាប្រទេសផ្សេៗ ក្រោយការដួលរលំ នៃសហភាពសូវៀត នៅក្នុងបទសម្ភាសន៍មួយ តាមបណ្ដាញផ្សព្វផ្សាយ។ ការលើកឡើងរបស់បេសកជនរូបនេះ នាំឲ្យមានការថ្កោល ពីប្រទេសអ៊ុយក្រែន តាមអ្វីដែលក្រុងកៀវ ហៅជាការអត្ថាធិប្បាយ មិនសមហេតុផល។

ជាមួយនឹងការប្រតិកម្មនោះដែរ ប្រទេសបារាំង និង រដ្ឋនានា នៅក្នុងតំបន់បាល់ទិក (Baltic) រួមមាន អេស្ដូនី ឡាតវី និង លីទុយអានី ដែលប្រទេសទាំង៣នេះ បានទទួលឯករាជ្យ ពីសហភាពសូវៀត ហើយបានចូលទៅរួមរស់ ជាមួយនឹងអង្គការយោធាណាតូ ក៏បានសម្ដែងនូវការរន្ធត់ចិត្ដ ជុំវិញការធ្វើអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិន រូបនេះផងដែរ។

នៅពេលមានការសាកសួរ អំពីជំហររបស់គាត់ ថាតើគ្រីមៀ (Crimea) ជាផ្នែកមួយរបស់ប្រទេសអ៊ុយក្រែន ឬយ៉ាងណានោះ លោកឯកអគ្គរដ្ឋទូតចិន លូ សាយេ បានអះអាង នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍របស់បារាំង កាលពីថ្ងៃសុក្រ ថា បើតាមប្រវត្តិសាស្ត្រ បង្ហាញថា ឧបទ្វីបមួយនេះ ក៏ជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី ហើយត្រូវបានផ្តល់ ជូនទៅអ៊ុយក្រែន ដោយអតីតមេដឹកនាំសូវៀត លោក នីគីតា គ្រូសឆែវ (Nikita Khrushchev)។

លោកឯកអគ្គរដ្ឋទូតចិន រូបនេះ បានបញ្ជាក់ ថា «បណ្តាប្រទេស ជាអតីតសហភាពសូវៀត ទាំងនេះ មិនមានឋានៈពិតប្រាកដ នៅក្នុងច្បាប់អន្តរជាតិ នោះឡើយ ពីព្រោះពួកគេមិនមានកិច្ចព្រមព្រៀង ជាអន្តរជាតិ សម្រាប់ការសម្រេចបាននូវឋានៈអធិបតេយ្យភាពរបស់ពួកគេ»។

ការអត្ថាធិប្បាយរបស់បេសកជនចិន រូបនេះ មិនត្រឹមតែសំដៅទៅលើអ៊ុយក្រែន ក្រោយពេលរុស្ស៊ី បានឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ប៉ុណ្ណោះទេ ហើយថែមទាំង បាននិយាយសំដៅ ទៅលើអតីតសហភាពសូវៀតទាំងអស់ ដែលបានក្លាយជាប្រទេសឯករាជ្យ  ក្រោយការដួលរលំរបស់សហភាពសូវៀត នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១៩៩១ រួមទាំង សមាជិកជាច្រើន នៃសហភាពអឺរ៉ុប ផងដែរ។

លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhaylo Podolyak) ជំនួយការរបស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានឆ្លើយតប ទៅនឹងការធ្វើអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅប្រទេសបារាំង រូបនេះ ថា ឋានៈរបស់បណ្តាប្រទេសនានា ក្រោយពេលសហភាពសូវៀត បានដួលរំលំ ត្រូវបានចែង នៅក្នុងច្បាប់អន្តរជាតិ។

លោក ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន រូបនេះ បាននិយាយសំដៅ ទៅលើប្រទេសចិន ថា «វាជារឿងចម្លែក ក្រោយពេលបានឮការលើកឡើង មិនសមហេតុផល សម្រាប់ប្រវត្តិសាស្ត្រឧបទ្វីគ្រីមៀ អំពីតំណាងរបស់ប្រទេសមួយ និយាយមិនមានភាពច្បាស់លាស់ អំពីប្រវត្តិសាស្ត្ររបស់អ៊ុយក្រែន កាលពី១០០០ឆ្នាំមុន។

