រដ្ឋធានីណៃពិដោ៖ ក្រោយពេលមានសេចក្ដីរាយការណ៍ អំពីកងទ័ពរបស់របបយោធាមីយ៉ាន់ម៉ា បានដើរដុតបំផ្លាញផ្ទះសម្បែងរបស់ប្រជាជន នៅតាមភូមិ អស់ប្រហែល៧០០ខ្នង កាលពីប៉ុន្មានថ្ងៃមុននេះ ធ្វើឲ្យក្រុមចលនាតស៊ូប្រដាប់អាវុធ នៅក្នុងប្រទេសអាស៊ានមួយនេះ កាន់តែខឹងសម្បា វាយប្រហារសងសឹក សម្លាប់ក្រុមមន្រ្ដីរបស់រដ្ឋាភិបាលសឹក នៅទីក្រុងណៃពិដោ ចំនួន២៨នាក់ ហើយក្នុងនោះមានមេបញ្ជាការកងវរសេនាតូច ចំនួន៣នាក់ និង មន្រ្ដីបោះឆ្នោតម្នាក់ផងដែរ។

សារព័ត៌មានភូមា The Irrawaddy បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ ថា កម្លាំងទាហានរបស់របបសឹកមីយ៉ាន់ម៉ា យ៉ាងហោចណាស់ ចំនួន២៨នាក់ រួមទាំងមេបញ្ជាការកងវរសេនាតូច ចំនួន៣នាក់ និង ប្រធានបោះឆ្នោតម្នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រយុទ្ធគ្នា អស់រយៈពេល៣ថ្ងៃកន្លងមកនេះ។ បច្ចុប្បន្ន កម្លាំងការពារប្រជាជន (PDF) ត្រូវបានបង្កើតឡើង ក្រោយអំពើរដ្ឋប្រហារយោធា ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ និង ក្រុមអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAO) បានបង្កើនការវាយប្រហារ ប្រឆាំងនឹងគោលដៅនានារបស់របបសឹកមីយ៉ាន់ម៉ា នៅទូទាំងប្រទេស។ ប៉ុន្ដែក្រុមយុទ្ធជនរបស់ក្រុមចលនាតស៊ូ ចំនួន៣នាក់ ក៏បានបាត់បង់ជីវិត នៅក្នុងការប៉ះទង្គិចគ្នា និង ការវាយប្រហារតាមការអាកាស ពីរបបសឹកមីយ៉ាន់ម៉ា ផងដែរ។

ប្រធានគណៈកម្មការបោះឆ្នោតសហព័ន្ធន៍ ដែលបានតែងតាំង ដោយរបបសឹកមីយ៉ាន់ម៉ា ត្រូវបានគេលបធ្វើឃាត ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្ដសញ្ញាណ នៅក្នុងទីក្រុងពាណិជ្ជកម្មយ៉ាងហ្គូន (Yangon) ។ ឧប្បត្ដិហេតុនេះ ត្រូវបានគេរាយការណ៍ នៅក្នុងទីក្រុងយ៉ាងហ្គូន តំបន់បាហ្គោ (Bago) និង តំបន់ម៉ានដាឡាយ (Mandalay) ហើយរដ្ឋឈីន ( Chin) រដ្ឋកាឈីន (Kachin) និង រដ្ឋសាន។
បណ្ដាញផ្សព្វផ្សាយក្នុងស្រុក និង គេហទំព័រ គាំទ្ររដ្ឋាភិបាលសឹក បានរាយការណ៍ ថា លោក អ៊ុយ សៃ ខ្យៅ ធូ (U Sai Kyaw Thu) អគ្គនាយករង គណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធន៍ ដែលបានតែងតាំងដោយរបបសឹក ត្រូវគេលបបាញ់សម្លាប់ ដោយក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្ដសញ្ញាណ នៅក្នុងទីប្រជុំជនធីនហ្កាងយុន (Thingangyun) ទីក្រុងយ៉ាងហ្គូ កាលពីថ្ងៃសៅរ៍។ ចំណែកអតីតវរសេនីយ៍ម្នាក់ ក៏បានរងការវាយប្រហារ ខណៈគាត់កំពុងតែបើករថយន្ដ ត្រឡប់ទៅផ្ទះ តែម្នាក់ឯង។

ដោយឡែកការប៉ះទង្គិចគ្នាផ្សេងទៀត រវាងកម្លាំងចលនាតស៊ូ និង កងទ័ពរបស់របបសឹក បានបណ្ដាលឲ្យទាហានរបស់រដ្ឋាភិបាល ជាច្រើននាក់ស្លាប់ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ ជាមួយគ្នានេះ ក៏មានសេចក្ដីរាយការណ៍ អំពីការវាយប្រហារ តាមអាកាសពីរដ្ឋាភិបាលមីយ៉ាន់ម៉ា និង ក្រុមទាហានរដ្ឋាភិបាល បានដើរដុតផ្ទះរបស់ប្រជាជន ប្រហែល៧០០ខ្នង កាលពីពេលថ្មីៗនេះ។
ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ក្រោយពេលលោកឧត្ដមសេនីយ៍ មីន អ៊ោងហ្លាំង (Min Aung Hlaing) បានដឹកនាំកងទ័ព រឹបអូសអំណាច ពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អំពើរដ្ឋប្រហារនេះ បានបង្កឲ្យមានបាតុកម្មតវ៉ាប្រឆាំង និង ការបង្ក្រាបយ៉ាងឃោរឃៅ ពីកងកម្លាំងរបស់រដ្ឋាភិបាលសឹក៕ រក្សាសិទ្ធដោយ ៖ សារាយSN
















