ភ្នំពេញ ៖ ពិធីបុណ្យដ៏អធិកធម បញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់ អ្នកឧកញ៉ាមហាភក្ដី សប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក ត្រូវបានប្រព្រឹត្តធ្វើឡើងក្នុង វត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងលិចបន្តិចនៃស្ពានអាកាស ៧ មករា ឬស្ពានអាកាសផ្សារដីហុយ) មានរយៈពេល ៣យប់ ៤ថ្ងៃ ចាប់ពីរសៀលថ្ងៃទី២១-២៤ ខែមេសា ឆ្នាំ២០២៣ នេះ ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា ការកសាងវត្តព្រះបារមីវង្កតបុរីឱ្យកាន់តែរីកចម្រើនផ្នែកពុទ្ធសាសនា នេះ មិនសម្រាប់តែត្រកូល «ហ៊ុន» និងត្រកូល «ឌី» ប៉ុណ្ណោះទេ តែគឺ សម្រាប់ប្រជាពលរដ្ឋទូទៅផងដែរ។

ការថ្លែងបែបនេះរបស់ សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ក្នុងឱកាសដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ ពុទ្ធាភិសេក និងឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះបារមីវង្កតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយក្ដីរំពឹងថា កូនចៅត្រកូល «ហ៊ុន» និងត្រកូល «ឌី» នឹងមិនបោះបង់វត្តព្រះបារមីវង្កតបុរីនោះទេ ហើយបន្តជួយជ្រោមជ្រែងគាំទ្រដល់វត្តនេះរហូតទៅ, ហើយការកសាងទីអារាមនៅទីនេះ វាមិនគ្រាន់តែជាទីអារាមសម្រាប់ផ្នូរមាតា បិតា របស់ខ្ញុំប៉ុណ្ណោះទេ ក៏ប៉ុន្តែ សម្រាប់ពុទ្ធបរិស័ទចំណុះជើងវត្ត និងអ្នកដទៃទៀត ដែលមានជំនឿលើព្រះពុទ្ធសាសនា ដែលខ្ញុំព្រះករុណាខ្ញុំគិតថា នេះជាចំណងទាក់ទងដ៏ប្រសើររវាងអាណាចក្រ និងពុទ្ធចក្រ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ព្រះសង្ឃ អាចារ្យ អាចារិនី អំពីទំនាក់ទំនងរវាងពុទ្ធចក្រ និងអាណាចក្រ ទាក់ទងនឹងប្រវត្តិ វត្តមួយនេះថា តាំងពីដំបូងមក វត្តព្រះបារមីវង្កតបុរីនេះ គេហៅថា វត្តទួលក្រសាំង, កាលដើមឡើយ គឺជាទីទួលដែលសម្បូរទៅដោយដើមក្រសាំងតូចធំ ហើយនៅរដូវវស្សាទីទួលនេះមិនលិចទឹកនោះទេ។ លុះក្នុងសម័យប្រទេសជាតិធ្លាក់ចូលទៅក្នុងកលិយុគចន្លោះឆ្នាំ១៩៧៣ ដល់ ឆ្នាំ១៩៧៥ ទីទួលវត្តមួយនេះ បានក្លាយជាទីតាំងស្នាក់អាស្រ័យសម្រាប់ការភៀសខ្លួនរបស់ប្រជាជនមកពីខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ ព្រមទាំងការនិមន្តភៀសព្រះកាយរបស់ព្រះសង្ឃផងដែរ។

អាស្រ័យដោយការគោរពប្រតិបត្តិព្រះពុទ្ធសាសនាទៅតាមលទ្ធភាពប្រជាពលរដ្ឋនាពេលនោះ បានផ្តើមគំនិតរៀបចំទីទួលនេះ ឱ្យមានសាលាឆទានមួយដែលមានឈ្មោះថា «សាលាឆទានទួលក្រសាំង» ក្នុងឆ្នាំ១៩៧៣។ ប៉ុន្តែក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ទីតាំងនេះ ត្រូវបានបំផ្លិចបំផ្លាញចោលស្ទើរអស់ទៅវិញ នៅសេសសល់តែបល្ល័ង្កព្រះតូចមួយប៉ុណ្ណោះ។ នៅពេលដែលអាណាចក្រត្រូវបានស្រោចស្រង់ ប្រជាពលរដ្ឋក៏ត្រូវបានស្រោចស្រង់ ព្រះពុទ្ធសាសនា និងសាសនាដទៃទៀត ក៏មានការរីកចម្រើន។ ជាក់ស្តែងនៅថ្ងៃនេះ យើងមកជួបគ្នា ធ្វើបុណ្យដោយគ្មានការព្រួយបារម្ភអំពីគ្រាប់បែក គ្រាប់ផ្លោងនោះទេ គឺធ្វើបុណ្យទាំងអស់គ្នា រួមគ្នាកសាងវត្តព្រះបារមីវង្កតបុរីទាំងអស់គ្នា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN




