ប្រទេសបារាំង បានបញ្ជាក់ ថា «ក្រុងប៉ារីស នៅតែឈរលើសាមគ្គីភាពដ៏ពេញលេញរបស់ខ្លួន ជាមួយនឹងបណ្ដាប្រទេស ជាសម្ពន្ធមិត្តទាំងអស់ ដែលរងផលប៉ះពាល់។ បារាំង បានទទួល អំពីឯករាជ្យរបស់បណ្ដាប្រទេសទាំងនោះ ក្រោយពេលបានរងការជិះជាន់ អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក។ ជាពិសេស អ៊ុយក្រែន ត្រូវបានទទួលស្គាល់ ជាអន្តរជាតិ នៅក្នុងព្រំដែន រួមទាំងគ្រីមៀ នៅក្នុងឆ្នាំ១៩៩១ ដោយសហគមន៍អន្តរជាតិទាំងមូល រួមទាំង ប្រទេសចិន ផងដែរ។ ដូច្នេះក្រុងប៉េកាំង នឹងត្រូវបញ្ជាក់ ថាតើការធ្វើអធិប្បាយទាំងនេះ ឆ្លុះបញ្ចាំង អំពីគោលជំហររបស់ខ្លួនឬយ៉ាងណា។

រដ្ឋបាល់ទិក ចំនួន៣ ដែលកាលពីមុន ជាផ្នែករបស់សហភាពសូវៀត មានប្រតិកម្មដូចគ្នាទៅនឹងប្រទេសបារាំង ផងដែរ។

លោក អេដហ្ការស៍ រីនខេវិកស៍ (Edgars Rinkevics) រដ្ឋមន្ត្រី ក្រសួងការបរទេសឡាតវី បានសរសេរ នៅលើបណ្ដាញសង្គម Twitter ថា «ការធ្វើអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសបារាំង រូបនេះ ទាក់ទងនឹងច្បាប់អន្តរជាតិ និង អធិបតេយ្យភាពរបស់ប្រទេសនានា គឺមិនអាចទទួលយកបាននោះឡើយ។ ប៉ុន្ដែយើងរំពឹង ថា នឹងមានការពន្យល់ ពីភាគីចិន និងការដកចេញទាំងស្រុងនូវសេចក្តីថ្លែងការណ៍បែបនេះ»។

លោក ហ្គេប្រៀលីយូស ឡែនស្ប៊ឺហ្គីស (Gabrielius Landsbergis) រដ្ឋមន្ត្រី ក្រសួងការបរទេសលីទុយអានី បានបញ្ជាក់ ថា ប្រសិនបើអ្នកណាម្នាក់ នៅតែឆ្ងល់ ថា ហេតុអ្វីបានជារដ្ឋបាល់ទិកមិនទុកចិត្ត យកប្រទេសចិន ឱ្យធ្វើជាអាជ្ញាកណ្ដាលចរចាសន្តិភាព នៅអ៊ុយក្រែន? នេះគឺដូចអ្វីដែលឯកអគ្គរដ្ឋទូតចិន បានអះអាង ថា គ្រីមៀ (Crimea) ជារបស់រុស្ស៊ី ហើយព្រំដែនរបស់ប្រទេសយើង មិនមានមូលដ្ឋានផ្លូវច្បាប់អ៊ីចឹងដែរ។

ក្រុងមូស្គូ និង ប៉េកាំង បានបង្កើនកិច្ចសហប្រតិបត្តិការ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងទៅថ្មីៗនេះ។ ប៉ុន្ដែក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ក្រុងប៉េកាំង អំពីការពិចារណា លើការនាំចេញគ្រឿងសព្វាវុធ ទៅជួយដល់ក្រុងម៉ូស្គូ។ ដោយឡែក ប្រទេសចិន បានបដិសេធនូវការអះអាងបែបនេះ ហើយតែងតែព្យាយាមបង្ហាញ ថា ក្រុងប៉េកាំង ជាភាគីអព្យាក្រឹត នៅក្នុងជម្លោះ នៅអ៊ុយក្រែន។ ចំណែក ប្រទេសចិន ក៏បានស្នើឲ្យមានដំណោះស្រាយនយោបាយ មិនច្បាស់លាស់ ចំពោះវិបត្តិនេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×