Thursday, January 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក អះអាងថា ភាគីជម្លោះដណ្ដើមអំណាចគ្នានៅស៊ូដង់ ព្រមព្រៀងលើបទឈប់បាញ់

រដ្ឋធានីខាទូម (Khartoum)៖ ការវាយប្រយុទ្ធគ្នាដណ្ដើមអំណាច នៅក្នុងរដ្ឋាភិបាលយោធាស៊ូដង់ រវាងមេទ័ពកំពូល២រូប បានសម្លាប់មនុស្ស ជាង៤០០នាក់ និង រាប់ពាន់នាក់ផ្សេងទៀត បានរងរបួស ហើយសកម្មភាពដ៏ឃោរឃៅនេះ បានជំរុញឲ្យបណ្ដាប្រទេសជាច្រើន ត្រូវបង្ខំចិត្ដជម្លៀសក្រុមមន្រ្ដីការទូត និង ប្រជាជនរបស់ខ្លួន ចាកចេញពីប្រទេសអាហ្វ្រិកឦសានមួយនេះ ប៉ុន្ដែឥឡូវក៏មានសេចក្ដីរាយការណ៍ជាថ្មី ថា គូប្រជែងអំណាចទាំង២នេះ បានព្រមព្រៀង លើបទឈប់បាញ់គ្នា។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៤ ឆ្នាំ២០២៣ ថា លោក អេនតូនី ប៊ីលនខែន (Antony Blinken) រដ្ឋមន្រ្ដី ក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែង ថា កិច្ចព្រមព្រៀង លើបទឈប់បាញ់គ្នានេះ បានធ្វើឡើង ក្រោយការចរចាគ្នាដ៏តឹងតែងបំផុត អស់រយៈពេល២ថ្ងៃ ហើយនឹងត្រូវចាប់ផ្តើមអនុវត្ដ នៅថ្ងៃអង្គារនេះ។

សហរដ្ឋអាមេរិក បានបញ្ជាក់ ថា ភាគីជម្លោះ ដែលកំពុងតែធ្វើសង្គ្រាម វាយប្រយុទ្ធគ្នា នៅក្នុងប្រទេសស៊ូដង់ បានព្រមព្រៀងគ្នាលើបទឈប់បាញ់ រយៈពេល៧២ម៉ោង ខណៈបណ្ដាប្រទេសលោកខាងលិច អារ៉ាប់ និង អាស៊ី បានខិតខំប្រឹងប្រែង ជម្លៀសប្រជាពលរដ្ឋរបស់ខ្លួន ចេញពីប្រទេសអាហ្វ្រិកមួយនេះ។

លោក អេនតូនី ប៊ីលនខេន ប្រមុខការទូតសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា កិច្ចព្រមព្រៀង លើបទឈប់បាញ់គ្នានេះ បានធ្វើឡើង បន្ទាប់ពីការចរចាគ្នាដ៏តឹងតែង រវាងភាគីជម្លោះ នៃលោកឧត្ដមសេនីយ៍យោធាកំពូលទាំង២ អស់រយៈពេល២ថ្ងៃមក។ ភាគីជម្លោះទាំងនេះ បានព្រមព្រៀងគ្នា អនុវត្ដបទឈប់បាញ់ ចាប់ពីថ្ងៃអង្គារនេះតទៅ។

ការប្រយុទ្ធគ្នាដណ្ដើមអំណាចនេះ បានផ្ទុះឡើង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ រវាងកងកម្លាំងប្រដាប់អាវុធរបស់ស៊ូដង់ (SAF) ក្រោមការបញ្ជារបស់លោកឧត្ដមសេនីយ៍ អាប់ដែល ហ្វាតតះ អាល់-ប៊ឺរហាន់ (Abdel Fattah al-Burhan) នាយអគ្គសេនាធិការកងទ័ពស៊ូដង់ និង ជាប្រធានក្រុមប្រឹក្សាយោធាបណ្ដោះអាសន្ន (TMC) ដែលកំពុងតែគ្រប់គ្រងអំណាច នៅក្នុងប្រទេសស៊ូដង់ និង កងកម្លាំងគាំទ្ររហ័ស (RSF) ក្រោមបញ្ជារបស់លោកឧត្តមសេនីយ៍ ម៉ូហាមេដ ហាមដាន ដាហ្គាឡូ (Mohamed Hamdan Dagalo) ដែលគេស្គាល់ឈ្មោះ ជាទូទៅគឺលោកឧត្ដមសេនីយ៍ ហេមេតទី (Hemetti) ជាអនុប្រធាន TMC ។ សង្គ្រាមដណ្ដើមអំណាចគ្នា រវាងមេទ័ពកំពូល២រូប នៅក្នុងប្រទេសស៊ូដង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤២៧នាក់ បំផ្លាញមន្ទីរពេទ្យ និងសេវាកម្មផ្សេងៗទៀត ហើយបានប្រែក្លាយតំបន់លំនៅឋានរបស់ប្រជាពលរដ្ឋ ទៅជាសមរភូមិសង្គ្រាម។

