Thursday, January 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិភពលោកបង្កើនការចំណាយ លើវិស័យយោធាដ៏ខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមរបស់រុស្ស៊ី

ពិភពលោក៖ ក្រោយពេលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចចិត្ត បញ្ជាកងទ័ពរបស់ខ្លួន ឲ្យបើកទ្វារព្រំដែន វាយប្រហារលុកលុយ ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះមក ធ្វើឲ្យបណ្ដាប្រទេសនានា នៅលើពិភពលោក មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាសន្ដិសុខរបស់ប្រទេសជាតិខ្លួន ហើយបង្កើននូវការចំណាយយ៉ាងខ្លាំងបំផុត លើវិស័យយោធា ច្រើនជាងពេលណាណាទាំងអស់។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ ថា បើតាមវិទ្យាស្ថានសិក្សា អំពីគោលនយោបាយសង្គម យុទ្ធសាស្រ្ដនយោបាយ សេដ្ឋកិច្ច យោធា បច្ចេកវិទ្យា និង វប្បធម៌ think tank ដែលជាអង្គការមិនស្វែងរកប្រាក់ចំណូល បានឲ្យដឹង ថា ការចំណាយលើវិស័យយោធារបស់ពិភពលោក បានកើនឡើងយ៉ាងខ្ពស់បំផុត រហូតដល់ ២,២៤ពាន់ពាន់លានដុល្លារ ($2.24 trillion=$2 240 000 000 000) ដោយសារតែការលុកលុយរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង និងបង្កើននូវការចំណាយ លើវិស័យយោធាយ៉ាងច្រើនបំផុត នៅទូទាំងអឺរ៉ុប។

វិទ្យាស្ថានស្រាវជ្រាវសន្ដិភាពអន្ដរជាតិស្ដុកខម (Stockholm) ហៅកាត់ SIPRI បានបញ្ជាក់ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ស្ដីអំពីការចំណាយលើវិស័យយោធា កាលពីថ្ងៃចន្ទ ថា ការចំណាយលើវិស័យយោធារបស់ពិភពលោក បានកើនឡើងខ្ពស់បំផុត នៅក្នុងរយៈពេល៨ឆ្នាំជាប់ៗគ្នាមកនេះ។ តំបន់អឺរ៉ុប បានចំណាយកើនឡើង រហូតដល់១៣ភាគរយ ដែលជាការចំណាយដ៏ខ្ពស់បំផុត យ៉ាងតិច៣០ឆ្នាំ។

វិទ្យាស្ថាន SIPRI បានសង្កត់ធ្ងន់ ថា ការចំណាយដ៏ច្រើន លើវិស័យយោធារបស់បណ្ដាប្រទេសនានា នៅលើពិភពលោក មានការជាប់ពាក់ព័ន្ធនឹងសង្គ្រាម រវាងរុស្ស៊ី និង អ៊ុយក្រែន។ ចំណែកការចំណាយលើវិស័យយោធារបស់បណ្ដាប្រទេសនានា នៅតំបន់អឺរ៉ុប ក៏ដើម្បីត្រៀមខ្លួនទុកជាមុន សម្រាប់ទប់ទល់នឹងការគំរាមកំហែងរបស់រុស្ស៊ី។

លោក ណាន ទៀន (Nan Tian) អ្នកស្រាវជ្រាវជាន់ខ្ពស់របស់កម្មវិធីចំណាយលើវិស័យយោធា និង ផលិតផលគ្រឿងយុទ្ធោបករណ៍របស់ SIPRI បានបញ្ជាក់ ថា «ការកើនឡើងជាបន្តបន្ទាប់ លើការចំណាយ សម្រាប់វិស័យយោធារបស់ពិភពលោក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ជាសញ្ញាមួយ បង្ហាញ ថា យើងកំពុងតែរស់នៅលើពិភពលោកមួយ មិនមានការធានាសន្ដិសុខ កាន់តែខ្លាំងឡើង។ ស្របគ្នានេះ បណ្ដារដ្ឋនានា កំពុងតែពង្រឹងនូវកម្លាំងយោធា ដើម្បីឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខ កាន់តែយ៉ាប់យ៉ឺន ដោយសារតែពួកគេមិនរំពឹងទុក ថា នឹងមានសន្ដិសុខល្អប្រសើរឡើង នាពេលខាងមុខ»។

