បុរសចំណាស់វ័យ ៨៩ ឆ្នាំម្នាក់ នៅប្រទេសចិន បានក្លាយជាអ្នកស៊ីឈ្នួលស្រាតឲ្យគេថតរូប ឬគូរគំនូ ដើម្បីមានលុយកាក់សម្រាប់បន្តជីវិត ។
លោកតា Wang Suzhong ជាអ្នកអាក្រាតកាយឲ្យគេថត និងគូររូប នាទីក្រុងចេងឌូ ។
ភរិយារបស់លោក Wang Suzhong បានស្លាប់ចោលគាត់តាំងពី២០ឆ្នាំមុនម្លេះ ហើយពីពេលនោះមកកូនៗរបស់គាត់ក៏ផ្តាច់ទំនាក់ទំនងជាមួយឪពុកខ្លួន ។ គាត់រស់នៅម្នាក់ឯងក្នុងផ្ទះតូចមួយ ប៉ុន្តែការឈឺចាប់បានធ្វើឲ្យលោក Wang ប្តេជ្ញាចិត្តងើបឈរតតាំងនឹងជីវិតចាស់ជរាតែម្នាក់ឯង ។
លោកបានស្វះស្វែងនិងចុះកិច្ចសន្យាធ្វើការងារមួយដែលអាចរកប្រាក់គ្រប់គ្រាន់សម្រាប់រស់នៅបាន នោះឯងគឺជារបរស្រាតឲ្យគេថតឬគូរ ។
លោកតា Wang Suzhong ចាត់ទុកការងាររបស់ខ្លួនគឺជា “សិល្បៈនៃរាងកាយ” ។
២ដងក្នុង១សប្តាហ៍ លោកតាត្រូវធ្វើដំណើរទៅកាន់សកលវិទ្យាល័យមួយចំនួន និងស្ទូឌីយោ សិល្បៈនៃទីក្រុងចេងឌូ ខេត្តសឺជាំងប្រទេសចិន ។
នៅទីនោះលោក Wang ត្រូវដោះខោអាវចេញទាំងអស់ ហើយឈរនៅពីមុខកាមេរ៉ា ប្រសិនបើកិច្ចការតម្រូវឲ្យគេថតរូបអាក្រាត ។ ក្រៅពីនោះលោកក៏ត្រូវឈរបញ្ចេញកាយវិការនៅតាមសកលវិទ្យាល័យដើម្បីឲ្យនិស្សិតគូររូប ។ លោកចាត់ទុកថា ការងាររបស់ខ្លួនគឺជាសិល្បៈនៃរាងកាយ ហើយថារាងកាយរបស់មនុស្សចាស់ដូចលោកល្អម្យ៉ាងដែរ ។
ពេលវេលាដែលនៅសេសសល់ លោកក៏រវល់ជាការដាំស្ល បោកអ៊ុតសម្លៀកបំពាក់របស់ខ្លួន ។
ពិតណាស់អ្នកដែលអាម៉ាស់ពុំមែនខ្លួនគាត់ទេ នោះគឺជាកូនៗរបស់គាត់ ៕ ចន្ទ្រា