លោកប្រមុខការទូតសហរដ្ឋអាមេរិក បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «នៅក្នុងអំឡុងពេលនេះ សហរដ្ឋអាមេរិក ជំរុញឱ្យកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និង កម្លាំងគាំទ្ររហ័ស (RSF) រក្សាបទឈប់បាញ់ជាបន្ទាន់ និង រក្សាឲ្យបានពេញលេញ។ ប៉ុន្ដែដើម្បីគាំទ្រដល់ការបញ្ចប់នូវការវាយប្រយុទ្ធគ្នាឲ្យបានយូរអង្វែងនោះ សហរដ្ឋអាមេរិក នឹងសម្របសម្រួលជាមួយប្រទេសជាដៃគូនានា នៅក្នុងតំបន់ និង សហគមន៍អន្តរជាតិ ហើយអ្នកពាក់ព័ន្ធនឹងជនស៊ីវិលស៊ូដង់»។

លោក អង់តូនីញ៉ូ ហ្គូទែររ៉េស (Antonio Guterres) អគ្គលេខាធិការ អង្គការសហប្រជាជាតិ បានបញ្ជាក់ ថា «អំពើហិង្សា នៅក្នុងប្រទេសដែលជាប់នឹងសមុទ្រក្រហម ឧបទ្វីបអាហ្រ្វិក និងតំបន់សាហេល (Sahel) គឺជាការប្រថុយប្រថាន នឹងគ្រោះមហន្ដរាយ ដែលនឹងអាចអូសទាញតំបន់ទាំងមូលនេះ និង តំបន់ផ្សេងៗទៀត ឲ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម»។

ជាមួយគ្នានេះ លោកប្រមុខ អង្គការសហប្រជាជាតិ ក៏បានជំរុញដល់ប្រទេសចំនួន១៥ ជាសមាជិករបស់ក្រុមប្រឹក្សា អង្គការសហប្រជាជាតិ ត្រូវតែប្រើប្រាស់សិទ្ធិអំណាចរបស់ពួកគេ ដើម្បីអូសទាញប្រទេសស៊ូដង់ ឲ្យវិលត្រឡប់ទៅរកមាគ៌ាដ៏ល្អ សម្រាប់លទ្ធិប្រជាធិបតេយ្យ ក្រោយការធ្វើរដ្ឋប្រហារយោធា កាលពីអំឡុងឆ្នាំ២០២១ បានផ្ដួលរំលំរបបគ្រប់គ្រងរបស់មេដឹកនាំកាន់អំណាចយ៉ាងយូរ គឺលោក អូម៉ា អាល់-បាស៊ារ (Omar al-Bashir) នៅក្នុងអំពើបះបោរដ៏ខ្លាំងក្លាមួយ។

លោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ ថា «យើងទាំងអស់គ្នា ត្រូវតែធ្វើអ្វីៗគ្រប់យ៉ាង នៅក្នុងអំណាចរបស់យើង សម្រាប់អូសទាញប្រទេសស៊ូដង់ ឲ្យចេញពីមាត់ជ្រោះមរណ … វិលត្រឡប់ទៅរកមាគ៌ាដ៏ត្រឹមត្រូវ។ យើងឈរនៅជាមួយពួកគេ នៅក្នុងគ្រាដ៏អាក្រក់នេះ។ ប៉ុន្ដែយើងក៏បានអនុញ្ញាតឱ្យមានការផ្លាស់ប្តូរទីតាំងជាបណ្តោះអាសន្ន សម្រាប់បុគ្គលិក និង ក្រុមគ្រួសារមន្រ្ដីរបស់អង្គការសហប្រជាជាតិ មួយចំនួន នៅក្នុងគ្រាអាសន្ននេះ»។

ស្ថិតក្នុងស្ថានការណ៍វាយប្រយុទ្ធគ្នាយ៉ាងសាហាវបែបនេះ ក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ ក៏មានផែនការជួបប្រជុំគ្នា ស្ដីពីប្រទេសស៊ូដង់ នៅថ្ងៃអង្គារនេះ។ ដោយឡែកការវាយប្រយុទ្ធគ្នា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ រួមទាំងជនជាតិស៊ូដង់ និង ពលរដ្ឋរស់នៅជាប្រទេសជិតខាង រត់ភៀសខ្លួន ទៅកាន់ប្រទេសអេហ្ស៊ីប ឆាដ និង ស៊ូដង់ខាងត្បូង បើទោះជាមានអស្ថិរភាព និង មានជីវភាពដ៏លំបាកយ៉ាងណាដោយ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×