វិទ្យាស្ថាន SIPRI បានបន្ដ ថា រដ្ឋាភិបាលក្រុងមូស្គូ បានឈ្លានពាន និង រឹបអូសយកឧបទ្វីបគ្រីមៀ (Crimea) របស់អ៊ុយក្រេន នៅក្នុងឆ្នាំ២០១៤ ដោយមិនមានការបង្ហូរឈាម ហើយគាំទ្រដល់ចលនាបំបែកខ្លួនរបស់ក្រុមផ្ដាច់ខ្លួន ស្ថិតនៅភាគខាងកើត នៅមុនពេលរុស្ស៊ី បានបើកការលុកលុយទ្រង់ទ្រាយធំ នៅថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២២ ប្រឆាំងនឹងអ៊ុយក្រែន។ សកម្មភាពយោធាបែបនេះ ក៏បានប្រកាសអាសន្ន នៅក្នុងចំណោមបណ្ដាប្រទេសផ្សេងៗទៀត ដែលនៅជិតខាងនឹងរុស្ស៊ី ឬ ប្រទេសនានា ធ្លាប់ស្ថិតក្រោមបរិយាកាសឥទ្ធិពលរបស់សហភាពសូវៀតជាដើម។ ជាមួយគ្នានេះ ហ្វាំងឡងដ៍ បានបង្កើនការចំណាយ រហូតដល់៣៦ភាគរយ ខណៈលីទុយអានី ក៏បានបង្កើននូវការចំណាយលើវិស័យយោធា រហូតដល់២៧ភាគរយ។

ប្រទេសហ្វាំងឡង់ដ៍ មានព្រំដែន ប្រវែង ១៣៤០គីឡូម៉ែត្រ ជាប់ជាមួយនឹងរុស្ស៊ី ហើយបានបោះបង់ចោលនូវគោលនយោបាយអព្យាក្រឹតរបស់ខ្លួ ធ្លាប់ប្រកាន់ខ្ជាប់ អស់រយៈពេលរាប់ទសវត្សរ៍កន្លងមក ហើយបានដាក់ពាក្យសុំចូល ជាសមាជិករបស់អង្គការណាតូ ក្រោយពេលក្រុងមូស្គូ បានលុកលុយ ទៅលើប្រទេសអ៊ុយក្រែន។ ថ្វីបើមានការគំរាមកំហែង ពីរុស្ស៊ី យ៉ាងណាក្ដី នៅទីបំផុត ប្រទេសអឺរ៉ុបខាងជើងមួយនេះ ក៏បានក្លាយជាសមាជិកទី៣១របស់អង្គការណាតូ នៅក្នុងខែមេសា។ ចំណែកស៊ុយអែត ដែលធ្លាប់តែគេចចេញពីសម្ពន្ធមិត្តយោធាណាមួយ អស់រយៈពេលជាង២០០ឆ្នាំកន្លងមកហើយនោះ ក៏នឹងចូលរួមជាមួយនឹងអង្គការសម្ពន្ធមិត្ដយោធាដ៏ខ្លាំងក្លាមួយនេះផងដែរ។

វិទ្យាស្ថាន think tank បានបញ្ជាក់ ថា អ៊ុយក្រែន បានបង្កើននូវការចំណាយ លើវិស័យយោធា កើនឡើងជាង៦ដង ជាមួយនឹងទំហំទឹកប្រាក់ ៤៤ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ នេះជាការចំណាយដ៏ខ្ពស់បំផុតរបស់ប្រទេសដែលកំពុងតែហែកហួរ ដោយសារសង្គ្រាម នៅតំបន់អឺរ៉ុបខាងកើតមួយនេះ។ ចំណែករុស្ស៊ី ក៏បានបង្កើននូវការចំណាយ លើវិស័យយោធា រហូតដល់ ៨៦,៤ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២ ដោយកើនឡើង៩,២ភាគរយ។

សហរដ្ឋអាមេរិក ជាមហាអំណាចកំពូល ទាំងយោធា និង សេដ្ឋកិច្ច បានបង្កើនការចំណាយលើវិស័យយោធា រហូតដល់៨៧៧ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២ ដែលស្មើនឹង៣៩ភាគរយ នៃការចំណាយ លើវិស័យយោធារបស់ពិភពលោក។ ចំណែកចិន ជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ២ និង មហាអំណាចយោធាលំដាប់លេខ៣របស់ពិភពលោក បានចំណាយលើវិស័យនេះ រហូតដល់២៩២ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២ ខណៈជប៉ុនចំណាយ ៤៦ពាន់លានដុល្លារ។ នេះជាការចំណាយលើវិស័យយោធាដ៏ខ្ពស់បំផុតរបស់ក្រុងតូក្យូ ចាប់តាំងពីឆ្នាំ១៩៦០មក។

វិទ្យាស្ថាន SIPRI បានបន្ថែម ថា ការចំណាយលើវិស័យយោធា នៅតំបន់បានកើតឡើងខ្ពស់ ចាប់តាំងពីឆ្នាំ១៩៨៩មក ហើយជប៉ុន និង ចិន បានចំណាយលើវិស័យយោធាខ្ពស់ជាងគេ នៅក្នុងទ្វីបអាស៊ី និង អូសេអានី ដោយមានការចំណាយចំសរុប ៥៧៥ពាន់លានដុល្លារអាមេរិក៕ រក្សាសិទ្ធដោយ ៖ សារាយSN

×