Sunday, June 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនខ្ចីស្ដាប់!! កូនក្រមុំដោះឈុតអាពាហ៍ពិពាហ៍ ចេញកណ្ដាលពិធី ដោយសារតែអ្នកកំដរកូនក្រមុំ…

វេបសាយ soho បានរាយការណ៍ថា កាលពីពេលថ្មីៗនេះ នៅក្នុងពិធីមង្គលការមួយក្នុងប្រទេសចិន នៅពេលកូនក្រមុំដឹងថា អ្នកកំដររបស់ខ្លួន គឺជាអតីតសង្សាររបស់កូនកំលោះ សាមីខ្លួនម្ចាស់ការទាំង២ ក៏ឈ្លោះគ្នាយ៉ាងខ្លាំង រហូតដល់កូនក្រមុំសម្រេចចិត្តដោះឈុតអាពាហ៍ពិពាហ៍ចេញកណ្ដាលពិធី ហើយដើរចេញពីរោងការភ្លាមតែម្ដង។

កូនក្រមុំ និងកូនកំលោះបានស្គាល់គ្នានៅក្នុងការណាត់ជួបគ្នាមួយ ទាំងគូ គិតថាម្នាក់ៗសុទ្ធតែជាមនុស្សល្អ និងជាគូជីវិតដែលស័ក្តិសមគ្នាបំផុត ហើយដោយមានការយល់ព្រម និងគាំទ្រពីឪពុកម្ដាយទាំងសងខាងផង ទាំង ២នាក់ក៏រៀបផែនការរៀបមង្គលការ។

តែដោយសារកូនក្រមុំ ជាកូនទោលក្នុងគ្រួសារ ហើយមិត្តភក្តិជំនាន់គ្នាក៏រៀបការអស់ហើយដែរនោះ នាងក៏សុំឱ្យកូនកំលោះ ជួយរកអ្នកកំដរកូនក្រមុំឱ្យនាងផង។

លុះដល៉ថ្ងៃរៀបការ កូនក្រមុំបានដឹងថា អ្នកកំដរកូនក្រមុំដែលកូនកំលោះរកមកឱ្យនោះ គឺជាសង្សារចាស់របស់គេហ្នឹងឯង។ ក្រោយដឹងការពិត កូនក្រមុំខឹងខ្លាំងណាស់ និងឈ្លោះជាមួយកូនកំលោះ។

កូនកំលោះខំព្យាយាមពន្យល់ថា ពិធីមង្គលការ កៀកពេលមែនទែនហើយ ហើយខ្លួនក៏មិនដឹងទៅរកអ្នកណាដែលស័ក្តិសមជាងនេះបានដែរ និងបានប្រាប់ទៀតថា ពេលនេះរូបគេ និងអតីតសង្សារនោះ គ្រាន់តែជាមិត្តភក្តិគ្នាប៉ុណ្ណោះ ហើយប្រាប់ថា សូមអូនកុំគិតអីច្រើនពេក។

តែកូនក្រមុំ មានអារម្មណ៍ថា កូនកំលោះមានចេតនាធ្វើឱ្យនាងខ្មាសគេ នាងនិយាយដោយកំហឹងថា «ខ្ញុំឈប់រៀបការជាមួយលោកហើយ លោកគួររៀបការជាមួយសង្សារចាស់របស់លោកចុះ! ព្រោះនាងបានមកដល់ទីនេះហើយ ខ្ញុំនឹងចៀសផ្លូវឱ្យនាង»

ក្រោយពីនិយាយចប់ នាងក៏ដើរចេញ តម្រង់ទៅមាត់ទ្វារដោយកំហឹង តែពេលទៅដល់មាត់ទ្វារ នាងក៏ដឹងថា នាងនៅស្លៀកឈុតអាពាហ៍ពិពាហ៍នៅឡើយ និងកំពុងកាន់បាច់ផ្កាក្នុងដៃទៀតផង។

កូនកំលោះ និងអ្នកកំដរកូនក្រមុំដែលនាំគ្នាដើរតាមនាងទៅដែរនោះ បានព្យាយាមលួងលោមបញ្ចុះបញ្ចូលឱ្យនាងចូលមកក្នុងពិធីវិញ តែនាងមិនអាចស្ដាប់អ្វីបាន ក្នុងស្ថានភាពដែលកំពុងខឹងខ្លាំងបែបនេះបានឡើយ។

នាងគប់បាច់ផ្កាចោលទៅដី ហើយដោះឈុតអាពាហ៍ពិពាហ៍ចេញពីខ្លួន ដោយមិនខ្វល់ថា មនុស្សនៅជុំវិញខ្លួននោះ គេគិតយ៉ាងណាឡើយ។

ពេលនោះ កូនកំលោះបានយកលុយថ្លៃទឹកដោះដាក់ទៅក្នុងដៃកូនក្រមុំ និងលួងលោមនាងថា «បងសុំឱ្យម្ដាយរបស់បងថែមលុយថ្លៃទឹកដោះ ១០ ០០០យន់ទៀត ជូនទៅម្ដាយអូន»

ចំណែកឯអ្នកកំដរកូនក្រមុំ ដែលជាអតីតសង្សាររបស់កូនកំលោះ ក៏ខំជួយលួងលោមកូនក្រមុំដែរ តែពាក្យសម្ដីទាំងអស់នោះ ក្លាយជាពាក្យសម្ដីដ៏គួរឱ្យខ្មាសអៀនបំផុតនៅក្នុងត្រចៀករបស់កូនក្រមុំ។ នាងកញ្ឆក់លុយពីដៃកូនកំលោះដោយទឹកមុខស្មើ ហើយបោកវាទៅលើដីយ៉ាងខ្លាំង។

ក្រោយពីទម្លាយកំហឹងរួចហើយ នាងក៏ចាកចេញទៅយ៉ាងដាច់ខាត។ កូនកំលោះ អ្នកកំដរកូនក្រមុំ និងអ្នកឯទៀតដែលស្ថិតនៅទីនោះ មើលទៅហាក់ដូចជាគ្មានអ្វីនិយាយទៀតឡើយ ចង់សម្ដែងការសោកស្ដាយ តែក៏រកថ្លែងមិនរួច។

កូនកំលោះសម្លឹងមើលលុយដែលខ្ទាតខ្ចាត់ខ្ចាយនៅលើដី ដកដង្ហើមធំ គ្រវីក្បាលយ៉ាងហួសចិត្ត ព្រោះតែមិននឹកស្មានថា ដោយសារតែភាពធ្វេសប្រហែស និងមិនគិតអ្វីច្រើនរបស់គេ បានធ្វើឱ្យពិធីមង្គលការរលាយអស់…៕

×