កាលពីពេលថ្មីៗនេះ ស្ត្រីម្នាក់ដែលរស់នៅក្នុងមណ្ឌលយូនណាន ប្រទេសចិន បានស៊ែររឿងរ៉ាវជីវិតគ្រួសាររបស់ខ្លួន និងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្ដាញសង្គមអនឡាញ។
នាងរៀបរាប់ថា ជាច្រើនឆ្នាំមកហើយ ក្នុងពេលបុណ្យតាំងពិព័រណ៍ប្រចាំឆ្នាំ នាងតែងតែបានឃើញលុយ ១ខ្ទាស់ សុទ្ធតែក្រដាស ១០០យន់ នៅក្នុងកាបូបរបស់នាង។

នាងតែងគិតរហូតមកថា ច្បាស់ជាប្ដីរបស់នាងលបដាក់ឱ្យ ដើម្បីឱ្យនាងភ្ញាក់ផ្អើលលេង និងដើម្បីឱ្យនាងមានលុយដើរសបភីងយ៉ាងសប្បាយចិត្តផង ព្រោះជាធម្មតា ប្ដីរបស់នាងតែងតែចូលចិត្តធ្វើឱ្យនាងភ្ញាក់ផ្អើលបន្តិចបន្តួចជាប់ជានិច្ច។
តែឆ្នាំនេះ ខណៈដែលនាងកំពុងតែឈរនៅជាន់លើក្នុងផ្ទះ ក៏ស្រាប់តែចៃដន្យឃើញប្ដីរបស់នាង កំពុងនៅក្នុងបន្ទប់អង្គុយលេង ឯម្ដាយក្មេករបស់នាង កំពុងដើរតម្រង់ទៅរកកាបូបលុយរបស់គាត់ និងដកយកលុយមួយចំនួនចេញមករាប់ រួចហើយគាត់ក៏ដើរទៅរកកាបូបរបស់នាង ហើយដាក់លុយទាំងនោះចូលទៅក្នុងកាបូបរបស់នាង មុននឹងដើរចេញទៅ ដោយមិនបានដឹងឡើយថា កូនប្រសាស្រី បានឃើញហេតុការណ៍គ្រប់យ៉ាង និងបានថតទិដ្ឋភាពទាំងអស់នោះទុកនៅក្នុងទូរស័ព្ទទៀតផង។

ទីបំផុតនាងក៏បានដឹងការពិតថា លុយដែលនាងទទួលបានជាកាដូភ្ញាក់ផ្អើលរៀងរាល់ឆ្នាំនោះ មិនមែនបានមកពីប្ដីរបស់នាងទេ តែបានមកពីម្ដាយរបស់ប្ដី ធ្វើឱ្យនាងដល់ថ្នាក់ស្រក់ទឹកភ្នែកទាំងមិនដឹងខ្លួនដោយក្ដីរំភើបចិត្ត។
នាងបានផូស្តឃ្លីបដែលម្ដាយក្មេកលបយកលុយមកដាក់់ឱ្យក្នុងកាបូបរបស់នាងនោះនៅក្នុងបណ្ដាញសង្គមអនឡាញ និងបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ធ្វើឱ្យអ្នកលេងអ៊ីនធើណិតជាច្រើននាក់ នឹកស្ងើចសរសើរស្ត្រីជាម្ដាយក្មេក និងនឹកច្រណែននាង ព្រោះនាងមានម្ដាយក្មេកដ៏ល្អម្នាក់។
«មើលឃ្លីបហ្នឹងហើយ ហូរទឹកភ្នែកដោយមិនដឹងខ្លួន មានអារម្មណ៍កក់ក្ដៅនៅក្នុងចិត្ត ខ្ញុំគិតថា កូនប្រសាស្រីគ្រប់រូប ពេលបានឃ្លីបនេះហើយ ត្រូវតែយំដោយសេចក្ដីសុខមិនខាន»៕









